ក្រសួង​មហាផ្ទៃ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចំនួន​៩៨​កន្លែង​នៅ​ដើមឆ្នាំ​២០២៦

0
96
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​ឆែកឆេរ ករណី​លបលួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ភូមិ​សាលាកំរើក សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២ ធ្នូ ២០២៥។ រូប៖ ទទក
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​ឆែកឆេរ ករណី​លបលួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ភូមិ​សាលាកំរើក សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២ ធ្នូ ២០២៥។ រូប៖ ទទក

​ក្រសួងមហាផ្ទៃ​បង្ហាញ​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​ដោយ​គិត​ត្រឹម​រយៈពេល​ជាង​ពីរ​ខែ​ដើមឆ្នាំ​២០២៦​នេះ គឺ​មាន​ចំនួន​៩៨​កន្លែង​ដោយ​ឃាត់ខ្លួន​មនុស្ស​ជិត ៦​ពាន់ (៥.៧៧១)​នាក់។ អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ឧស្សាហកម្ម​ឆបោក​នេះ កើតឡើង ពោល​គឺ​មិន​ត្រឹមតែ​បង្ក្រាប​លើ​អាគារ​ដែល​បម្រើ​សកម្មភាព​បោកប្រាស់​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ នៅ​ថ្ងៃទី​១៧ ខែមីនា បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ថា គិត​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ដល់​ថ្ងៃទី​១៤ ខែមីនា ដើមឆ្នាំ​២០២៦​នេះ សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ទៅលើ​ទីតាំង​ឆបោក​ចំនួន​៩៨​កន្លែង។ លោក​បញ្ជាក់​ថា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មាន​ចំនួន​៦៦​កន្លែង ខេត្តកំពត​ចំនួន​៨​កន្លែង ស្វាយរៀង ៧​កន្លែង បាត់ដំបង​៤​កន្លែង ខណៈ​ខេត្ត​ត្បូងឃ្មុំ ខេត្តសៀមរាប បន្ទាយមានជ័យ និង​ព្រះសីហនុ មាន​ចំនួន​២​កន្លែង​ដូចគ្នា។ រីឯ​ខេត្ត​ដទៃទៀត ដូចជា​ខេត្តមណ្ឌលគិរី ព្រៃវែង កណ្តាល កោះកុង និង​ខេត្តកំពង់ស្ពឺ សមត្ថកិច្ច​បង្ក្រាប​បាន​ទីតាំង​ឆបោក​តាម​អនឡាញ​មួយ​កន្លែង​ដូចគ្នា។ ទោះជា​យ៉ាងណា កន្លងមក អភិបាល​ខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ប្រកាស​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥​របស់​រដ្ឋបាល​ខេត្ត កាលពី​ថ្ងៃទី​១៤ ខែមករា​ថា ខេត្ត​កំពង់ស្ពឺ​គ្មាន​ទីតាំង​ឆបោក​អនឡាញ​ឡើយ។

បន្ថែម​ពីនេះ លោក ទូច សុឃៈ អះអាង​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ជិត​៦​ពាន់​នាក់ (៥.៧៧១)នាក់ ស្មើនឹង​២៣​សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ជាង ៣​ពាន់​៤​រយ​(៣.៤៣៨)​នាក់ វៀតណាម​ជាង ១​ពាន់​(១.១៦៦​នាក់​) ខ្មែរ​ជាង ៤​រយ​នាក់ ជនជាតិ​ភូមា ឬ​មីយ៉ាន់ម៉ា ជិត​២​រយ (១៩៦)​នាក់ រួម​ទាំង​ជនជាតិ​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បង់ក្លាដេស នេប៉ាល់ និង​ស្រីលង្កា ជាដើម។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ គឺ​មាន​ជាង​៤​ពាន់​(៤.៤០៧)​នាក់ បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ខណៈ​មនុស្ស​១២៧​នាក់​ទៀត​បញ្ចូន​ទៅ​តុលាការ​។ ក្រៅ​ពី​នេះ សមត្ថកិច្ច​បាន​ធ្វើ​ការអប់រំ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក ទូច សុឃៈ បន្ថែម​ថា លទ្ធផល​នៃ​ការ​បង្ក្រាប​នៅ​ដើមឆ្នាំ​២០២៦​នេះ បង្ហាញ​ថា សកម្មភាព​នៃ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ទោះជា​យ៉ាងណា លោក​មិន​បាន​បង្ហាញ​អំពី​មេខ្លោង​សំខាន់ៗ​ដូចជា ជា​អ្នកមាន​លុយ​និង​មានអំណាច​កំពូល​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាត់ទោស​តាមផ្លូវ​ច្បាប់​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា មើលឃើញ​ថា ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ ហាក់​ធ្វើ​ឲ្យ​តែ​ល្អមើល​ប៉ុណ្ណោះ ដោយសារ​មាន​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ។ លោក បន្ត​ថា ដើម្បី​ឲ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ មាន​ទំនុកចិត្ត​ទៅលើ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល លុះត្រាតែ​មេខ្លោង​ឧក្រិដ្ឋជន​ឆបោក និង​បណ្ដាញ​ពាក់ព័ន្ធ​នានា​ដែល​សម្របសម្រួល​ឲ្យ​មាន​អំពើ​ឆបោក​តាម​អនឡាញ​នេះ ត្រូវ​បាន​ចាប់​យក​ទៅ​កាត់ទោស​តាមច្បាប់។ លោក​យល់ថា ប្រសិនបើ​ការ​បង្ក្រាប​ដែល​ផ្ដោត​តែ​ទៅលើ​ទីតាំង​អាគារ​ឆបោក ប៉ុន្តែ​មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​ឬ​ខ្សែ​បណ្ដាញ​ជនល្មើស នៅតែ​មាន​សេរីភាព​ដដែល​នេះ នឹង​អាច​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ឆបោក​នេះ រីក​ដុះដាល​វិញ​យ៉ាង​ឆាប់រហ័ស។

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា នឹង​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នេះ ឲ្យ​អស់​ត្រឹម​ខែមេសា​ខាងមុខនេះ។ កាលពី​ថ្ងៃទី​១១ ខែមីនា ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​លោក ឆៃ ស៊ីណារិទ្ធ បាន​ថ្លែងប្រាប់​សារព័ត៌មាន​អន្តរជាតិ​ថា មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ប្រហែល ៨០ ភាគរយ​ហើយ ឬ​ស្មើ​ជាង​២​រយ​ទីតាំងនៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក ចាកុប ស៊ីមស៍ (Jacob Sims) បាន​លើកឡើង​ថា យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ គ្មាន​លទ្ធផល​ជា​ដុំកំភួន​នោះ​ទេ ព្រោះ​ការ​បង្ក្រាប​មិន​បាន​ផ្ដោត​ទៅ​លើ​បណ្ដាញ​ធំៗ​ដែល​គាំទ្រ​ក្នុង​ការ​បើក​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នេះ។

លោក ចាកុប ស៊ីមស៍ ពិនិត្យ​ឃើញ​ថា មកដល់ពេលនេះ​គ្មាន​សញ្ញា​ច្បាស់លាស់​ថា ជនល្មើស​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​ឥស្សរជន​បក្ស​កាន់អំណាច ត្រូវ​បាន​ចាប់ខ្លួន ឬ​អនុវត្ត​ច្បាប់​ឡើយ​។​អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ឆ្លងដែន រូប​នេះ យល់​ថា ការ​បន្ត​រឹត​បន្តឹង​លើ​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល បាន​ក្លាយជា​ឧបសគ្គ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​បង្ក្រាប​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ