អ្នកឃ្លាំមើល​ស្នើ​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​ទ្រទ្រង់​លំនឹង​ជីវភាព​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព

0
57
ស្ថានភាពពលរដ្ឋភៀសសឹក​នៅស្រែណូយ ខេត្ត​សៀមរាប កាល​ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ស្ថានភាពពលរដ្ឋភៀសសឹក​នៅស្រែណូយ ខេត្ត​សៀមរាប កាល​ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នកឃ្លាំមើល​ស្នើ​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​ទ្រទ្រង់​លំនឹង​ជីវភាព​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ព្រោះ​បារម្ភ​ខ្លាច​មាន​អំពើពុករលួយ និង​បក្ខពួក​និយម​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រៀម​កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​។ ដើម្បី​រក្សា​លំនឹង​សេដ្ឋកិច្ចជាតិ ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។

អ្នកឃ្លាំមើល បារម្ភ​ខ្លាច ការ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ដើម្បី​លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​ពលរដ្ឋ មិន​មាន​ប្រសិទ្ធភាព និង​តម្លាភាព ដោយសារ​អំពើពុករលួយ និង​បក្ខពួក​និយម​នៅ​កម្ពុជា កើតឡើង​ស្ទើរ​គ្រប់​ស្ថាប័ន​របស់​រដ្ឋ។ ពួកគេ​ថា ដើម្បី​ឲ្យ​មាន​លំនឹង​សេដ្ឋកិច្ច និង​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​អំពើពុករលួយ ហើយ​ចំណាយ​ទៅលើ​វិស័យ​ចំនួន​៣ ជា​ចម្បង ដូចជា វិស័យ​ធុរកិច្ច​ធន​តូច និង​មធ្យម វិស័យ​អប់រំ ផ្ដោត​ទៅ​បង្ហាត់បង្រៀន​ជំនាញ​ទៅដល់​ពលរដ្ឋ និង​វិស័យ​សុខាភិបាល។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែកក្កដា ថា លោក​សាទរ​ចំពោះ​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ដើម្បី​លំនឹង​សេដ្ឋកិច្ចជាតិ និង​ជីវភាព​របស់​ពលរដ្ឋ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ រដ្ឋ​ត្រូវ​លុបបំបាត់​អំពើពុករលួយ និង​បក្ខពួក​និយម​ជាមុន​សិន ពីព្រោះ​លោក​បារម្ភ​ខ្លាច​ថវិកា​មិន​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​។ លើស​ពី​នោះ លោក​ថា វិស័យ​ចំនួន​៣ ដែល​រដ្ឋ​ត្រូវ​ពង្រឹង​ជា​អាទិភាព មាន​ដូចជា​វិស័យ​ធុរកិច្ច​ធន​តូច និង​មធ្យម វិស័យ​អប់រំ​ផ្ដោត​លើ​បង្ហាត់បង្រៀន​ជំនាញ​ដល់​ពលរដ្ឋ និង​វិស័យ​សុខាភិបាល ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ទៅលើ​បញ្ហា​សុខភាព។

លោក ប៉ោ មករា៖ «​ខ្ញុំ​គិតថា​ថវិកា​ដែល​ចាក់​ចូល ឬក៏​បម្រុង​សម្រាប់​ស្តារ​សេដ្ឋកិច្ច ឬ​ទុក​សម្រាប់​ប្រជាជន​ក៏ដូចជា​ស្ថានភាព​សេដ្ឋកិច្ច ពលរដ្ឋ​ទាំងអស់​ដែល​មាន​ស្ថានភាព​ណឹង ដែល​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន​ទាល់តែ​ពិនិត្យ​អំពី​បញ្ហា​ពុករលុយ​បក្សពួកនិយម មិន​ចឹង​ទេ​គួរតែ មានការ​ឆែក​អីន បាលែន (Check in balance) មានន័យថា ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​បញ្ហា​អំពើ​ពុករលុយ​ស្ថិត​នៅ​ក្នុង​ការ​ចាយវាយ ស្ថិត​ក្នុង​ការ​អនុវត្ត​​គម្រោង​ដែល​យក​ទៅ​ចាយ​ក្នុង​គម្រោង​ស្តា​សេដ្ឋកិច្ច​ទ្បើង​វិញ»។

ជុំវិញ​បញ្ហា​នេះ​ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​៩ ខែ​កក្កដា។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​០៧ ខែកក្កដា​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែង​នៅក្នុង​ជំនួប​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ​ថា រដ្ឋាភិបាល​កម្ពុជា ត្រៀម​បញ្ចេញ​កញ្ចប់​អន្តរាគមន៍​ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់ ១ ២៤៤​លាន​ដុល្លារ​អាមេរិក ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ជួប​វិបត្តិ​។ ក្នុង​នោះ កញ្ចប់​វិធានការ ទី​១ គឺ​ផ្តោត​លើ​ការ​រក្សា​លំនឹង​ជីវភាព ដោយ​ផ្សារភ្ជាប់​នឹង​ការបង្កើត​ការងារ​។ កញ្ចប់​វិធានការ​ទី​២ ផ្តោត​លើ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ផ្សារភ្ជាប់​នឹង​ការបង្កើត​មុខរបរ​។ និង កញ្ចប់​អន្តរាគមន៍​ទី ៣ ផ្តោត​លើ​ការគ្រប់គ្រង ការ​ធ្វើ​អន្តរ​កម្ម និង​ការ​បំប្លែង​ថាមពល ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

បើ​ទោះ​ជា​បែបនេះ​ក្ដី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​វាយតម្លៃ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ២០២៦ បាន​ប៉ាន់​ស្មានថា កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ទាប​ក្នុង​រង្វង់​៣​ភាគរយ​។ កំណើន​នេះ បាន​ឆ្លុះបញ្ចាំង​អំពី ភាព​មិន​ប្រកដប្រជា និង​បរិការណ៍​ដែល​កម្ពុជា​ទទួលរង​នូវ​ផល​ប៉ះពាល់​ពហុ​វិបត្តិ​ផ្ទួនៗ រួមមាន​ដូចជា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បង្ក​ឱ្យ​មាន​ការ​ឡើង​ថ្លៃ​ប្រេងឥន្ធនៈ បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ភាព​មិន​ប្រាកដ​ប្រជា នៃ​សេដ្ឋកិច្ច​សកល។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល កសាង​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​បរទេស​ឡើងវិញ​និង​ការ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​បញ្ជា​ទិញ តាមរយៈ​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ឲ្យ​ចំ​គោលដៅ ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​លោក​សេរី​ទុកចិត្ត ដើម្បី​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ដោះស្រាយ​វិបត្តិ​ជីវភាព​របស់​ពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ