

ក្រុមអង្គការសង្គមស៊ីវិលបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិភាក្សាជាមួយភាគីថៃ ដើម្បីធានាថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ អាចបន្តសុពលភាពប័ណ្ណការងាររបស់ខ្លួន និងទទួលបានការការពារពីការរើសអើង ចំពេលភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរនៅតែបន្តកើតមាន។ ការលើកឡើងនេះបន្ទាប់ពីតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិជួយការពារសុវត្ថិភាពពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃដែលកំពុងប្រឈមនឹងបញ្ហាសុវត្ថិភាពនៅអំឡុងពេលដែលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែន។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ថ្លែងថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលករខ្មែរកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ព្រោះក្នុងកាលៈទេសៈដែលកម្ពុជាកំពុងតែកើតមានសង្គ្រាមជាមួយនឹងប្រទេសថៃ ហើយគួបផ្សំនឹងប្រជាពលរដ្ឋថៃ ក៏កំពុងតែមានការរើសអើងជាមួយនឹងពលរដ្ឋកម្ពុជាផងនោះ ដូច្នេះសុវត្ថិភាពរបស់ពលករខ្មែរ គឺមានការប្រឈមខ្លាំង។
លោក ស៊ឹង សែនករុណា៖ «អញ្ចឹង យើងមានតែអំពាវនាវទៅខាងរដ្ឋាភិបាលថៃ ហើយនិងបណ្តាប្រទេស សហគមន៍អន្តរជាតិនានាផងដែរ គួរតែមានការបញ្ចុះបញ្ចូល ឬក៏ទទូចស្នើសុំទៅមេដឹកនាំថៃ និងពលរដ្ឋថៃ ធ្វើយ៉ាងណា កុំឱ្យមានការរើសអើងទៅដល់ប្រជាពលរដ្ឋ កម្ពុជា ដែលទៅបង្កនូវមុខរបរ នៅក្នុងប្រទេសថៃហ្នឹង»។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ពលរដ្ឋកម្ពុជា មិនចង់ប្រកបមុខរបរនៅប្រទេសថៃទេ។ ក៏ប៉ុន្តែ ដោយសារតែការដឹកនាំ របស់រដ្ឋាភិបាលបច្ចុប្បន្ន គឺគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ឋ ហើយដោយសារតែគ្មានប្រាក់ដោះបំណុល គ្មានប្រាក់ផ្គត់ផ្គង់ជីវភាព ទើបពួកគាត់បន្តធ្វើការនៅប្រទេសថៃដើម្បីបានលុយសងបំណុលគេ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែររួបនេះ ក៏អំពាវនាវឱ្យរដ្ឋាភិបាលថៃ គិតអំពីសិទ្ធិមនុស្ស គោរពសិទ្ធិរបស់ពលករខ្មែរចំណាកស្រុកទាំងអស់នោះ ពីព្រោះបញ្ហាទំនាស់ព្រំដែន គឺវារវាងមេដឹកនាំនៃរដ្ឋាភិបាលប្រទេសទាំងពីរ។
ការលើកឡើងនេះ គឺបន្ទាប់ពីតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN) លោក កែ សុវណ្ណ បានអំពាវនាវនៅថ្ងៃទី២២ ខែមិថុនា ឲ្យសហគមន៍អន្តរជាតិជួយការពារសុវត្ថិភាពពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ ដោយកម្ពុជាបានកត់សម្គាល់ឃើញថា ពលករខ្មែរដែលធ្វើការនៅថៃកំពុងប្រឈមនឹងបញ្ហាសុវត្ថិភាពនៅអំឡុងពេលដែលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែន។
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក កែ សុវណ្ណ បានលើកឡើងថា លោកបានទទួលសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនៅក្នុងប្រទេសថៃបានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស និងការប្រព្រឹត្តបែបរើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម និងរងអំពើហិង្សា ខណៈដែលកម្ពុជា និងថៃកំពុងបន្តមានជម្លោះព្រំដែន។ លោកថា ពលករខ្មែរមិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋ និងរដ្ឋដែរ។
ទាក់ទងទៅនឹងការរើសអើងពលករខ្មែរនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានឲ្យដឹងថា រឿងព្រំដែនគឺជារឿងព្រំដែន ប៉ុន្តែរឿងការពារសិទ្ធិរបស់ពលករ គួរតែខាងកម្ពុជាជជែកជាមួយខាងភាគីថៃទាក់ទងនឹងរឿងបន្តទិដ្ឋាការការងារ បើសិនជាពលករខ្មែរនៅមិនទាន់ចង់ត្រឡប់មកកម្ពុជាវិញនោះទេ។
លោក មឿន តុលា បានបន្ថែមថា ទាក់ទងបញ្ហាពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ អ្វីដែលរដ្ឋគួរធ្វើនៅពេលនេះ គឺជួយសម្រួលដល់ពលករដែលត្រឡប់មកវិញ នៅពេលដែលពួកគាត់ផុតអាណត្តិការងារ។
បើតាមរបាយការណ៍របស់ក្រសួងការងារ មុនការវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ មានពលរដ្ឋខ្មែរប្រមាណ ១,២លាននាក់បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក៏ប៉ុន្តែចំនួនពលករខ្មែរចំណាកស្រុកត្រូវបានគេអះអាងថា អាចមានច្រើនជាងនេះ បើគិតទាំងពលករមិនស្របច្បាប់៕









