សង្គម​ស៊ីវិល​មើលឃើញ​ផ្សេង​ពី​អ្វី​ដែល​លោក ហ៊ុន សែន ប្រាប់​​​​​​​​មន្ត្រី​UN ថា កម្ពុជា​បើកចំហ​សេរីភាព​បញ្ចេញមតិ

0
23
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ជួប​លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​វិមាន​សាមគ្គីភាព កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ២​០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ជួប​លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​វិមាន​សាមគ្គីភាព កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ២​០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថា កម្ពុជា​បើកចំហ​ឱ្យ​មាន​ការ​បញ្ចេញមតិ និង​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​ការអនុវត្ត​សិទ្ធិ​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​។ ការ​លើកឡើង​នេះ ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឆ្លើយតប​ថា ស្ថានភាព​សិទ្ធិមនុស្ស​គួរតែ​វាយតម្លៃ​តាម​ការអនុវត្ត​ជាក់ស្តែង មិនមែន​ត្រឹម​ការ​អះអាង​របស់​រដ្ឋាភិបាល​នោះ​ទេ។

អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា នៅក្នុង​ជំនួប ជាមួយ​អះអាង​ថា សិទ្ធិ​រស់រាន​មានជីវិត សន្តិភាព និង​ស្ថិរភាព គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការធានា​សិទ្ធិ និង​សេរីភាព​ផ្សេងៗ រួម​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

លោក ជា ធីរិទ្ធ អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បើកទូលាយ ឱ្យ​មាន​ការ​បញ្ចេញមតិ និង​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​ការអនុវត្ត​សិទ្ធិ​ទាំងអស់ ត្រូវ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។ លោក ថា ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សង្ឃឹមថា អ្នករាយការណ៍​ពិសេស​រូប​នេះ នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​លើកកម្ពស់ វឌ្ឍនភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក ជា ធីរិទ្ធ៖ «​យ៉ាងណាក៏ដោយ សម្ដេច​តេជោ ក៏​លើកឡើង​ដែរ​ថា វា​ច្បាស់​ណាស់ ប្រទេស​ណា​នៅ​លើ​សកលលោក​ក៏ដោយ ការអនុវត្ត​ប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស​នោះ សេរីភាព​នៃ ការ​បញ្ចេញមតិ ដែល​ជា​ការ​លើកឡើង​នោះ គឺ​គ្មាន​ប្រទេស​ណាមួយ​ដែល​អនុវត្ត​បាន​ល្អឥតខ្ចោះ​នោះ​ទេ​។ វា​ដែង​តែ​មាន​ចំណុច​ខ្វះខាត ក៏ប៉ុន្តែ ការ​ខ្វះខាត​នោះ​ត្រូវ បាន​កែ​តម្រូវ និង​បាន​ស្ថាបនា​ជា​បន្តបន្ទាប់»។

លោក ជា ធីរិទ្ធ បាន​អះអាង​ថា លោក ថម អេនឌ្រូ បាន​អរគុណ​ចំពោះ​ការ​ទទួល​ជួប​នេះ និង​ចាត់ទុកថា ជា​សញ្ញា​បង្ហាញ​ពី​ការ​បើកចំហ​ចំពោះ​កិច្ច​សន្ទនា​អំពី​សិទ្ធិមនុស្ស​។ លោក ថម អេនឌ្រូ បាន​ប្រៀបធៀប​ថា ក្នុងអំឡុងពេល​បំពេញ​តួនាទី​ជា​អ្នករាយការណ៍​ពិសេស​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា លោក​មិន​ធ្លាប់​មានឱកាស​ជួប​ថ្នាក់ដឹកនាំ​កំពូល​ដូច​នៅ​កម្ពុជា​នោះ​ទេ។

ប៉ុន្តែ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ត្រឹម​ត្រូវតែ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ លោក ថា ការវាយតម្លៃ​សិទ្ធិមនុស្ស គួរតែ​គ្រប​ដណ្តប់​លើ​សិទ្ធិ​ពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ដែល​ជា​សិទ្ធិ​ទាក់ទង​គ្នា និង​មិនអាច​បំបែកចេញ​ពី​គ្នា​បាន​ហើយ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​នៅតែ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្​។

លោក​បាន​បន្ថែម​ថា ស្ថានភាព​សិទ្ធិមនុស្ស​មិនអាច​វាយតម្លៃ​តាម​ការប្រកាស ឬ​ការ​លើកឡើង​របស់​រដ្ឋាភិបាល​តែមួយ​មុខ​បានទេ ប៉ុន្តែ​ត្រូវ​ឆ្លុះបញ្ចាំង​តាម​ការអនុវត្ត​ជាក់ស្តែង និង​ការអនុវត្ត​កាតព្វកិច្ច​ដែល​កម្ពុជា​បាន​ទទួលយក​ក្រោម​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​។ លោក ជឿជាក់​ថា អ្នករាយការណ៍​ពិសេស​របស់ UN នឹង​បំពេញបេសកកម្ម​ដោយ​ឯករាជ្យ និង​ផ្អែកលើ​ការវាយតម្លៃ​វិជ្ជាជីវៈ មិនមែន​តាម​ការណែនាំ ឬ​សម្ពាធ​ពី​រដ្ឋាភិបាល​ណាមួយ​ឡើយ។

លោក ស៊ឹង សែនករុណា៖ «​ខ្ញុំ​ជឿជាក់​ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ គេ​មិន​ស្តាប់ តាម​ការណែនាំ​របស់​មេ​ដឹកនាំ​នៃ​ប្រទេស​មួយៗ​ទេ គេ​មើល​តាម​អ្វី​ដែល​ជា​ស្ថានភាព​ជាក់ស្តែង ទៅតាម​ចំណេះ​ជំនាញ និង​វិជ្ជាជីវៈ​របស់​គេ​។ អញ្ចឹង គេ​មាន​ឯករាជ្យភាព​របស់​គេ ក្នុង​ការ​វាយតម្លៃ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស មួយៗ​ហ្នឹងឯង​។ អញ្ចឹង ទោះបី​មានការ​លើកឡើង​ក្នុង​ន័យ រឹតត្បិត គំរាមកំហែង​ជាមុន​អី​ក៏ដោយ ក៏​ខាង​អ្នកជំនាញ​គេ​នឹង​ធ្វើការ​របស់​គេ តាម​វិជ្ជាជីវៈ​ដដែល​ទេ»។

ទាក់ទង​នៅ​នឹង​បញ្ហា​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ LICADHO លោក អំ សំអាត បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា អង្គការ​សង្គម​ស៊ីវិល សង្ឃឹមថា​អ្នករាយការណ៍​ពិសេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ នឹង​បំពេញ ការងារ និង​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ និង​មាន​កិច្ចសហការ​ជាមួយ រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាព​ល្អ​ប្រសើរ។

លោក ថម អេន​ឌ្រូ កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ដើម្បី​ប្រមូល​ព័ត៌មាន និង​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ជម្លោះព្រំដែន សេរីភាព​បញ្ចេញមតិ សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។ លោក​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន តំណាង​សង្គម​ស៊ីវិល ជនរងគ្រោះ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត។

កន្លងទៅ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ថា លោក​នឹង​បន្ត​កម្ទេច​ក្រុមប្រឆាំង​ឥត​ឈប់ឈរ​រហូត​ទាល់តែ​អស់ពី​ទឹកដី​ខ្មែរ ហើយ​ថ្មីៗ​នេះ លោក​ក៏បាន​គំរាម «​ងើប​មួយ​វាយ​មួយ​» ទៅលើ​ពលរដ្ឋ និង​ក្រុម​នយោបាយ​ណា​ដែល​ហ៊ាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​គ្រឹះ​នៃ​អំណាច​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ទៀត​ផង។

តាម​អង្គការ​លីកាដូ គិត​មកដល់ពេលនេះ មាន​ពលរដ្ឋ អ្នកសារព័ត៌មាន អ្នកការពារ​បរិស្ថាន សកម្មជន​សង្គម និង​នយោបាយ សរុប​ជាង​១០០​នាក់​ហើយ​កំពុង​ជាប់ឃុំ​ដោយសារ​ការប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​អំពី​បញ្ហា​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ