ចលនា​មាតា​ធម្មជាតិ និង​អង្គការ​ដៃគូ​អន្តរជាតិ​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​នាក់

0
59
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA

អង្គការ​ចលនា​មាតា​ធម្មជាតិ និង​អង្គការ​អន្តរជាតិ​ឈ្មោះ មូលនិធិ​ប្រ៊ូណូ មែនសឺរ (Bruno Manser Fonds) បាន​អំពាវនាវ​ឲ្យ​អង្គការ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) និង​រដ្ឋាភិបាល​ប្រទេស​បារាំង ផ្តល់​អាទិភាព​ដល់​ការគោរព​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​រូប​ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​ទាំងពីរ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែកក្កដា​។

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេ​វិត​សុន (Alejandro Gonzalez Davidson) រួម​ជាមួយ​មន្ត្រី​នៃ​អង្គការ​អន្តរជាតិ​ឈ្មោះ មូលនិធិ​ប្រ៊ូណូ មែនសឺរ បាន​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ខាងមុខ​ការិយាល័យ​កណ្តាល​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) ស្ថិតនៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​៦ ខែកក្កដា​។ ក្រុម​មន្ត្រី​អង្គការ​ដែល​ធ្វើការ​ផ្នែក​ការពារ​បរិស្ថាន​ទាំងនេះ បាន​ទាមទារ​ឲ្យ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ប្រើ​តួនាទី​ពិសេស​របស់​ខ្លួន​ជា​អ្នក​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ដើម្បី​ចូលរួម​ជាបន្ទាន់ និង​ខ្លាំងក្លា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា និង​ជាពិសេស​ធានា​ដល់​ការ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​វ័យក្មេង​ទាំង​៥​នាក់​។ លើស​ពី​នេះ ក្រុម​មន្ត្រី​អង្គការ​អន្តរជាតិ​ទាំងនេះ ក៏​កំពុង​ស្វែងរក​កិច្ចប្រជុំ​ជាមួយ​តំណាង​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី និង​តំណាង​ក្រសួងការបរទេស​បារាំង​ផង​ដែរ​។

ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ហ្វ្រង់កូហ្វូនី លើក​ទី​២០ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ​។ កិច្ចប្រជុំ​កំពូល​នេះ ក៏​មាន​ការចូលរួម​ពី​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាយករដ្ឋមន្ត្រី​កាណាដា លោក ម៉ាក់ ខានីយ (Mark Carney) រួម​ទាំង​មេដឹកនាំ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​ជា​ច្រើន​រូប​ទៀត។

មាត្រា​១​នៃ​គោលការណ៍​របស់​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ដែល​មាន​ប្រទេស​និង​រដ្ឋាភិបាល​ជា​សមាជិក​ចំនួន ៩៣ នោះ ចែងថា ការ​លើកកម្ពស់​ប្រជាធិបតេយ្យ ការ​គាំទ្រ​ដល់​នីតិរដ្ឋ និង​សិទ្ធិមនុស្ស​គឺជា​ចំណុច​ស្នូល​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អន្តរជាតិ Bruno Manser Fonds លោក ឡូហ្គាស ស្ត្រូម៉ាន់ លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ថា «​សកម្មភាព​ការទូត​ដ៏​រឹងមាំ​របស់​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ( OIF) និង​រដ្ឋាភិបាល​បារាំង គឺ​មាន​សារៈ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ខុសច្បាប់​។ លោក បន្ត​ថា វា​ដល់ពេល​ហើយ​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ទទួល​ស្គាល់​ថា សកម្មជន​វ័យក្មេង​ទាំងនេះ​គ្រាន់តែ​ស្វែងរក​ការ​ការពារ​ព្រៃឈើ ធនធានធម្មជាតិ និង​ជួយ​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ​ប៉ុណ្ណោះ ដែល​ទាំងអស់​នេះ​ជា​បញ្ហា​ស្នូល​ដែល​ត្រូវ​ដោះស្រាយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​នា​ពេល​ខាងមុខនេះ។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ធ្វើ​សកម្មភាព​ស្របតាម​ស្មារតី​នេះ និង​ដោះលែង​សកម្មជន​វ័យក្មេង​ទាំង​ប្រាំ​នាក់​នេះ​ភ្លាមៗ និង​ដោយ​គ្មាន​លក្ខខណ្ឌ»។

កាលពី​ថ្ងៃទី​៣ ខែកក្កដា អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ទាមទារ​ឲ្យ​មេដឹកនាំ​ប្រទេស​ឈានមុខ​គេ​ក្នុង​តំបន់​ប្រើប្រាស់​ភាសា​បារាំង ដែល​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ហ្វ្រង់កូហ្វូនី នៅ​កម្ពុជា​ខាងមុខនេះ ត្រូវតែ​លើកឡើង​ពី​ឥឡូវនេះ​អំពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​ទាំង​៥​នាក់ រួម​ទាំង​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចាប់​ដាក់គុក​ដោយ​អយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ កាលពី​ថ្ងៃទី​៤ ខែមិថុនា​កន្លងទៅ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៧០​ស្ថាប័ន​មកពី​ជុំវិញ​ពិភពលោក ក៏បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដោយ​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ចំនួន ៥​រូប​ដែល​កំពុង​ជាប់ឃុំ មុន​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ហ្វ្រង់កូហ្វូនី។

សកម្មជន​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​ប្រាំ​នាក់ កំពុង​ជាប់ពន្ធនាគារ​ដាច់ដោយឡែក​ពីគ្នា​រយៈពេល​២​ឆ្នាំ​ហើយ គិត​ចាប់តាំងពី​ថ្ងៃ​ចាប់ខ្លួន​ដោយ​អយុត្តិធម៌ កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ រហូតដល់​ថ្ងៃទី​២ ខែកក្កដា​ឆ្នាំ​២០២៦។ យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​កំពុង​ជាប់ឃុំ​ទាំងនោះ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី។ ពួកគាត់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី ៦​ឆ្នាំ ទៅដល់ ៨​ឆ្នាំ កាលពី​ឆ្នាំ​២០២៤ ក្រោម​បទ​ចោទ «​រួមគំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ដោយសារតែ​ភាព​សកម្ម​និយម​របស់​ពួកគាត់​ក្នុង​ការ​ការពារ​បរិស្ថាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ