

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អះអាងថា កងទ័ពវៀតណាមនៅតែបន្តធ្វើសកម្មភាពល្បាតជាប្រចាំនៅតំបន់ព្រំដែនក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ កងទ័ព វៀតណាមក៏បានរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យប្រើប្រាស់ដីកសិកម្មដែលជាកម្មសិទ្ធិរបស់ពួកគេ ដោយរឹបអូសគោក្របីពីពលរដ្ឋខ្មែរនៅពេលដែលចុះទៅធ្វើស្រែ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា នៅថ្ងៃទី៦ ខែកក្កដា នេះ ទាហានវៀតណាមបានល្បាតនៅតំបន់ជិតភូមិដូង ស្ថិតនៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីទីតាំងដែលលោកអះអាងថា ធ្លាប់មានផ្ទះប្រជាពលរដ្ឋខ្មែរ៦ខ្នង។ លោក ថា បច្ចុប្បន្នផ្ទះនៅសល់តែពីរខ្នងប៉ុណ្ណោះ ហើយប្រជាពលរដ្ឋត្រូវបានហាមឃាត់មិនឱ្យធ្វើស្រែ ខណៈមានករណីរឹបអូសគោ ក្របី និងឧបករណ៍កសិកម្មពីអ្នកដែលចូលទៅធ្វើស្រែនៅតំបន់នោះ និងតម្រូវឱ្យបង់ប្រាក់ពិន័យដើម្បីយកមកវិញ។
ពាក់ព័ន្ធនឹងការកំណត់ព្រំដែន លោក អ៊ុំ សំអាន បានអះអាងថា មានដីប្រមាណ ៧០០ ម៉ែត្រតាមបណ្ដោយព្រំដែនក្នុងឃុំដូង បានស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមរួចហើយ។ លោកព្រួយបារម្ភអំពីដី ៣០០ ម៉ែត្រទៀត បន្ទាប់ពីអាជ្ញាធរបានដកហូតបង្កាន់ដៃកម្មសិទ្ធិដីពីប្រជាពលរដ្ឋនៅភូមិដូង និងភូមិអង្គញ់ ហើយមិនចេញប្លង់រឹងជូនពួកគេ។
លោក អ៊ុំ សំអាន៖ «មុនគេចេញប្លង់ឱ្យប្រជាពលរដ្ឋ នៅភូមិដូង ភូមិអង្គញ់ ប៉ុន្តែដល់ថ្មីៗនេះ គេដកហូតយកបង្កាន់ដៃ ដែលត្រូវផ្ដល់ប្លង់រឹងទៅឱ្យប្រជាពលរដ្ឋ គេថាគេលែងចេញប្លង់ឱ្យហើយ។ បង្កាន់ដៃគេឱ្យពីមុន ក៏ដកយកមកវិញដែរ។ អ៊ីចឹងប្រជាពលរដ្ឋ ព្រួយបារម្ភថា ដី ៣០០ ម៉ែត្រនៅតាមព្រំដែន ចំនួន ៥ ភូមិ នៅភូមិអង្គញ់ ភូមិដូង ក្នុងឃុំដូង ខេត្តស្វាយរៀង គឺច្បាស់ជាបាត់ទៅប្រទេសវៀតណាមហើយ ព្រោះគេដកយកបង្កាន់ដៃ»។
លោក អ៊ុំ សំអាន បានបន្ថែមទៀតថា ដំណើរការបោះបង្គោលព្រំដែនដែលនៅសេសសល់ប្រមាណ ១៦% រវាងកម្ពុជា និងវៀតណាម នាពេលខាងមុខអាចនាំឱ្យកម្ពុជាបាត់បង់ដីបន្ថែម។ លោក ហ៊ុន ម៉ាណែត នឹងបោះបង្គោលនៅតំបន់នោះ ក្នុងពេលឆាប់ៗខាងមុខ ព្រោះគាត់ទើបមកពីប្រទេសវៀតណាម សន្យាថា នឹងបោះបង្គោលព្រំដែនឱ្យចប់សព្វគ្រប់។
ប្រជាពលរដ្ឋម្នាក់បានប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា ទាហានវៀតណាម តែងតែហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឱ្យធ្វើស្រែនៅលើដីរបស់ពួកគាត់។ ទាហានវៀតណាម តែងចាប់យកគោ នង្គ័ល ក្របី ពីពលរដ្ឋខ្មែរនៅពេលពួកគាត់ទៅភ្ជួរស្រែនៅលើដីស្រែរបស់ពួកគាត់។ ពលរដ្ឋរូបនេះ អះអាងថា លើសពីនេះអាជ្ញាធរវៀតណាម បានឱ្យប្រជាពលរដ្ឋបង់ផាកពិន័យ ដើម្បីឱ្យរាងចាលកុំឱ្យទៅធ្វើស្រែនៅតំបន់នោះទៀត។
អ្នកភូមិដដែលបានអះអាងថា ខាងវៀតណាម ចាត់ទុកជាតំបន់សមិនទាន់បោះបង្គោលនៅឡើយ ប៉ុន្តែតំបន់សនោះ វៀតណាមអាចគ្រប់គ្រងបាន អាចធ្វើកសិកម្មបាន ប៉ុន្តែខ្មែរធ្វើមិនបាននោះទេ ។ លោកថា ចំណែកបង្កាន់ដៃ ដែលមន្ត្រីជំនាញបានចុះវាស់វែងជាប្រព័ន្ធ កាលពីដើមឆ្នាំ២០២៥ អាជ្ញាធរខ្មែរបានដកយកទៅវិញ ដោយប្រាប់ថា អ្នកដែលមានដីជាប់ព្រំដែនចម្ងាយ ៣០០ម៉ែត្រ រដ្ឋមិនចេញប្លង់កម្មសិទ្ធិកាន់កាប់ឱ្យទេ។ ប្រជាពលរដ្ឋ ព្រួយបារម្ភថា ដី ៣០០ ម៉ែត្រនៅតាមព្រំដែន ចំនួន ៥ ភូមិ នៅក្នុងឃុំដូង គឺច្បាស់ជាបាត់ទៅប្រទេសវៀតណាម ព្រោះអាជ្ញាធរកម្ពុជាបានដកយកបង្កាន់ដៃវិញ។
កន្លងមក រដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបោះបង្គោល និងការកំណត់ព្រំដែនជាមួយវៀតណាម ធ្វើឡើងដោយផ្អែកលើសន្ធិសញ្ញា និងឯកសារច្បាប់ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ហើយបានច្រានចោលការចោទប្រកាន់ថា កម្ពុជាបានកាត់ទឹកដីឱ្យវៀតណាម។
នៅក្នុងជំនួបរវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីខែមេសា ឆ្នាំ២០២៦ កន្លងមក កម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាពន្លឿនការបោះបង្គោលព្រំដែនឱ្យចប់ជាស្ថាពរនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ស្របតាមអ្វីដែលបានឯកភាពគ្នាកន្លងមក។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ជឿថា កម្ពុជានឹងបាត់បង់ដីនៅតាមតំបន់ព្រំដែនបន្ថែមទៀតទៅវៀតណាម តាមរយៈកិច្ចព្រមព្រៀងរបស់មេដឹកនាំប្រទេសទាំងពីរ ក្នុងការពន្លឿនការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀតឱ្យបានឆាប់ ក្នុងនោះក៏មានការដោះដូរដី៦ភាគរយ ដូចករណីយកភូមិ លោក ហេង សំរិន អតីតប្រធានរដ្ឋសភា នៅក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដូរជាមួយដីខ្មែរដើម្បីកាត់ទៅឱ្យវៀតណាមយ៉ាងដូច្នោះដែរ។
កម្ពុជា និងវៀតណាមមានព្រំដែនគោកប្រវែងជាង ១,២៧០គីឡូម៉ែត្រ ក្នុងនោះ ការបោះបង្គោលព្រំដែនរួចរាល់សម្រេចបាន ៨៤%។ ចំណែកនៅសេសសល់ ១៦% ទៀត មាន ៦% ត្រូវបានមេដឹកនាំប្រទេសទាំង២ ព្រមព្រៀងគ្នាផ្តល់អាទិភាពលើដំណោះស្រាយដោយការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកន្លងមក។ ការបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាល លោកហ៊ុន សែន ជាមួយវៀតណាមកន្លងមក សម្រេចបាន ៨៤% គឺធ្វើតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា៕








