អ្នកឃ្លាំមើល​ថា អំពើពុករលួយ​កំពុង​សម្អុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ

0
101
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង។ រូប៖ បណ្ដាញសង្គម
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង។ រូប៖ បណ្ដាញសង្គម

មន្ត្រី​រដ្ឋាភិបាល​ក្រៅប្រទេស និង​អ្នកឃ្លាំមើល​លើកឡើងថា អំពើពុករលួយ​នៅ​កម្ពុជា មិន​ត្រឹមតែ​ប៉ះពាល់​សេដ្ឋកិច្ចជាតិ និង​សម្អុយ​កេរ្តិ៍​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បង្កើត​ឡើង​ប្រើប្រាស់​ដើម្បី​ពង្រឹង​អំណាច។ ការ​លើកឡើង​នេះ​ស្របពេល​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា កំពុង​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​លើ​មន្ត្រី​ដែល​ទទួល​សំណូក​ពី​ក្រុមហ៊ុន​សំណង់​ជប៉ុន ហ្វូជីផាស (Fujipass) ជា​ថ្នូរ​នឹង​កា​រពន្លឿន​នីតិវិធី​លក់​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែ​កក្កដា​ថា នៅ​ប្រទេស​ជប៉ុន​អំពើពុករលួយ​ជា​បទល្មើស​ឧក្រិដ្ឋ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​តែងតែ​ចាត់វិធានការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​។ លោក​យល់ថា ដោយសារតែ​ជប៉ុន​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ប្រឆាំង​នឹង​អំពើពុករលួយ​នេះ ទើប​ជប៉ុន​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ការ​អភិវឌ្ឍ​ដល់​កំពូល។

ចំណែក នៅ​កម្ពុជា​វិញ លោក គឹម សុខ លើកឡើង​ថា អំពើពុករលួយ​បាន​ក្លាយជា​វប្បធម៌ និង​ជា​ទម្លាប់​ពង្រឹង​អំណាច​របស់​ក្រុម​ថ្នាក់ដឹកនាំ​ដែល​ជា​ហេតុ​ទាញ​ឱ្យ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មាន​ប្រជាជន​ក្រីក្រ​វេទនា និង​សម្បូរ​ទៅ​ដោយ​ក្រុម​ឧក្រិដ្ឋជន​។ លោក​បន្ថែម​ថា ការ​កម្ចាត់​អំពើពុករលួយ និង​គ្រួសារ​បក្ខពួក​និយម​មិនអាច​បញ្ចប់​បាន​តាមរយៈ​ការស៊ើបអង្កេត ឬ​ចាប់ខ្លួន​មន្ត្រី​តូចតាច​បាន​ឡើយ ព្រោះ​ប្រព័ន្ធ​នេះ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

លោក គឹម សុខ៖ «នៅ​ប្រទេស​ជប៉ុន គេ​បង្កើត​ទម្លាប់​កម្ចាត់​អំពើពុករលួយ​ដាច់ខាត​។ អ៊ីចឹង​ហើយ បានជា​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ល្អៗ​នៅ​ជុំវិញ​ពិភពលោក ចូលចិត្ត​រកស៊ី​ជាមួយ​ជប៉ុន ក៏ប៉ុន្តែ​នៅ​កម្ពុជា​យើង ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ បក្ខពួក​និយម និង​ការ​បំពានច្បាប់ ហេតុ​ដូច្នេះហើយ ទើប​កម្ពុជា​របស់​យើង ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច ប្រជាពលរដ្ឋ​ក្រីក្រ និង​វ័ណ្ឌក​ដោយ​បំណុល វេទនា​ដូច​យើង​ឃើញ​បច្ចុប្បន្ន»។

ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ចេញ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​៨ ខែកក្កដា ថា កំពុង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដើម្បី​បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​មន្ត្រី​របស់​ខ្លួន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឯកជន​ជប៉ុន​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០២១។

ចំណាត់ការ​របស់​ក្រសួង​នេះ ធ្វើឡើង​បន្ទាប់ពី​កាសែត ឌឹ ជប៉ុន ថាមស៍ (The Japan Times) បាន​រាយការណ៍​កាលពី​ថ្ងៃទី​៧ ខែកក្កដា ថា អយ្យការ​ក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន បាន​ចោទប្រកាន់​ក្រុមហ៊ុន ហ្វូជីផាស (Fujipass) និង​មនុស្ស​ពាក់ព័ន្ធ​ចំនួន ៣​នាក់ ពី​បទ​សូកប៉ាន់​មន្ត្រី​បរទេស ក្រោម​ច្បាប់​ជប៉ុន​ស្ដីពី​ការប្រកួតប្រជែង​មិន​ស្មោះត្រង់។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ មាន​ពីរ​នាក់​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្វូជីផាស និង​ម្នាក់ទៀត​ជា​អតីត​ទីប្រឹក្សា​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​កម្ពុជា។

យោង​តាម​ការ​រាយការណ៍​របស់​កាសែត ឌឹ ជប៉ុន ថា​ម​ស៍ ឱ្យដឹង​ថា ប៉ូលិស​ក្រុង​តូក្យូ​បាន​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​តាំងពី​ខែ​មិថុនា ឆ្នាំ​២០២៦ បន្ទាប់ពី​ការស៊ើបអង្កេត​បាន​រក​ឃើញថា ក្រុមហ៊ុន ហ្វូជីផាស បាន​ផ្ដល់​សំណូក​ប្រមាណ ១​ពាន់​ដុល្លារ​អាមេរិក​ដល់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ម្នាក់ កាលពី​ខែកក្កដា ឆ្នាំ​២០២១ ជា​ថ្នូរ​នឹង​ការ​ពន្លឿន​នីតិវិធី​លក់​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។

ក្រុមហ៊ុន ហ្វូជីផាស (Fujipass) ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​សំណង់ និង​បច្ចេកវិទ្យា។ បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ក៏​ធ្លាប់​ប្រកប​អាជីវកម្ម​បញ្ជូន​កម្មសិក្សាការី​បច្ចេកទេស​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១០ ខែ​កក្កដា។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា បញ្ហា​អំពើពុករលួយ​នៅ​កម្ពុជា​បាន​ក្លាយជា​ជំងឺមហារីក​ដែល​មិន​ងាយ​ព្យាបាល​។ លោក​បន្ត​ថា ចំណែក​ប្រព័ន្ធ​យុត្តិធម៌​វិញ​ត្រូវ​បាន​ក្រុម​អ្នកមាន​ឥទ្ធិពល និង​អំណាច​ជាន់ឈ្លី និង​បង្កើត​ឱ្យ​មាន​ជា​ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម​ពាសពេញ​ក្នុង​ស្ថាប័នរដ្ឋ។

លោក ស៊ឹង សែនករុណា បន្ត​ថា ក្នុង​ពេល​កម្ពុជា​បាន​ធ្លាក់​ដល់​ស្ថានភាព​បែបនេះ​ក្រុម​ថ្នាក់ដឹកនាំ និង​អ្នក​មាន​អំណាច​អាច​ប្រើ​ឥទ្ធិពល​កែប្រែ ឬ​បង្វែរ​ការអនុវត្ត​ច្បាប់​តាម​ទំនើងចិត្ត ខណៈ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពិតប្រាកដ​គឺ​ប្រជាពលរដ្ឋ​ទូទៅ និង​ការ​អាប់ឱន​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ។

លោក ស៊ឹង សែនករុណា៖ «អំពើពុករលួយ​នៅក្នុង​សង្គម​កម្ពុជា​ហ្នឹង អត់​អាច​លាង​ជម្រះ​បានទេ អ៊ីចឹង​ហើយ បាន​ទាល់​តែ​មាន​ការ​ដូរ​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង ឬក៏​ដូរ​ផ្លាស់​នូវ​របប​គ្រប់គ្រង អាហ្នឹង​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ហ្នឹង​មានការ​កែ​លម្អ​បាន បើសិនជា នៅ​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​សព្វថ្ងៃ យើង​មិនអាច​យក​មក​ប្រៀបធៀប​អី​ជាមួយ និង​បណ្ដា​ប្រទេស​លោក​សេរី​បានទេ ពីព្រោះ​គេ​ច្បាប់​គឺ​ច្បាប់ មន្ត្រី​គេ​គឺជា​អ្នក​ដែល​មាន​សមត្ថភាព និង​គុណភាព ហើយ​អនុវត្ត​ច្បាប់​វិញ​គឺ​មាន​ការទទួលខុសត្រូវ​ខ្ពស់»។

អ្នកឃ្លាំមើល និង​មន្ត្រី​រដ្ឋាភិបាល​ក្រៅប្រទេស​លើកឡើង​ថា គ្មាន​មន្ត្រី​ថ្នាក់​ជាតិ​ណា​ដែល​បាន​ប្រព្រឹត្ត ឬ​បង្កើត​ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​បក្ខ​ពួកនិយម និង​អំពើពុករលួយ​លេចធ្លោ​ជាង​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ឡើយ​។ ពួកគាត់​ថា ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម និង​អំពើពុករលួយ ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ឪ​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​នេះ ក៏បាន​កែប្រែ​ឱ្យ​កម្ពុជា​ក្លាយទៅជា​ជម្រក​អំពើ​ឧក្រិដ្ឋកម្ម មជ្ឈមណ្ឌល​ឆបោក​អនឡាញ​របស់​ឧក្រិដ្ឋជន និង​អំពើ​ខុសច្បាប់​នានា ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​រង​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ