

មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះស្រាយថៅកែក្រុមហ៊ុនមួយចំនួន បាន រឹតត្បិតសិទ្ធិសេរីភាពកម្មករ សហជីពឯករាជ្យ នៅកន្លែងធ្វើការនិងរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ តាមរយៈការ បង្ខំឱ្យធ្វើការ លើសកម្លាំង។ ការស្នើនេះធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិក នឹងបើកការ ស៊ើបអង្កេត លើកម្ពុជា ពាក់ព័ន្ធ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងលើសសមត្ថភាព នៅតាមរោងចក្រសហគ្រាសនៅកម្ពុជា។
មន្ត្រីសង្គមស៊ីវិលបារម្ភថា កម្ពុជាក៏នឹងប្រឈមការដំឡើងពន្ធ នាំចេញទំនិញទៅកាន់ សហរដ្ឋអាមេរិក ប្រសិនបើរកឃើញថា នៅតាមរោងចក្រសហគ្រាសរបស់កម្ពុជា បានប្រើប្រាស់កម្លាំងពលរដ្ឋ ដោយបង្ខំ និង លើសសមត្ថភាព ក្នុងវិស័យផលិតកម្ម ខុសច្បាប់អាមេរិក។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៦ ខែមីនាថា រដ្ឋាភិបាលកម្ពុជា ត្រូវពិចារណាឱ្យបានត្រឹមត្រូវ ចំពោះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលនឹង បើកការស៊ើបអង្កេត មកលើបណ្ដាប្រទេសមួយចំនួន រួមនឹងកម្ពុជាផង ពាក់ព័ន្ធនឹងបញ្ហាផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ គឺជា បញ្ហារសើប របស់អាមេរិក។
លោកថា ករណីធ្វើការដោយបង្ខំមានរូបភាព ជាច្រើននៅកម្ពុជា ដូចជាការចាក់សោរបង ដើម្បីបង្ខំឱ្យកម្មករប្រឹងធ្វើការ និងការបង្ខំឱ្យកម្មករ ធ្វើការដើម្បីដោះបំណុល រួមនឹងការដាក់សម្ពាធផ្លូវចិត្ត តាមរយៈការដកហូតឯកសារទុក ដូចជា អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារជាដើមដើម្បីកុំឱ្យកម្មករលួចរត់ចេញ ពីកន្លែងការងារជាដើម។
បន្ថែមពីលើនោះ លោកថា បច្ចុប្បន្ននេះ ការរឹតត្បិតសិទ្ធិសេរីភាពសហជីពឯករាជ្យ តាមរយៈការបង្ក្រាបដោយហិង្សា ហើយការ ប្ដឹងផ្ដល់មេដឹកនាំ សហជីពទៅតុលាការ និង ខ្លះត្រូវជាប់គុកអស់ជាច្រើនឆ្នាំដោយសារតែការពារ សិទ្ធិការងាររបស់ខ្លួន ជាដើម។ លោកថា ករណីនេះ ប្រសិនបើតំណាងពាណិជ្ជកម្មអាមេរិករកឃើញថា ថៅកែបាន ដាក់សម្ពាធមកលើកម្មករសហជីព ក្រោមរូបភាព នៃការរឹតត្បិតសិទ្ធិសេរីភាពកម្ពុជានឹងរងការពិន័យតាមរយៈដំឡើងពន្ធ បន្ថែមពីអាមេរិក។
លោក មឿន តុលា៖ «ប្រសិនបើសេរីភាពនោះត្រូវបានរឹតត្បិត តាមរយៈការបណ្ដេញចេញដោយខុសច្បាប់ តាមរយៈតុលាការ ឬក៏តាមរយៈការបង្ក្រាបដោយហិង្សាជាដើម។ គេអាចនឹងពិចារណា គេអាចបកស្រាយថាជាការងារដោយបង្ខំ ឬគេហៅមួយបែបទៀតថា ការងារបែបទាសភាពសម័យថ្មី និងសម័យទំនើប ដែលកម្ពុជាយើងត្រូវប្រយ័ត្នប្រយែងកន្លែងហ្នឹង»។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ថ្ងៃទី១២ ខែមីនា បានប្រកាសនឹងបើកការស៊ើបអង្កេតមកលើបណ្ដាប្រទេសចំនួន៦០នៅថ្ងៃទី២៨ ខែមេសា ដូចជា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង វៀតណាម ថៃ ម៉ាឡេស៊ី និង កម្ពុជា ជាដើម ពាក់ព័ន្ធផលិតកម្ម លើសសមត្ថភាព និងការបរាជ័យក្នុងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ។ អាមេរិកក៏នឹងបើកការស៊ើបអង្កេត លើបញ្ហាខ្លះទៀត តាមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីហាមឃាត់ ការនាំចូលទំនិញទៅសហរដ្ឋអាមេរិក ដែលមានពាក់ព័ន្ធ ការផលិតតាមរយៈពលកម្មដោយបង្ខំ។
ឯកអគ្គរដ្ឋទូត និងជាតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជេមមីសុន ហ្គ្រីអើ (Jamieson Greer )លើកឡើងនៅក្នុងសេចក្ដីប្រកាសថា ជាច្រើនឆ្នាំមកនេះ ទោះបីជាសហគមន៍អន្តរជាតិ យល់ព្រមប្រឆាំង នឹងពលកម្ម ដោយបង្ខំក្ដី រដ្ឋាភិបាលនៃប្រទេសទាំងនោះ នៅតែ បរាជ័យក្នុងការអនុវត្តវិធានការឱ្យប្រសិទ្ធភាព ដើម្បីហាមឃាត់ទំនិញទាំងនោះឲ្យចូលទៅក្នុងទីផ្សារ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទង អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែមីនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក អាត់ ធន់ សង្កេតឃើញថា ការងារដោយបង្ខំមានច្រើននៅកម្ពុជា ជាពិសេស កម្មករធ្វើការមិនបានប្រាក់ខែសមរម្យ ហើយ លក្ខខណ្ឌការងារតឹងរ៉ឹង ពាក់ព័ន្ធការបង្ខំឱ្យកម្មករ ធ្វើការលើសកម្លាំង។ ខណៈកម្មករខ្លះទៀត ធ្វើការមិនគ្រប់តាម ចំនួន ដែលក្រុមហ៊ុនបានកំណត់នឹងត្រូវបានបញ្ឈប់ពីការងារ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ព្រោះគ្មានចំណូល។ ករណីនេះលោកថា នឹងប៉ះពាល់ដល់មុខមាត់កម្ពុជា ដូច្នេះ រដ្ឋាភិបាល គួរតែគិត ពីការធានា នូវបរិយាកាស ការងារសមរម្យ បើកលំហសិទ្ធិសេរីភាពសហជីពឯករាជ្យឱ្យបានពេញលេញ ដើម្បី ទាក់ទាញវិនិយោគិនល្អៗ។
លោក អាត់ ធន់៖ «ឃើញមានការរឹតត្បិតច្រើន ហើយសហជីពឯករាជ្យធ្លាក់ចុះ ដូច្នេះ ខាងនិយោជកធ្វើអ្វីតាមចិត្ត។ នៅពេលនិយោជកធ្វើអីស្រេចចិត្តការងារដោយបង្ខំកើតមាន ហើយលក្ខខណ្ឌការងារមិនល្អ សម្ពាធការងារក៏ខ្ពស់ ថ្ងៃក្រោយធ្វើឱ្យមានការលំបាក។ អ៊ីចឹងគួរតែកែប្រែធ្វើទៅតាមស្តង់ដារ ហើយកែប្រែច្បាប់សហជីពនេះឱ្យត្រូវស្តង់ដារអន្តរជាតិ ILOដែលគេធ្វើការណែនាំ។ ជាពិសេសសិទ្ធិក្នុងការចូលរួម សិទ្ធិក្នុងការបង្កើត និងសិទ្ធិក្នុងការចរចាជាសមូហភាព»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញ ទៅអាម៉េរិក មានតម្លៃ ១២,៧៣ប៊ីលានដុល្លារ ។ ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែកុម្ភៈ សហរដ្ឋអាម៉េរិក បានសម្រេចការយកពន្ធគយ ជាសកល ខណៈកម្ពុជាត្រូវបាន អាមេរិកយកពន្ធគយ ១៩% បើទោះជាកម្ពុជាបានដកពន្ធទាំង អស់លើការនាំចូលរបស់សហរដ្ឋអាម៉េរិកមកកម្ពុជា និងយល់ព្រមទិញ យន្តហោះ ប្រភេទ Boeing 737 Max 8 ចំនួន ១០គ្រឿងក្ដី៕









