

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គ្រោងចុះជួបពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខនៅសប្ដាហ៍នេះបន្ទាប់ពីលោក ទទួលបានសិទ្ធិធ្វើដំណើរពេញលេញទាំងក្នុង និងក្រៅប្រទេស។ អ្នកឃ្លាំមើលលើកឡើងថា ការអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពត្រឹមតែជួបពលរដ្ឋ និងកងទ័ព គឺជាលំហសេរីភាពមនុស្សធម៌កម្រិតតូចតាច ប៉ុន្តែមិនអាចដោះស្រាយទុក្ខវេទនារបស់ពលរដ្ឋភៀសសឹក វិបត្តិនយោបាយ និងបញ្ហាអាយុជីវិតជាតិជាច្រើនទៀតបានទេ។
សហមេធាវី លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី សរសេរលើទំព័រហ្វេសប៊ុកថា លោក កឹម សុខា នឹងធ្វើដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ នៅជំរុំជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងជួបកងទ័ពផងដែរ នៅក្នុងខេត្តឧត្តរមានជ័យ។ អ្នកស្រីមេធាវី បានឱ្យដឹងថា លោក កឹម សុខា ចង់បំពេញកតញ្ញូចំពោះជាតិមាតុភូមិទៅតាមលទ្ធភាព និងដើម្បីបានជាកុសលដល់អ្នកម្តាយរបស់លោក បន្ទាប់ពីលោក កឹម សុខា បានបំពេញកតញ្ញូជូនមាតាបិតារួចហើយ។
លោក កឹម សុខា មានគម្រោងចុះជួបពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខនេះ ក្រោយពីលោក ទទួលបានការលើកលែងទោសពីរដង ដែលលើកទី១ លោក កឹម សុខា បានសិទ្ធិទៅមើលថែម្ដាយក្នុងដង្ហើមចុងក្រោយ និងលើកទី២ លោកបានទទួលការលើកលែងការហាមប្រាមការធ្វើដំណើរ ទៅក្រៅប្រទេស។
អ្នកឃ្លាំមើលលើកឡើងថា ការអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពត្រឹមតែ ជួបពលរដ្ឋ និង កងទ័ព ហើយចែកអំណោយ គឺគ្រាន់តែជាការបើកលំហសិទ្ធិមនុស្សធម៌ ក្នុងកម្រិតតូចតាចប៉ុណ្ណោះ ដែលសាមញ្ញជនគ្រប់រូបអាចធ្វើបានដូចគ្នា ប៉ុន្តែ មិនអាចដោះស្រាយទុក្ខវេទនារបស់ពលរដ្ឋភៀសសឹក វិបត្តិនយោបាយ និងបញ្ហា អាយុជីវិតជាតិជាច្រើនទៀត តាមការចង់បាន របស់ប្រជាពលរដ្ឋនោះទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៧ ខែកក្កដាថា សកម្មភាពបើកលំហមនុស្សធម៌តូចតាច ដែលបើកឱ្យលោក កឹម សុខានេះ គ្រាន់តែជាយុទ្ធវិធីនយោបាយរបស់លោក ហ៊ុន សែន ដើម្បីបន្ធូរបន្ថយភាពតានតឹង អារម្មណ៍របស់មហាជន ហើយក៏ជាល្បែងនយោបាយដ៏ស្ទាត់ជំនាញរបស់ លោក ហ៊ុន សែន ក្នុងបំណងគ្រប់គ្រងសភាពការណ៍ដែលរងសម្ពាធពីសហគមន៍អន្តរជាតិ និងរក្សាប្រៀបឈ្នះផ្នែកយុទ្ធសាស្ត្រ នៅសមរភូមិនយោបាយកម្ពុជា។ លោកបន្ថែមថា ការមិនផ្ដល់សេរីភាពនយោបាយឱ្យលោក កឹម សុខា ឡើងវិញ គឺដើម្បីទុករូប លោកជានិមិត្តរូប ដែលស្ថិតក្រោមបន្ទាត់ក្រហមតាមដានរបស់លោក ហ៊ុន សែន។
លោក សេង វណ្ណលី ថា ក្រុមអ្នកគាំទ្រលោក កឹម សុខា មិនគួរនៅស្ងៀមស្ងាត់ ដោយទទួលយកតែការដោះលែងបែបរឹតត្បិតនេះឡើយ ពីព្រោះ ករណីនេះ អាចនឹងធ្វើឱ្យបាត់បង់របៀបវារៈនយោបាយដើមរបស់អ្នកតស៊ូប្រជាធិបតេយ្យ ដែលទាមទារការប្រកួតប្រជែងពេញលេញ ក្នុងសំឡេងសេរីពហុបក្ស។ លោកថា ការសាទរត្រឹមតែសេរីភាពផ្ទាល់ខ្លួនរបស់លោក កឹម សុខា ប៉ុន្តែ មិនធ្វើសកម្មភាព ទាមទារសិទ្ធិនយោបាយ នឹងក្លាយជាគំរូមួយ ដែលធ្វើឱ្យសិទ្ធិនយោបាយ ប្រែក្លាយ ទៅជា «ការប្រទានឱ្យ» តាមចិត្តសប្បុរសធម៌របស់រដ្ឋអំណាចទៅវិញ។ លោក ថា ស្ថានភាពបែបនេះ ជាផលមិនល្អឡើយសម្រាប់ជាតិ។
លោក សេង វណ្ណលី៖ «នៅក្នុងរូបភាពធំ ខ្ញុំយល់ថាការដោះលែងបែបដំណាក់កាល និងបន្តរក្សាការកម្រិតសិទ្ធិនយោបាយនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា ទាំងផ្នែកស្ថាប័ន និងការអភិវឌ្ឍ ប្រជាធិបតេយ្យរយៈពេលវែង។ វាធ្វើឱ្យប្រព័ន្ធ យុត្តិធម៌ និងតុលាការរងការសង្ស័យថានៅតែជាឧបករណ៍នយោបាយ ដែលអាចកែប្រែ ឬបន្ធូរបន្ថយតាមការសម្រេចចិត្តផ្នែកនយោបាយ ជាជាងការអនុវត្តច្បាប់ ដោយឯករាជ្យ។ បន្ថែមពីនេះ វារក្សានូវភាពស្រពិចស្រពិលផ្នែកនយោបាយ បំផ្លាញជំនឿទុកចិត្តរបស់អ្នកវិនិយោគបរទេសដែលផ្តោតលើនីតិរដ្ឋ និងធ្វើឱ្យប្រទេសជាតិ បាត់បង់ឱកាសក្នុងការបង្កើតការបង្រួបបង្រួមជាតិពិតប្រាកដ ដែល ជាគ្រឹះ សេដ្ឋកិច្ច និងសន្តិសុខដ៏រឹងមាំសម្រាប់អនាគត»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារទាំងយប់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការបានចោទប្រកាន់ លោក កឹម សុខា ពីបទ«ក្បត់ជាតិ» ហើយតុលាការកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ។
លោក កឹម សុខា ជាប់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម និងបន្ទាប់មកត្រូវបានប្ដូរមកឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជិត ១០ឆ្នាំ មុនពេល លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី បានលើកលែងទោសឱ្យរួចផុតពីការជាប់ពន្ធនាគារ និងការជាប់ឃុំក្នុងផ្ទះ កាលពីថ្ងៃទី២៥ ខែឧសភា។ លោក កឹម សុខា ក៏ត្រូវបានព្រះមហាក្សត្រ លើកលែងទោសបន្ថែមទៀត នៅថ្ងៃទី២៤ ខែកក្កដា ឱ្យលោក មានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេស។ ប៉ុន្តែសិទ្ធិនយោបាយរបស់លោក នៅតែរងការរឹតត្បិតដដែល។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៧ ខែកក្កដា ថា វិបត្តិនយោបាយ និងវិបត្តិនៅកម្ពុជាបច្ចុប្បន្ន ដែលត្រូវដោះស្រាយ មិនមែនរឿង លោក កឹម សុខា តែម្នាក់ទេ ប៉ុន្តែ គឺការកែទម្រង់ប្រព័ន្ធប្រជាធិបតេយ្យ ប្រទេសកម្ពុជាទាំងមូល តាមការទទូចចង់បានរបស់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។
លោក ស៊ឹង សែនករុណា ថា ការបំផ្លាញប្រជាធិបតេយ្យ ដោយសារស្នាដៃរបស់អ្នកដឹកនាំបច្ចុប្បន្ន ធ្វើឱ្យប្រទេសកម្ពុជា ចាក់ស្រេះទៅដោយអំពើពុករលួយ គ្រួសារបក្ខពួកនិយម អសន្តិសុខជាតិ និងអសោចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ព្រោះតែ ឧក្រិដ្ឋកម្មឆបោកអនឡាញ ការជួញដូរមនុស្ស និងការលាងលុយកង្វក់ជាដើម។ លោកបន្ថែមថា ទាល់តែកម្ពុជាផ្ដោតលើការរួមគ្នា ផ្សះផ្សាបង្រួបបង្រួមជាតិ និងកសាងប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យបានរឹងមាំ ទើបអាចសង្គ្រោះស្ថានភាពវិបត្តិដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជាបាន។
លោក ស៊ឹង សែនករុណា៖ «សហគមន៍អន្តរជាតិ មិនសូវជាផ្ដោតទៅលើបុគ្គល ប៉ុន្មានទេគឺគេចង់ផ្ដោតទៅលើប្រព័ន្ធ។ យើងមើលហើយ ដូចជា យើងងាយត្រឡប់ទៅទាំង GSP របស់សហរដ្ឋអាមេរិកទាំងEBA ក៏ដោយតាំងពីខ្ញុំនៅក្នុងប្រទេស គឺលក្ខណខណ្ឌគេ មានការដាក់កំណត់យ៉ាងច្បាស់ គឺបើកលំហនូវការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិកម្មករ ហើយសហជីព អង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន សេរីភាពផ្នែក នយោបាយ។ អាហ្នឹង គឺគេទាមទារឱ្យចំៗតែម្ដង គេមិនគិតថា បុគ្គលណាទេ ប៉ុន្តែ បើសិននៅក្នុងការរំលោភសិទ្ធិទាំងអស់ហ្នឹង គេកំណត់ទាំងអស់ហ្នឹង ទាំងលោក កឹម សុខា ក្ដី ទាំងលោក ថាច់ សេដ្ឋា អ្នកស្រី សេង ច័ន្ទធារី និងសកម្មជន ដែលមានភាពល្បីល្បាញ»។
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន សែន កំពុងប្រើប្រាស់ករណីលោក កឹម សុខា ដើម្បីអូសបន្លាយពេល បន្តផែនការអំណាចគ្រួសារត្រកូលហ៊ុន។ ពួកគាត់ថា ការមិនព្រមស្ដារប្រជាធិបតេយ្យ ហើយលើកលែងទោសឱ្យលោក កឹម សុខា ម្ដងបន្តិចៗ គឺជាការប្រមាថ មើលងាយប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ៕









