

មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នឹងមិនអាចលាងជម្រះការសង្ស័យពាក់ព័ន្ធនឹងការដាក់បញ្ចូលឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជុំវិញរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានឡើយ។ ពួកគាត់ក៏សង្ស័យថា លុយរាប់សិបម៉ឺនដុល្លារដែលលោក ស សុខា យកទៅជួលក្រុមហ៊ុនមេធាវីនៅសហរដ្ឋអាមេរិកអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោក ស សុខា បានចំណាយលុយជិត ៣០ម៉ឺនដុល្លារជួលក្រុមហ៊ុនមេធាវីល្បីឈ្មោះចំនួនពីរ ដើម្បីឱ្យជួយបញ្ចុះបញ្ចូល ឬឡប់ប៊ី (Lobby) រដ្ឋាភិបាលអាមេរិកកុំឱ្យដាក់ទណ្ឌកម្មលោកពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែមិថុនាថា តាមគោលការណ៍យុត្តិធម៌ និងនីតិរដ្ឋ ការចំណាយថវិការាប់សិបម៉ឺនដុល្លាររបស់លោក ស សុខា ដើម្បីជួលក្រុមហ៊ុនមេធាវីអាមេរិកឱ្យជួយបញ្ចុះបញ្ចូលពាក់ព័ន្ធទៅនឹងការដកឈ្មោះខ្លួនចេញពីបញ្ជីខ្មៅនោះ គួរតែត្រូវបានស៊ើបអង្កេតឱ្យបានច្បាស់លាស់។ លោកបន្តថា ប្រសិនលោក ស សុខា ចង់លាងជម្រះខ្លួនចេញពីបញ្ជីខ្មៅរបស់អាមេរិកលុះត្រាតែលោកហ៊ានបង្ហាញភស្តុតាង និងចេញមុខសារភាពទៅលើមេខ្លោងធំពិតប្រាកដ ដែលអនុញ្ញាតឱ្យឧស្សាហកម្មឆបោកតាមអនឡាញដំណើរការពាសពេញប្រទេសនៅកម្ពុជា។
លោក គឹម សុខ៖ «ប្រសិនបើ លោក ស សុខា មិនហ៊ានបង្ហាញឱ្យប្រាកដប្រជាក្នុងនាមគាត់ជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាត់នៅតែជាប់ពាក់ព័ន្ធដដែលទេ។ ការប្រាថ្នារបស់គាត់ចង់ដកឈ្មោះចេញពីបញ្ជីឆបោកអនឡាញអន្តរជាតិនោះទៅមិនរួចឡើយ ប្រសិនបើគាត់មិនហ៊ាននិយាយការពិតថា តើការឆបោកអនឡាញនៅកម្ពុជាពាក់ព័ន្ធនឹងនរណាខ្លះ ឧទាហរណ៍ លោក ហ៊ុន សែន ក្រុមគ្រួសារ ហ៊ុន ក៏ប៉ុន្តែមិនពាក់ព័ន្ធនឹងគាត់ទេ ពីព្រោះនៅកម្ពុជាត្រូវគេរកឃើញថា មានបណ្ដាញឆបោកអនឡាញគគ្រឹកគគ្រេងទៅហើយ»។
ការលើកឡើងរបស់តំណាងរដ្ឋាភិបាលក្រៅប្រទេសនេះធ្វើឡើងក្រោយពីក្រសួងយុត្តិធម៌អាមេរិកបានបង្ហាញឯកសារជាសាធារណៈកាលពីថ្ងៃទី១ ខែមិថុនា ដែលបង្ហាញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាគឺលោក ស សុខា បានជួលក្រុមហ៊ុនមេធាវីអាមេរិកចំនួន ២ គឺការិយាល័យក្រុមហ៊ុនមេធាវី សាយដិន ឡ (Seiden Law) និងណែលសិន ម៉ុលលិនស៍ (Nelson Mullins) ក្នុងទំហំទឹកប្រាក់ជិត ៣០ម៉ឺនដុល្លារដើម្បីឱ្យជួយបញ្ចុះបញ្ចូល ឬឡប់ប៊ី (Lobby) រដ្ឋាភិបាលអាមេរិកប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរូបលោកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ឯកសាររបស់ក្រសួងយុត្តិធម៌អាមេរិកបង្ហាញទៀតថា លោក ស សុខា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលក្រុមហ៊ុនមេធាវីទាំងនេះតាំងពីអំឡុងខែឧសភា ហើយក្រុមហ៊ុនមេធាវីទាំងពីរនេះបានសន្យាថា នឹងបន្តសកម្មភាពការទូតជាមួយសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលអាមេរិករហូតដល់ខែកក្កដា។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានរងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយមេខ្លោងឧក្រិដ្ឋជនអនឡាញគឺលោក ចេន ហ្ស៊ី (Chen Zhi) ដែលអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្នុងទំហំទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិកពាក់ព័ន្ធនឹងសកម្មភាពបើកដំណើរការឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។ កន្លងទៅ លោក ស សុខា ធ្លាប់ចេញមុខបដិសេធ និងបញ្ជាក់ពីការមិនទទួលខុសត្រូវតាមផ្លូវច្បាប់ណាមួយឡើយ។
លោក ស សុខា ស្ថិតក្នុងចំណោមមន្ត្រីកំពូលៗចំនួនទៀតរបស់កម្ពុជាដែលត្រូវបានសមាជិកសភាអាមេរិកដាក់ក្នុងបញ្ជីខ្មៅពាក់ព័ន្ធអំពើឆបោកតាមអនឡាញ។ កាលពីខែតុលា ឆ្នាំ២០២៥ សមាជិកសភាអាមេរិកជាច្រើនរូបបានគាំទ្រ និងបានស្នើដាក់ឈ្មោះលោក ស សុខា រួមទាំងមន្ត្រី ឧកញ៉ាឈ្មួញគ្រាក់ៗ និងសមាជិកនៃរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ដោយសារតែជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកទាំងនោះរួមមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា អគ្គស្នងការនគរបាលជាតិលោក ស ថេត ឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ និងត្រូវជាប្អូនថ្លៃរបស់លោក ហ៊ុន ម៉ាណែត គឺលោក ឌី វិជ្ជា បងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ អភិបាលខេត្តកណ្តាល និងជាអតីតអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ម្ចាស់ក្រុមហ៊ុនកាស៊ីណូក្រោន និងជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច លោក កុក អាន អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងកូនប្រុសរបស់អតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ រួមទាំងមនុស្សមួយចំនួនទៀត។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីពេលថ្មីៗនេះថា ការសម្រេចចិត្តរបស់លោក ស សុខា ក្នុងការជួលក្រុមហ៊ុនមេធាវីអាមេរិកនោះ គឺជាសិទ្ធិបុគ្គលិក ដើម្បីការពារលាងជម្រះ និងបញ្ជាក់ភាពស្អាតស្អំរបស់លោក ក្រុមគ្រួសារ និងប្រទេសកម្ពុជា។ លោកបន្ថែមថា ការជួលក្រុមហ៊ុនមេធាវីនេះ ក៏មានគោលបំណងការពារសុវត្ថិភាព និងផលប្រយោជន៍របស់លោក ស សុខា ក្នុងនាមជាប្រមុខក្រសួងមហាផ្ទៃដែលកំពុងដឹកនាំកម្លាំងអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
យ៉ាងណាក៏ដោយចុះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ការលាតត្រដាងជាបន្តបន្ទាប់របស់អង្គការអន្តរជាតិជាច្រើន ព្រមទាំងការជំរុញពីសមាជិកសភាអាមេរិកមួយចំនួនលោក ស សុខា មិនអាចលាងជម្រះឈ្មោះរបស់ខ្លួនបានដោយងាយស្រួលតាមរយៈការជួលក្រុមហ៊ុនមេធាវីឱ្យបញ្ចុះបញ្ចូល ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មនោះឡើយ។ លោកបន្តថា ប្រសិនបើលោក ស សុខា ពិតជាមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងនោះទេ លោកមិនចាំបាច់ព្រួយបារម្ភ ឬចំណាយថវិការាប់សិបម៉ឺនដុល្លារអាមេរិក ដើម្បីជួលក្រុមហ៊ុនមេធាវីឱ្យធ្វើសកម្មភាពបញ្ចុះបញ្ចូលនោះឡើយ។ ផ្ទុយទៅវិញ លោក ស៊ឹង សែនករុណា យល់ថា លោក ស សុខា គួរតែផ្តោតលើការបំពេញតួនាទីរបស់ខ្លួន និងសហការបង្ហាញការពិតជុំវិញអ្នកដែលពាក់ព័ន្ធពិតប្រាកដក្នុងអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញវិញ។
លោក ស៊ឹង សែនករុណា៖ «ហើយនៅក្នុងតួនាទីត្រឹមជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ុណ្ណឹងតើគាត់មានចំណូល ប្រាក់ខែរបស់គាត់ គាត់មានចំណូលរបៀបម៉េចបានមានថវិការាប់សែនដុល្លារទៅជួលក្រុម ឡប់ប៊ី បញ្ចុះបញ្ចូលទៅធ្វើកិច្ចការងារហ្នឹង? ត្រូវធ្វើការស៊ើបអង្កេតទៅលើបុគ្គលជាប់ពាក់ព័ន្ធទាំងអស់មិនមែនតែទៅលើរឿងលោក ស សុខា នោះទេ គឺទៅលើក្រុមពួកឧកញ៉ា អ្នកដែលមានតួនាទីធំៗមួយចំនួនទៀតដែលគេរកឃើញហ្នឹង ហើយបើរកឃើញថា មានការពាក់ព័ន្ធមិនត្រូវធ្វើការការពារគ្នានោះ ទេ ត្រូវតែហ៊ាន ចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់»។
ជាមួយគ្នានេះ តំណាងរដ្ឋាភិបាលក្រៅប្រទេស លោក គឹម សុខ លើកឡើងថា បើទោះបីលោក ស សុខា និងមន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងទៀតរបស់កម្ពុជាមិនទាន់ទទួលរងទណ្ឌកម្មជាផ្លូវការក៏ដោយក៏លោកយល់ថា ប្រសិនបើពួកគេធ្វើដំណើរជាលក្ខណៈឯកជនទៅកាន់ប្រទេសដែលសហការជាមួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ អាជ្ញាធរនៃប្រទេសទាំងនោះអាចចាត់វិធានការតាមផ្លូវច្បាប់ ឬឃាត់ខ្លួនដើម្បីសួរនាំបានគ្រប់ពេល៕









