ក្រុម​គ្រូ​បង្រៀន​ទាមទារ​ដំឡើង​ប្រាក់ខែ​១ភាគ៤​នៃ​ប្រាក់ខែ​តំណាងរាស្ត្រ

0
89
ទិដ្ឋភាពគ្រូបង្រៀន សិស្ស សហជីព ពលរដ្ឋ និងអ្នកនយោបាយប្រមាណជាង ១០០នាក់ បានជួបជុំគ្នា​នៅ​ទីស្នាក់ការ​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីចូលរួមប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ តុលា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពគ្រូបង្រៀន សិស្ស សហជីព ពលរដ្ឋ និងអ្នកនយោបាយប្រមាណជាង ១០០នាក់ បានជួបជុំគ្នា​នៅ​ទីស្នាក់ការ​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីចូលរួមប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ តុលា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គ្រូបង្រៀន សិស្ស សហជីព ពលរដ្ឋ និងអ្នកនយោបាយប្រមាណជាង ១០០នាក់ បានជួបជុំគ្នា​នៅ​ទីស្នាក់ការ​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីចូលរួមប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានដាក់ញត្តិជូនរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍លក្ខខណ្ឌចំនួន ៨ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈម លើកកម្ពស់តម្លៃ និងការរស់នៅ​របស់គ្រូ​បង្រៀននាពេល​បច្ចុប្បន្ន។

គ្រូបង្រៀន សិស្ស សហជីព ពលរដ្ឋ និងអ្នកនយោបាយជាច្រើន បានចូលរួមប្រារព្ធទិវាគ្រូបង្រៀន​ពិភពលោក លើកទី៣២ នៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងថ្លែងសន្ទរកថា ដើម្បីគោរពដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងពេលវេលាក្នុងបុព្វហេតុអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស។ នៅក្នុងកម្មវិធីក៏មានការ​រៀបចំញត្តិ ដើម្បីដាក់ជូនរដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍​លក្ខខណ្ឌចំនួន ៨ចំណុច ដូចជា ដំឡើងប្រាក់បៀវត្ស​មូលដ្ឋានឱ្យបាន១/៤នៃប្រាក់ខែតំណាងរាស្ត្រ ផ្តល់ប្រាក់សោធននិវត្តន៍ដល់គ្រូបង្រៀនចូលនិវត្តន៍គឺត្រូវគិតប្រាក់ខែគោលនិងបូកប្រាក់បំណាច់មុខងារ រួមជាមួយប្រាក់បន្ទាប់បន្សំ បញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹមតម្លៃ៤០០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃទំនិញលើទីផ្សារ មកត្រឹមតម្លៃមួយសមរម្យ លុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំ បញ្ឈប់ការរើសអើងជាមួយសមាគម និងផ្តល់សិទ្ធិសេរីភាពឲ្យគ្រូបង្រៀនបង្កើតសហជីព ពន្យារពេលឲ្យពលរដ្ឋក្នុងការសងប្រាក់ធនាគាររយៈពេល២ឆ្នាំ ផ្តល់សិទ្ធិសេរីភាពជូនលោកគ្រូ រ៉ុង ឈុន និងដោះលែង អ្នកនយោបាយ កញ្ញា សេង ច័ន្ទធារី រួមទាំងអ្នកជាប់ឃុំមនសិការទាំងអស់​ឲ្យមានសេរីភាពឡើងវិញ និងស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាលើកយកបញ្ហាថៃ ឈ្លានពានកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិ និងសុំកិច្ចអន្តរាគមន៍ពីសហប្រធាន​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពី​ដំណោះស្រាយកម្ពុជា។

នៅក្នុងញត្តិក៏បានឲ្យដឹងទៀតថា សំឡេង​គ្រូបង្រៀន និងអង្គការវិជ្ជាជីវៈ គឺជាផ្នែកដ៏សំខាន់ នៃការ​កែទម្រង់​ប្រព័ន្ធអប់រំ ឱ្យមានគុណភាព ប៉ុន្តែរដ្ឋាភិបាល និងក្រសួងអប់រំ បានមើលរំលង រើសអើង និងមិនស្តាប់សំឡេងគ្រូបង្រៀនឡើយ។

អតីតគ្រូបង្រៀន និងជាប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ថ្លែងនៅក្នុងកម្មពិធីនោះថា គ្រូបង្រៀនមានតួនាទីសំខាន់ក្នុងការអប់រំ ផ្ទេរចំណេះដឹង ដល់សិស្សានុសិស្ស ប៉ុន្តែបច្ចុប្បន្នគ្រូបង្រៀនកំពុងប្រឈមបញ្ហាជាច្រើន ដូចជាការរើសអើង បញ្ហាជីវភាពលំបាក និងប្រាក់បៀវត្សរបស់គ្រូបង្រៀនមិនមានតុល្យភាពនឹងការចំណាយជាដើម។ លោកបន្តថា កន្លងមកគ្រូបង្រៀនមួយចំនួនប្រឈមការរើសអើងដោយបញ្ឈប់ពីក្របខណ្ឌ ប្តូរមណ្ឌល ឬការមិនដំឡើងប្រាក់បៀវត្សដោយសារកត្តានិន្នាការនយោបាយ ឬការគាំទ្រគណបក្សប្រឆាំង។

មិនតែប៉ុណ្ណោះ លោកទទូចឲ្យលោកគ្រូអ្នកគ្រូប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការ​ផ្តល់​ចំណេះដឹងជូនសិស្សានុសិស្ស ដោយស្មើភាពគ្នា មិនមានការរើសអើងចំពោះសិស្សដែលបង់លុយ​រៀនគួរបន្ថែម ឬសិស្សមិនមានលទ្ធភាពរៀនគួរបន្ថែមជាដើម។ លោកថា សិស្សានុសិស្ស បច្ចុប្បន្ន ហាក់សីលធម៌ធ្លាក់ចុះខ្លាំង ដោយសារការមិនបានយកចិត្តទុកដាក់ គេចសាលា បញ្ឈប់ការសិក្សា បញ្ហាក្មេងទំនើងជាដើម ដែលជាហេតុធ្វើឲ្យបាត់បង់ធនធានមនុស្ស។ លោកស្នើឲ្យក្រសួងអប់រំគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់លើគ្រូបង្រៀន និងសិស្សានុសិស្សឲ្យបានល្អជាងនេះហើយមិនគួរមើលរំលងចំពោះបញ្ហាប្រឈមរបស់គ្រូបង្រៀនឡើយ។

លោក ជា មុនី លើកឡើងថា ប្រសិនបើគណបក្សកម្លាំងជាតិឈ្នះឆ្នោតដឹកនាំប្រទេសនាពេលអនាគត វិស័យអប់រំត្រូវតែមានគុណភាព គ្រូមានប្រាក់ខែសមរម្យ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស យកចិត្តទុកដាក់ជាងមុន។

លោក ជា មុនី៖ «អនាគតទៅ ងាយបាត់បង់ប្រទេសណាស់ បើសិនជាអ្នកស្នងប្រទេសរបស់យើង ជួបតែរវល់តែរឿងគ្រឿងញៀនអីចឹង។ ហើយក៏យើងសូមផ្តាំផ្ញើដែរថា ការអប់រំទូទៅឱ្យមានភាពស្មើគ្នា កុំកូនអ្នកក្រ រៀន បានរៀនសាលាខ្លះ ខ្លះទៀតអត់បានទៅរៀនទេ ដោយសារអត់មានលុយមានកាក់ រីឯកូនអស់លោកលោកធំវិញ ឃើញតែបង្ហោះ ជូនកូនទៅរៀននៅអូស្ត្រាលី ជូនកូនទៅរៀននៅអាល្លឺម៉ង់ ជូនកូនទៅរៀននៅអាមេរិក។ បាទសុទ្ធតែបញ្ជូនអាហ្នឹងគេអ្នកមាន ប៉ុន្តែ កូនយើងអ្នកក្រវិញ អត់បានអ្នកណាបញ្ជូនទៅ ណាទៅណីទេ បញ្ជូនទៅសាលាមិនស្រួលហ្នឹង អត់បានរៀនត្រឹមត្រូវទៀត…»។

ជាមួយគ្នានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា កម្ពុជាអនុវត្តស្តង់ដារ២លើគ្រូបង្រៀនជាពិសេសការរើសអើងលើ លោកគ្រូ អ្នកគ្រូ ដែលជាសមាជិករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ អ្នកស្រីបន្តថា អ្នកស្រីក្នុងនាមជា​គ្រូ​បង្រៀនមួយរូបដែល​សកម្មក្នុងរឿងសង្គម ត្រូវរងការគំរាមកំហែងតាមគ្រប់រូបភាព​ពីសំណាក់​អាជ្ញាធរ ដោយការជិះម៉ូតូតាមឃ្លាំមើល គាបសង្កត់សិទ្ធិសេរីភាព និងស្ទើរបាត់បង់ជីវិតរបស់ខ្លួនផងដែរ។

អ្នកស្រី អ៊ុក ឆាយ៉ា៖ «យើងឃើញហើយថា ជីវភាពរបស់គ្រូបង្រៀនរាល់ថ្ងៃហ្នឹង គឺហាក់បីដូចជាអត់ទាន់វាស័ក្តិសមនឹងការរស់នៅមានសេចក្តីថ្លៃថ្នូរទេ ធ្វើឱ្យពួកគាត់លក់នំ លក់អីចឹងទៅ ដើម្បីចិញ្ចឹមជីវិត។ មួយទៀត ដែលសំខាន់បំផុតនោះ គឺយើងចង់ឱ្យក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល មើលឃើញពីចំណុច… បើសិនជាលោក រ៉ុង ឈុន មិនបានទទួលពានរង្វាន់ទេ​ក៏ហើយទៅ សូមឱ្យដោះលែងគាត់ ឱ្យគាត់មានសេរីភាពក្នុងការដើរហើរផង។ អាការរឹតត្បិតសេរីភាពហ្នឹងហើយ ដែលធ្វើឱ្យប្រទេសជាតិយើង អឺដែលទទួលរងនូវឥទ្ធិពលមួយដែលគេចោទប្រកាន់ថា ប្រទេសកម្ពុជាអត់មាន អត់មានយុត្តិធម៌ អត់មានសេរីភាពគ្រប់គ្រាន់ក្នុងការនិយាយស្តី…»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី តែងតែសកម្មក្នុងរឿងសង្គម ធ្លាប់ជួបគ្រោះថ្នាក់ចរាចររងរបួសធ្ងន់ធ្ងរម្តងរួចមកហើយពីជនមិនស្គាល់មុខបានទាញម៉ូតូអ្នកស្រី កាលពីអំឡុងឆ្នាំ២០២០ ក្នុងពេលដែលអ្នកស្រីធ្វើដំណើរជាមួយប្ដីរបស់គាត់ត្រឡប់មកពីធ្វើការនៅរាជធានីភ្នំពេញ។

ក្រោយពីបញ្ចប់កម្មវិធី លោកគ្រូ អ្នកគ្រូ ក្រុមសិស្សានុសិស្ស សហជីព អ្នកនយោបាយ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដង្ហែញត្តិពីស្នាក់ការសមាគមគ្រូបង្រៀនឯករាជ្យ​ទៅរដ្ឋសភា ខុទ្ទកាល័យរាជរដ្ឋាភិបាល និងក្រសួងអប់រំ ប៉ុន្តែត្រូវរារាំង ដោយអាជ្ញាធរ​មាន​សមត្ថកិច្ច។ មន្ត្រីអាជ្ញាធរទាំងនោះមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើដំណើរបន្តនោះទេ ហើយបានណែនាំឲ្យក្រុមសមាគមត្រឡប់ទៅស្នាក់ការ ដើម្បីទៅទទួលញត្តិនៅទីនោះវិញ។ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ បានចេញមកទទួលញត្តិរបស់ក្រុមគ្រូបង្រៀនទាំងនោះ។

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុង បូរាត ដើម្បីសួរនាំបន្ថែមចំពោះករណីនេះបានទេ នៅថ្ងៃទី៥ តុលា។

នៅថ្ងៃដដែលនេះ ក្រសួងអប់រំ ក៏បានប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» ដែលប្រារព្ធនៅ វិទ្យាស្ថានជាតិអប់រំផងដែរ។ កម្មវិធីនោះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមន្ទីរអប់រំរាជធានី ខេត្តទាំង ២៥ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។

ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងកម្មវិធីរបស់ក្រសួង មិនបានលើកយកពីករណីប្រឈមរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកនិយាយឡើយ ជាពិសេសកត្តាជីវភាព ទំនិញឡើងថ្លៃ កង្វះខាតរបស់សាលារៀនជាដើម។

ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រទេសមួយរីកចម្រើនបាន គឺអាស្រ័យលើការអប់រំ ហើយរដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះសំណើរបស់គ្រូបង្រៀនដែលកំពុងប្រឈមបញ្ហាទាំងនេះ។ បន្ថែមពីនេះ លោកស្នើឲ្យរដ្ឋាភិបាលដោះលែងអ្នកនយោបាយ និងមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីឲ្យពួកគេបានជួបជុំគ្រួសារក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះវិញ។

លោក រ៉ុង ឈុន៖«បើសិនជា រដ្ឋាភិបាលគិតអំពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាជាតិ ត្រូវតែយកទៅគិតគូរ ត្រូវដោះលែងឱ្យគាត់មានសេរីភាព ជាពិសេសនៅក្នុងឱកាសភ្ជុំបិណ្ឌហ្នឹងដែរ ដើម្បីគេថាបង្ហាញនូវថា ខ្មែរយើងមានការឯកភាពជាតិ ក៏ដូចជាការបង្ហាញនូវការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ហើយពេលហ្នឹង យើងរំពឹងថានឹងមានការសាទរពីសហគមន៍អន្តរជាតិ ក៏ដូចជាជាតិ បើសិនជារដ្ឋាភិបាលបានអនុវត្តបាទ…»។

កាលពីថ្ងៃទី៣០ កញ្ញា អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ បានបដិសេធសំណើសុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅទីលានប្រជាធិបតេយ្យ និងបានព្រមានចាត់វិធានការផ្លូវច្បាប់លើប្រធានសមាគម អ្នកស្រី អ៊ុក ឆាយ៉ាវី ក្នុងករណីដែលអ្នកស្រី នៅតែធ្វើសកម្មភាពជួបជុំ ប្រមូលផ្តុំ នៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈផងដែរ។ ជារៀងរាល់ឆ្នាំ អាជ្ញាធរតែងបដិសេធចំពោះសំណើរបស់​សមាគម​ក្នុងការប្រារព្ធទិវានេះ នៅទីលានប្រជាធិបតេយ្យ ដែលពួកគាត់យល់ថា ជាការអនុវត្តផ្ទុយច្បាប់ស្តីពីកូដកម្មបាតុកម្ម និងការបំបិទសិ្ធទ្ធិសេរីភាពរបស់គ្រូបង្រៀនជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ