អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​​បរិស្ថាន​៥​រូប

0
14
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ បន្ត​ទាមទារ​ជាថ្មី ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស និង​ជំរុញ​ឱ្យ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) លើកយក​បញ្ហា​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​រូប ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌ នៅក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី។ ការ​ទាមទារ​នេះ ក្រោយពី​តំណាង​អង្គការ មូលនិធិ​ប្រ៊ូណូ មែនសឺរ (BMF) និង​ចលនា​មាតា​ធម្មជាតិ (MNC) បាន​ទៅ​សុំ​ជួបពិភាក្សា ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង​កូហ្វូនី ប៉ុន្តែ​ពុំបាន​ជោគជ័យ។

តំណាង​អង្គការ មូលនិធិ​ប្រ៊ូណូ មែនសឺរ Bruno Manser Fonds (BMF) ចលនា​មាតា​ធម្មជាតិ​កម្ពុជា (MNC) និង​អង្គ​ការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA ) បាន​ឱ្យ​ដឹង​ថា ពួកគាត់​នៅតែ​មាន​សង្ឃឹម និង ប្ដេជ្ញាចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ដើម្បី​ស្វែងរក​ការ​ដោះលែង សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥ រូប ពីព្រោះ ពួកគាត់ ជឿជាក់​ថា អង្គការ​ហ្វ្រង់កូហ្វូនី OIF នឹង​រក្សា​ភាពស្មោះត្រង់ ចំពោះ​គោលការណ៍​ស្នូល​ក្នុង​កិច្ចការ លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស នៅ​លើ​ពិភពលោក។

នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA)​លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែកក្កដា​ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បំផុត ដែល​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) បាន​បដិសេធ​មិន​ព្រម​ជួប​ជាមួយ គណៈប្រតិភូ របស់​អង្គការ​មូលនិធិ​ប្រ៊ូណូ មែនសឺរ និង​ចលនា​មាតា​ធម្មជាតិ​កម្ពុជា កាល​ពី​ពេល​កន្លងទៅ​នៅ ឯ​ប្រទេស​បារាំង ដែល​ហាក់​ដើរ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ស្នូល​របស់​អង្គការ ក្នុង​ការ​លើកកម្ពស់​សន្តិភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម។

លោក​សង្ឃឹមថា អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) នឹង​មាន​ការ​ឆ្លើយ​តប​ដ៏​ល្អ​ជាង​នេះ ក្នុង​ន័យ​ថា អង្គការ OIF នឹង​យក​ករណី​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​រូប នេះ​ជា​អាទិភាព នៅក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី (Francophonie Summit) លើក​ទី​២០ ដែល​នឹង​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា នៅឯ​រាជធានី​ភ្នំពេញ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​បណ្ដា​មេដឹកនាំ​កំពូលៗ នៅ​ជុំវិញ ពិភពលោក ដែល​និយាយ​ភាសា​បារាំង។

លោក​បន្ត​ថា អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) មិន​គួរ​មាន​ការ​ដោះសា​ណាមួយ​ឡើយ ពីព្រោះ​ការ​ក្រោក​ឈរ​ឡើង​ចំពោះ​ករណី​បែប​នេះ គឺជា​ធាតុ​ផ្សំ​ស្នូល​នៃ អាណត្តិ​របស់​អង្គការ OIF ដូច្នេះ ប្រសិនបើ​អង្គការ OIF បរាជ័យ​ក្នុង​ការ​ជំរុញឱ្យ រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​បរិស្ថាន និង អ្នក​ទោស​នយោបាយ​ដទៃទៀត គឺជា បញ្ហា​ជា​មូលដ្ឋាន​មួយ​នៅក្នុង​អង្គការ OIF ដែល​រដ្ឋ​ជា​សមាជិក OIF គួរតែ អំពាវនាវ​ឱ្យ​មាន​ការ​កែទម្រង់​ជា​បន្ទាន់។

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន អង្គការ មូលនិធិ​ប្រ៊ូណូ មែន​សឺរ (BMF) និង ចលនា​មាតា​ធម្មជាតិ​(MNC) កំពុង​មមាញឹក​ជា​ខ្លាំង ក្នុង​ការ​ទាក់ទង​រដ្ឋ​ជា​សមាជិក OIF ដើម្បី​ជម្រាប​ពួកគេ អំពី​ការ​បរាជ័យ របស់​លេខាធិការដ្ឋាន​ក្នុង​ការ​ជួប​ពិភាក្សា​អំពី​ករណី​របស់​អ្នកការពារ​បរិស្ថាន ទាំង​ប្រាំ​រូប​នៅ​កម្ពុជា​។ ទន្ទឹមគ្នា​នោះ​លោក​ថា អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន កំពុង​ពិចារណា​យ៉ាង​ម៉ត់ចត់​ដើម្បី​រៀបចំ​កាលវិភាគ​ជួបពិភាក្សា​បញ្ហា​សិទ្ធិមនុស្ស នៅ​កម្ពុជា ជាមួយ​ស្ថានទូត​នានា ទាំង​នៅ​ភ្នំពេញ និង​នៅ​ទីក្រុង បាងកក។

លោក​បញ្ជាក់​ថា ការ​ធ្វើ​បែបនេះ ក្នុង​គោលដៅ​ដើម្បី​ជំរុញ​ឱ្យ អង្គការ OIF មានការ​ឆ្លើយតប​ជា​វិជ្ជមាន បើ​មិន​ដូច្នោះ​ទេ ពួកគាត់​នឹង ធ្វើបាតុកម្ម​ជាប្រចាំ​នៅ​ខាងក្រៅ​ការិយាល័យ​អង្គការ​OIF ក្នុង​ទីក្រុង​ប៉ារីស រហូតដល់​បាន​ចម្លើយ​ជា​វិជ្ជមាន​។ ជាមួយគ្នា​នោះ ពួកគាត់​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍ និង​សកម្មភាព​ផ្សេងៗ​ទៀត នៅ​ពេល​ដែល​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី OIF​នឹង ខិត​ជិត​មកដល់​។ បន្ថែម​ពីលើ​នោះ លោក ហ្វីល រ៉ូបឺតសុន បញ្ជាក់ ទៅ​កាន់ អង្គការ OIF និង លោក ហ៊ុន ម៉ាណែត ថា កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កម្ពុជា នៅ​មាន​កម្រិត​ទាប​គួរ​ឱ្យ​ព្រួយបារម្ភ។

លោក ហ្វីល រ៉ូបឺតសុន បាន​ថ្លែង​នៅក្នុង​សម្ដី​ដើម​ថា «​កម្ពុជា​ត្រូវតែ​ចាត់វិធានការ​កែ​លម្អ ដើម្បី​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ហើយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គួរតែ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​រូប ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដោយ​ទទួលស្គាល់​ថា ពួកគេ​គឺជា​សកម្មជន​សន្តិវិធី​ដែល​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ការពារ​បរិស្ថាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​។​» លោក​បន្ត​ថា «​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​រូប មិនបាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​ជាប់ពន្ធនាគារ​នោះ​ទេ ហើយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គួរតែ​ទទួលស្គាល់​រឿង​នេះ និង​ដោះលែង​ពួកគេ ជាបន្ទាន់»។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សេង ឌីណា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៤ ខែ កក្កដា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

សកម្មជន​បរិស្ថាន​ទាំង​៥​រូប ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ កំពុងតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត ដោះលែង​នោះ​រួមមាន កញ្ញា ឡុង គ​ន្ធា​, លោក លី ចាន់​ដារ៉ាវុធ កញ្ញា ភួន កែវ​រស្មី លោក ថុន រដ្ឋា និង​លោក យី​ម លាង​ហ៊ី​។ សកម្មជន ទាំងនេះ ត្រូវ​បាន​តុលាការ​ឯក​បក្ស កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ចន្លោះ ពី​៦ ដល់​៨ ឆ្នាំ​ពី​បទ «​រួមគំនិត​ក្បត់​» និង «​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ក្រោយពី​ពួកគាត់ បាន​ប្រើប្រាស់ សិទ្ធិ​សេរីភាព ការពារ​ធនធានធម្មជាតិ ដែល​កំពុង​រង​ការបំផ្លាញ នៅ​កម្ពុជា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ថា​ការ​ទាមទារ​ជាថ្មី​របស់​អង្គការ​អន្តរជាតិ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​បរិស្ថាន​គឺជា​រឿង​ដែល​ត្រូវ​ហើយ រដ្ឋាភិបាល​កម្ពុជា គួរតែ ពិចារណា ដោះលែង ជាបន្ទាន់ ព្រោះ​ការ​បន្ត​ឃុំខ្លួន​សកម្មជន​បរិស្ថាន និង​អ្នក​ទោស​នយោបាយ​ដទៃ ទៀត គ្មាន​ផល​ចំណេញ ដល់​ប្រទេសជាតិ​នោះ​ឡើយ។

លោក អំ សំអាត៖ «សកម្មភាព​ដែល​បាន​ធ្វើ​ហ្នឹង គ្រាន់តែ​ជា​ការ​អនុវត្ត​សេរីភាព ជា​មូលដ្ឋាន ឬក៏​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ក៏ដូចជា​រដ្ឋធម្មនុញ្ញ បាទ»។

ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ហ្វ្រង់កូហ្វូនី នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ​។ កិច្ចប្រជុំ​កំពូល​នេះ នឹង​មាន​វត្តមាន​ចូលរួម​ពី​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាយករដ្ឋមន្ត្រី​កាណាដា លោក ម៉ាក់ ខានីយ (Mark Carney)​រួម​ទាំង​មេដឹកនាំ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​ជាច្រើន​រូប​ទៀត។

អង្គការ​អន្តរជាតិ ហ្វ្រ​ង់​កូ​ហ្វូ​នី មាន​ប្រទេស​និង​រដ្ឋាភិបាល​ជា​សមាជិក​ចំនួន​៩៣ ។ មាត្រា​១​នៃ​គោលការណ៍ របស់​អង្គការ​អន្តរជាតិ នេះ​ចែងថា ការ​លើកកម្ពស់​ប្រជាធិបតេយ្យ ការ​គាំទ្រ​ដល់​នីតិរដ្ឋ និង​សិទ្ធិមនុស្ស គឺជា​ចំណុច​ស្នូល​ដែល​រដ្ឋ​ជា​សមាជិក​ត្រូវតែ​គោរព​។ កាលពីដើម​ខែកក្កដា នាយក​ប្រតិបត្តិ នៃ អង្គការ​អន្តរជាតិ Bruno Manser Fonds លោក ឡូហ្គាស ស្ត្រូម៉ាន់ លើកឡើង ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រួម​ថា សកម្មភាព​ការទូត​ដ៏​រឹងមាំ​របស់​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) និង រដ្ឋាភិបាល​បារាំង គឺ មាន​សារ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើឱ្យមាន​ការផ្លាស់​ប្ដូរ សម្រាប់​សកម្មជន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​ការ​ដោះលែង សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ខុសច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ