

សកម្មជនចលនាមាតាធម្មជាតិ រកឃើញសាឡង់បូមខ្សាច់ ខុសច្បាប់ជាច្រើនគ្រឿងកំពុងតែបន្តធ្វើសកម្មភាពបូមខ្សាច់យ៉ាងសកម្ម នៅតាមតំបន់មួយចំនួននៃដែនសមុទ្រខេត្តកោះកុង ដើម្បី យកទៅលក់ឱ្យប្រទេសសិង្ហបុរី ជាថ្មីទៀត។ ពួកគាត់ថា ការធ្វើអាជីវកម្មបូមខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ មានទ្រង់ទ្រាយធំជាងមុន ហើយគ្មានព័ត៌មានលម្អិតអំពីក្រុមហ៊ុនទាំងនោះឡើយ។ ពួកគេថា នេះជាហេតុធ្វើឱ្យការប្រព្រឹត្តអំពើពុករលួយ អាចកើតមានយ៉ាងងាយស្រួល។
សកម្មជនមាតាធម្មជាតិបានរៀបរាប់លើវីដេអូ ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៤ ខែកក្កដាថា សកម្មភាពបូមខ្សាច់យកទៅលក់ឱ្យបរទេស បានកក្រើកឡើងវិញ នៅក្នុងសម័យដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នេះ។
ពួកគេថាកាលពីជំនាន់ឪពុកដឹកនាំ គឺលោក ហ៊ុន សែន សកម្មភាពបូមខ្សាច់នេះ បានស្ងាត់មួយរយៈ ក្រោយពីគេរកឃើញថា ការបូមខ្សាច់សមុទ្រនៅខែត្រកោះកុង ជាង៧០លានតោន ដែលមានតម្លៃ ប្រមាណជាង៧០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវជនទុច្ចរិតឃុបឃិតនិងមន្ត្រីពុករលួយ យកទៅលក់ឱ្យប្រទេសសិង្ហបុរី។ ហើយសកម្មភាពនេះ គ្មានអ្នកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។
នៅក្នុងវីដេអូដែលមានរយៈពេលជាង១នាទី សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា បានលើកឡើងថា ក្រោយពីសកម្មជនមាតាធម្មជាតិបានស៊ើបអង្កេតអស់រយៈពេលជាច្រើនខែឃើញមានសាឡាង និងកប៉ាល់ បូមខ្សាច់យ៉ាងតិចពីរគ្រឿង កំពុងតែធ្វើសកម្មភាព បូមខ្សាច់យកទៅលក់នៅប្រទេសសិង្ហបុរី។ កញ្ញាថា ក្រុមហ៊ុនបូមខ្សាច់ នោះ ជាក្រុមហ៊ុនឯកជនដែលមានមូលដ្ឋាន និងចុះបញ្ជីនៅប្រទេសសិង្ហបុរី ដែលមានឈ្មោះថា ខាតលីសម៉ារីន អេនដ៍ រីសសស៍ (Catalyst Marine and Resources PTE.LTD)។ កញ្ញាថាទីតាំង បូមខ្សាច់ ទាំងនោះ ស្ថិតនៅតាមព្រែកសមុទ្រ ក្នុងឃុំកោះកាពិ និងឃុំត្រពាំងរួង ស្រុកកោះកុង។
កញ្ញាបានរំលឹកថា កាលពីឆ្នាំ២០១៧ ការបូមខ្សាច់ទៅលក់ឱ្យប្រទេសសិង្ហបុរីនេះ ត្រូវបានអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបញ្ជាឱ្យបញ្ឈប់ ការនាំចេញខ្សាច់សមុទ្រទៅលក់នៅក្រៅប្រទេសរួចមកហើយ ក្រោយពីរងការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។ ជាមួយគ្នានោះក្រសួងរ៉ែ និងថាមពលក៏បានបញ្ជាក់ដែរថា សកម្មភាពបូមខ្សាច់កាលនោះ បានបង្កផល ប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននិងប្រជាសហគមន៍នៅក្បែរៗនោះ។ ប៉ុន្តែយ៉ាងណា កញ្ញាថា ជារឿងសោកស្ដាយនៅជំនាន់ លោក ហ៊ុន ម៉ាណែត បែរជា មានឧក្រិដ្ឋកម្មបូមខ្សាច់ ខុសច្បាប់ដ៏ធំ បានកើតឡើងជាថ្មី។
កញ្ញា មាន លីសា៖ «ខ្ញុំមានសំណួរជាច្រើន តែថ្ងៃនេះសូមសួរតែមួយសិនទៅកាន់លោក រដ្ឋមន្ត្រី កែវ រតនៈ ថា តើបម្រាមនាំខ្សាច់សមុទ្រ ឆ្នាំ២០១៧ នោះ ត្រូវបានលោកលុបចោលតាំងពីពេលណា? សូមចូលរួមជាមួយយើង ទាមទារឱ្យបញ្ឈប់ការលួចខ្សាច់ខ្មែរជាបន្ទាន់»។
ការរកឃើញករណី បូមខ្សាច់នៅខេត្តកោះកុងនេះ ប្រធាន អង្គការចលនាមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez-Davidson) ហៅ អាឡិច លើកឡើងថា ទំហំនៃការបូមខ្សាច់ដើម្បីនាំចេញទៅសិង្ហបុរី លោកពុំទាន់ដឹងច្បាស់ថាមានទំហំប៉ុន្មានពិតប្រាកដនោះទេ ប៉ុន្តែ លោកសង្កេតឃើញ មានកប៉ាល់ធំយ៉ាងហោចណាស់៤គ្រឿង ដែលអាចផ្ទុកខ្សាច់បានចន្លោះពី៣ ទៅ ៤ម៉ឺនតោន តែងតែមកចតនៅឆ្នេរសមុទ្រកោះកុងក្រៅដើម្បីចាំទទួលយកខ្សាច់ដឹកចេញទៅក្រៅប្រទេស។ លោកថា ការបូមខ្សាច់លើកនេះ មានលក្ខណៈទ្រង់ទ្រាយធំជាងមុន ដែលអាចប្រមូល បានរាប់លានតោនក្នុងមួយឆ្នាំៗ។
ទន្ទឹមគ្នានោះ លោកថា កាលពីឆ្នាំ ២០០៨ រហូតដល់ ២០១៦ ដែលធ្លាប់មានការបូមខ្សាច់នេះម្ដងមកហើយ នៅតាមព្រែកនានានៃខេត្តកោះកុង ដើម្បីនាំចេញទៅសិង្ហបុរី ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន ជាពិសេសអ្នកនេសាទ ដែលរស់នៅទីនោះ ដោយសារតែការបាក់ច្រាំង នៅតាមកោះមួយចំនួន ។ លោកបារម្ភថា កាលណាការ បូមខ្សាច់កាន់តែច្រើន នាំឲ្យមានផលប៉ះពាល់បរិស្ថាន ជីវភាព និងការរស់នៅរបស់ប្រជាជនកាន់តែខ្លាំង ហើយជាពិសេសការប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំ ក៏នឹងកើតឡើងជាថ្មី ដូចកាលពី ១០ឆ្នាំមុន។
អ្នកការពារបរិស្ថាន ជនជាតិអេស្ប៉ាញរូបនេះចង់ឃើញ រដ្ឋាភិបាលកម្ពុជា រក្សាខ្សាច់សមុទ្រទុកសម្រាប់បំពេញតម្រូវការក្នុងស្រុក មិនចាំបាច់នាំចេញទៅក្រៅប្រទេសនោះទេ ពីព្រោះការបូមខ្សាច់ ដើម្បីបំពេញតម្រូវការក្នុងស្រុក ផលប៉ះពាល់វាតិចជាង បើប្រៀបទៅនឹងការបូមខ្សាច់ដើម្បីបំពេញតម្រូវការ របស់សិង្ហបុរី ពីព្រោះសិង្ហបុរី មានតម្រូវការ ខ្សាច់រាប់រយលានតោនដើម្បីពង្រីកទឹកដីបន្ថែម ហើយលោកថា លុយដែលលក់បានទាំងនោះ ក៏មិនប្រាកដថា បាន ចូលជាតិខ្មែរដែរ។
លោក អាឡិច៖ «ការទាមទាររបស់យើង ទីមួយគឺត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបូមខ្សាច់ដើម្បីនាំចេញទៅក្រៅប្រទេស។ ហើយប្រសិនជាបូមខ្សាច់ដើម្បីប្រើប្រាស់ក្នុងស្រុក ក៏ត្រូវតែគោរពច្បាប់ ត្រូវតែគោរពតម្រូវការ បំពេញតម្រូវការរបស់ប្រជាជនមូលដ្ឋាន និងត្រូវតែមានតម្លាភាព និងគណនេយ្យភាព។ ក៏ប៉ុន្តែក្នុងពេលនេះ យើងមិនចង់ទាមទារតម្លាភាព មិនចង់និយាយថា លើកស្ទួយឲ្យរដ្ឋាភិបាលហ្នឹង ជំរុញឲ្យក្រុមហ៊ុនបង់ពន្ធ បង់សួយសារ បង់គយអីអត់ទេ បញ្ឈប់ជាបន្ទាន់នូវទង្វើនេះ! ពីព្រោះទង្វើនេះគឺបាត់ខ្សាច់ បាត់លុយ ៧០០ លានដុល្លារ ១០ឆ្នាំមុន ហើយផលប៉ះពាល់លើបរិស្ថានធំធេងណាស់ នៅតំបន់ដែលច្បាប់ការពារ ព្រៃកោងកាងជាព្រៃកោងកាងដែលគេការពារ»។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១៥ ខែកក្កដា។ ប៉ុន្តែយ៉ាងណា កាលពីថ្ងៃទី៥ ខែកក្កដា លោក អ៊ឹង ឌីប៉ូឡា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ៥ឆ្នាំចុងក្រោយនេះ កម្ពុជាប្រមូលចំណូលបានពីអាជីវកម្មខ្សាច់នាំចេញទៅក្រៅប្រទេសបាន៦០០លានដុល្លារ តាមរយៈការប្រមូលសួយសារពន្ធដារ និងអាករនាំចេញ។ រីឯ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជា ប្រមូលចំណូលសួយសារពីវិស័យរ៉ែ បានជាង ៩០ លានដុល្លារ ពីក្រុមហ៊ុន ក្នុងស្រុក។ ទន្ទឹមគ្នានោះ លោកសន្យាថាការធ្វើអាជីវកម្មរ៉េខ្សាច់ នឹងមិនធ្វើឱ្យពលរដ្ឋ មានទឹកភ្នែក និងរស់នៅក្នុងក្ដីបារម្ភទេ។
លោក អ៊ឹង ឌីប៉ូឡា៖ «យើងមិនធ្វើអ្វីមួយ ដើម្បីឱ្យប្រជាពលរដ្ឋទឹកភ្នែកទឹកសំបោរ រស់នៅក្នុងក្តីបារម្ភទេ។ ក៏ប៉ុន្តែឆ្លៀតក្នុងឱកាសនេះក៏សូមវិញដែរថា សូមឱ្យប្រជាពលរដ្ឋប្ដឹងមក ប្ដឹងមកអាជ្ញាធរដែនដី ដែលនៅក្បែរខ្លួន ប្ដឹងមកមន្ទីររ៉ែ និងថាមពល ដែលគាត់នៅខេត្តនោះស្រាប់ ប្ដឹងមកក្រសួងតាមរយៈ Hotline ឬតាមរយៈ Facebook តាមរយៈបណ្ដាញសង្គមផ្សេងៗ សូមអញ្ជើញប្ដឹងមក បើមានមន្ទិលសង្ស័យថា អាជីវករណាមួយ ក្រុមហ៊ុនរ៉ែណាមួយ បានធ្វើល្មើសច្បាប់»។
ទោះជាយ៉ាងណា គេសង្កេតឃើញថា កន្លងមកនេះ មានប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងតាមឆ្នេរសមុទ្រមួយចំនួន រស់នៅដោយក្ដី ភ័យខ្លាច ដោយសារតែការបាក់ច្រាំង ហើយការនេសាទរបស់ពួកគាត់ក៏បានធ្លាក់ចុះ ដោយសារតែការធ្វើអាជីវកម្មបូមខ្សាច់លើសលប់ពេក ទើបបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវចម្រុះនៅក្នុងទឹក។
ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃអង្គការPED លោក សាន់ ម៉ាឡា យល់ថា ការនាំចេញខ្សាច់ ទៅកាន់ប្រទេសសិង្ហបុរី ធ្លាប់ជាប្រធានបទដ៏រសើបមួយដែលត្រូវបានសាធារណជនរិះគន់នៅ លើបណ្ដាញសង្គម ដោយសារតែការរកឃើញ នូវភាពមិនប្រក្រតីនៃការរត់ពន្ធខ្សាច់ជាដើម។ លោកថា ប្រសិនការធ្វើអាជីវកម្មខ្សាច់ ក្នុងកម្រិតសមរម្យ អាចមិនបង្កហានិភ័យដល់សង្គម និងបរិស្ថាននោះទេ ក៏ប៉ុន្តែ តម្រូវឱ្យក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យ ឱ្យបានដិតដល់ និងបើកទូលាយរាល់ព័ត៌មានពាក់ព័ន្ធ ទាំងអស់នៅ លើបណ្ដាញអ៊ីនធឺណិត អំពីក្រុមហ៊ុនធ្វើអាជីវកម្មទាំងនោះ ដូចជា អាជ្ញាប័ណ្ណ ការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ឈ្មោះម្ចាស់ក្រុមហ៊ុន និងព័ត៌មានផ្សេងៗទៀត ដែលបញ្ជាក់ ថាក្រុមហ៊ុនធ្វើអាជីវកម្មទាំងនោះស្របតាមច្បាប់ត្រឹមត្រូវ។
លោក សាន់ ម៉ាឡា៖ «យ៉ាងណាក៏ដោយ យើងឃើញថា ការចាប់ផ្ដើមនាំចេញខ្សាច់ទៅលក់សាជាថ្មី ដោយមិននាំយកអ្នកទទួលខុសត្រូវ កំឡុងពេលកើតមានរឿងអាស្រូវនៃការរត់ពន្ធខ្សាច់ទៅក្រៅប្រទេស វាជាការបង្ហាញនូវវប្បធម៌និទ្ទណ្ឌភាពមួយ ហើយយើងមិនអាចបំភ្លេច ហើយយើងមិនអាចបណ្ដែតបណ្ដោយ ឬក៏ទុកឱ្យអ្នករកស៊ីលួចធនធានធម្មជាតិ គាត់អាចរួចផុតខ្លួនពីសំណាញ់ច្បាប់នោះទេ…»។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានចេញវិធានការហាមឃាត់ជាផ្លូវការ និងអចិន្ត្រៃយ៍លើការនាំចេញខ្សាច់ ជាពិសេស ខ្សាច់ទន្លេ និងសមុទ្រ ទៅលក់នៅក្រៅប្រទេស ក្រោយពីប្រជាពលរដ្ឋបង្ហាញពីការព្រួយបារម្ភ យ៉ាងខ្លាំង អំពីផលប៉ះពាល់បរិស្ថាន ការបាត់បង់ជម្រកត្រី និងការបាក់ស្រុតច្រាំងទន្លេជាដើម។ ក៏ប៉ុន្តែនៅ ឆ្នាំ២០២៦នេះ សកម្មភាពបូមខ្សាច់ទៅលក់នៅក្រៅប្រទេសបានកើតមានឡើងជាថ្មី ដោយគ្មានព័ត៌មានលម្អិត អំពីក្រុមហ៊ុនទាំងនោះ នៅលើបណ្ដាញសង្គម និងគេហទំព័រ របស់ក្រសួងរ៉ែ និងថាមពលនោះទេ ជាហេតុធ្វើឱ្យសកម្មជនមាតាធម្មជាតិចោទថា ជា សកម្មភាពបូមខ្សាច់ដោយខុសច្បាប់ និងលួចលាក់ ដែលអាចមានមន្ត្រីរដ្ឋាភិបាល និងឈ្មួញទុច្ចរិតមួយចំនួន ឃុបឃិត លូចលក់ធនធានធម្មជាតិដើម្បីផលប្រយោជន៍ខ្លួន៕









