អ្នកឃ្លាំមើល​បារម្ភ​ថា ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា នឹង​គ្មាន​តម្លាភាព​បើ​គ្មាន​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង និង​ហ្វឹកហ្វឺន​ឱ្យ​ត្រឹមត្រូវ

0
146
មន្ត្រីទាហានព្រំដែន​ខេត្ត​ប៉ៃលិន។ រូប៖ រដ្ឋបាលខេត្តប៉ៃលិន
មន្ត្រីទាហានព្រំដែន​ខេត្ត​ប៉ៃលិន។ រូប៖ រដ្ឋបាលខេត្តប៉ៃលិន

អ្នកឃ្លាំមើល​បារម្ភ​ថា ការអនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែ​ត នឹង​គ្មាន​តម្លាភាព​នោះ​ទេ រវាង​កូន​អ្នក​មាន​លុយ​មានអំណាច និង​កូន​មកពី​គ្រួសារ​ក្រីក្រ ប្រសិនបើ​គ្មាន​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង និង​ការ​ហ្វឹកហ្វឺន ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ការ​លើកឡើង​នេះ គឺ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី កាតព្វកិច្ច​យោធា កាលពី​ថ្ងៃទី​២៣ ខែ​មេសា។

ក្រោយពី​រដ្ឋាភិបាល បាន​ប្រកាស​ពី​ការ​កែប្រែ​ច្បាប់​អនុវត្ត​កាតព្វកិច្ច​យោធា​អស់​រយៈពេល​ជិត​១​ឆ្នាំ​មក នៅ​ថ្ងៃទី​២៣ ខែមេសា សេចក្ដីព្រាងច្បាប់​ស្ដីពី កាតព្វកិច្ច​យោធា​ថ្មី ក៏​ត្រូវ​បាន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​ជា​ស្ថាពរ​។ ទន្ទឹមគ្នា​នោះ ពលរដ្ឋ​ខ្លះ​សាទរ និង​ខ្លះទៀត​បារម្ភ​ខ្លាច​ការអនុវត្ត ពុំ​មាន​ប្រសិទ្ធភាព ដោយសារតែ ខ្វះ​នូវ​តម្លាភាព និង​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​ការចាយវាយ​ថវិកាជាតិ​ពុំ​ចំ​គោលដៅ​ពិតប្រាកដ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែ​មេសា​ថា ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី កាតព្វកិច្ច​យោធា​ជា​រឿង​ល្អ ហើយ​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការរៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ និង​ផ្ដោត​សំខាន់​លើ​គុណភាព និង​ប្រសិទ្ធភាព ជា​ចម្បង​ក្នុង​ការ​ហ្វឹកហ្វឺន​យុវជន ឱ្យ​ក្លាយជា​យោធា​ដែល​មាន​នូវ​វិជ្ជាជីវៈ​ខ្ពស់។

លោក​ថា រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ គឺ​កង្វះ​ប្រព័ន្ធ​គ្រប់​គ្រង់​ផ្នែក​រដ្ឋាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឱ្យ​អំពើ ពុករលួយ កើតឡើង​ដូចជា ករណី ពលរដ្ឋ​ក្រីក្រ​ត្រូវ​បាន​អនុវត្ត​នូវ​កាតព្វកិច្ច​យោធា យ៉ាង​តឹងរ៉ឹង រីឯ​កូន​អ្នក​មាន​លុយ​មានអំណាច បែរជា​រួច​ផុត​ពី​កាតព្វកិច្ច​យោធា ដែល​ករណីនេះ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន មិន​សប្បាយចិត្ត ហើយ​នឹង​ចោទ​ថា ការ​ហ្វឹកហ្វឺន​យោធា​រដ្ឋាភិបាល គ្មាន​ប្រសិទ្ធភាព និង​តម្លាភាព​ត្រឹមត្រូវ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈរដ្ឋមន្ត្រី ឱ្យ​ដឹង​ថា សេចក្ដីព្រាងច្បាប់​នេះ មាន ៨​ជំពូក និង ២០​មាត្រា ដែល​បាន​រៀបចំឡើង ក្នុង​គោលបំណង កំណត់​ពី​វិធាន​នៃ​ការអនុវត្ត​កាតព្វកិច្ច​យោធា ដើម្បី​រួមចំណែក កសាង​ប្រទេសជាតិ និង​ការពារ​មាតុភូមិ​ជា​ចាំបាច់។

សេចក្ដីព្រាងច្បាប់​នេះ​ដែរ នឹង​មាន​វិសាលភាព ចំពោះ ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់ ២៥​ឆ្នាំ​។ ចំណែក ស្ត្រី ក៏​នឹង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​នេះ​ដែរ ប៉ុន្តែ​ធ្វើឡើង តាមរយៈ​គោលការណ៍​ស្ម័គ្រចិត្ត​។ ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ថា តើ​ច្បាប់​នេះ​នឹង​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ នៅ​ពេល​ណា ហើយ​មិនទាន់​ដឹង​ថា តើ​នឹង​ធ្វើ​ដោយ​របៀប​ណាខ្លះ​នោះ​ដែរ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតិ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៤ ខែមេសា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​។​

​ចាប់តាំងពី​កម្ពុជា​រង​ការឈ្លានពាន​ទឹកដី​ពី​សំណាក់​យោធា ថៃ​ចំនួន​២​លើក​មក អ្នកវិភាគ ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​តែងតែ រិះគន់​យ៉ាងខ្លាំង​មក​លើ​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ដែល​ធ្វើ​ឱ្យ​វិស័យ​យោធា​បន្ត​ធ្លាក់​ដុន​ដាប់ គ្មាន​សម្ភារៈ​យោធា​ទំនើបៗ ក្នុង​ការ​ទប់ទល់​ជាមួយនឹង​សត្រូវ​ឈ្លានពាន​។ ទន្ទឹមគ្នា​នោះ​គេ​តែង​ឃើញ កងទ័ព​ជួរមុខ ខ្វះខាត ស្បៀង និង​សម្ភារៈ​យោធា​។ ករណីនេះ ពលរដ្ឋ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវធ្វើ​ទំនើបកម្ម​យោធា​ឡើងវិញ និង​លុបបំបាត់​អំពើពុករលួយ ក្នុង​វិស័យ យោធា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា ការ​អនុវត្ត​កាតព្វកិច្ច​យោធា គឺ មិនមែន ឱ្យ​ពលរដ្ឋ ឬ យុវជន​ទៅ​ធ្វើ​យោធា​ជា​អចិន្ត្រៃយ៍​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​ហ្វឹកហ្វឺន​ផ្នែក​យោធា​ក្នុង​រយៈពេល​ខ្លី ដើម្បី​បណ្ដុះ​ឱ្យ​ពលរដ្ឋ​មាន​សមត្ថភាព​ផ្នែក​យោធា សម្រាប់​ត្រៀមខ្លួន ក្នុងករណី​ប្រទេស ជាតិ​មាន​គ្រោះអាសន្ន​ភ្លាមៗ ដែល​បង្កឡើង​ពី​ការឈ្លានពាន​ពី​សត្រូវ។

ប៉ុន្តែ​យ៉ាងណា លោ​កថា​ការរៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​នេះ​គឺ រដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ ហើយ ផ្ដល់​តម្លៃ​លើ​ពលរដ្ឋ និង​យុវជន ដែល​បំពេញ​កាតព្វកិច្ច​ទាំងនោះ ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ពួកគេ​ក្លាយជា ធនធាន​ដ៏​រឹងមាំ និង ប្រកបដោយ​កិត្តិយស នៅពេល​បំពេញ​កាតព្វកិច្ច​រួច​។ ការធ្វើ​បែបនេះ ដើម្បី​ឱ្យ​យុវជន​យល់ដឹង​ពី​តម្លៃ​នៃ​ការ​ការពារ​ជាតិ។ លោក​ថា ការអនុវត្ត​កាតព្វកិច្ច​យោធា គឺជា​ផ្នែក​មួយ​នៃ​ការ ធ្វើ​ទំនើបកម្ម​យោធា ប៉ុន្តែ អ្វី​ដែល​សំខាន់ គឺ​រដ្ឋាភិបាល ត្រូវ​លុបបំបាត់​អំពើពុករលួយ និង ត្រូវ​ផ្ដល់​គុណ​តម្លៃ​ពិតប្រាកដ​ក្នុង​ការ​ហ្វឹកហ្វឺន។

ទាក់ទិន​រឿង​នេះ​ដែរ ពលរដ្ឋ អ្នកនយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល ភាគច្រើន បាន​សាទរ​ទៅលើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​កាតព្វកិច្ច​យោធា ព្រោះ​ពួកគាត់​រំពឹង​ថា ទន្ទឹម​នឹង​ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ទំនើបកម្ម​យោធា​ឡើងវិញ ដើម្បី​ពង្រឹង​វិស័យ​យោធា​ឱ្យ​ខ្លាំង ព្រោះថា ចាប់តាំងពី​កម្ពុជា ត្រូវ​បាន​យោធា​ថៃ​ឈ្លានពាន​មក បញ្ហា​ជាច្រើន​បាន​ផុស​ឡើង​ដូចជា បញ្ហា​កង្វះ​ស្បៀង សម្ភារៈ​យោធា និង អាវុធ​ទំនើបៗ ដែល​ប្រើ​ដោយ​បច្ចេកវិទ្យា ក្នុង​ការ​បាញ់​តបត សត្រូវ​ទើប​ធ្វើ​ឱ្យ យោធា​ថៃ បានចិត្ត​វាយ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា និង​កាន់កាប់​ទឹកដី​ខ្មែរ អស់​ជាង​៥០​ទីតាំង​មកដល់​សព្វថ្ងៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ