ភាគី​រោងចក្រ ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ បដិសេធ​ការ​លើកឡើង​ទាំងអស់ ខណៈ​កម្មករ​បន្ត​ការ​តវ៉ា

0
84
ទិដ្ឋភាពកម្មករ កម្មការិនី​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ប្រដាក់ (ខេមបូឌា) (Quan Xing ZhiChuang Leisure) តវ៉ា កាលពីថ្ងៃទី២៩ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក Seang Rithy
ទិដ្ឋភាពកម្មករ កម្មការិនី​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ប្រដាក់ (ខេមបូឌា) (Quan Xing ZhiChuang Leisure) តវ៉ា កាលពីថ្ងៃទី២៩ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក Seang Rithy

កម្មករ​កម្មការិនី​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺ​រ ប្រដាក់ (​ខេ​ម​បូ​ឌា​) ឯ​.​ក បន្ត​ការ​តវ៉ា​នៅមុខ​រោងចក្រ​ជាថ្មី ដើម្បី​ជំរុញ​ឲ្យ​ភាគី​ក្រុមហ៊ុន​អនុវត្ត​តាម​លក្ខខណ្ឌ​ឲ្យ​បាន​សមរម្យ និង​ទទួលយក​សហជីព​ទាំង​៣​នាក់​ចូល​ធ្វើការ​វិញ។ ភាគី​ក្រុមហ៊ុន បដិសេដ​ការ​លើកឡើង​ទាំងអស់​របស់​កម្មករ និង​សហជីព ហើយ​ថា ក្រុមហ៊ុន​ព្រម​អនុវត្ត​តាម​នីតិវិធី​វិធី​ច្បាប់​។ មន្ត្រី​សិទ្ធិ​ការងារ និង​កម្មករ​យល់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​តួនាទី​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​គោលការណ៍​ច្បាប់។

នៅ​ព្រឹក​ថ្ងៃទី​៣១ កក្កដា​នេះ កម្មករ កម្មការិនី​រោងចក្រ ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺ​រ ប្រដាក់ (ខេមបូឌា) ឯ​.​ក (Qian Xing Zhi Chuang Leisure Products (Cambodia) Co., Ltd.) បន្ត​ការ​តវ៉ា​ជា​លើក​ទី​០៤ នៅមុខ​រោងចក្រ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ខាង​ក្រុមហ៊ុន​គោរព​តាម​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទទួលយក​តំណាង​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

សហជីព​មូលដ្ឋាន និង​ជា​កម្មករ​រោងចក្រ​ឈាន ស៊ីង លោក ខុន សុខចាន់ ថ្លែង​ថា កម្មករ​រោងចក្រ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ជាក់លាក់​ណាមួយ​ពី​ភាគី​ក្រុមហ៊ុន និង​ក្រសួង​ការងារ​នៅឡើយ​ហើយ​ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​នេះ​រហូត​បាន​ដំណោះស្រាយ​។ លោក​ថា កម្មករ​នៅតែ​បន្ត​ការ​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ប​ញ្ឍប់​រដ្ឋបាល​ក្រុមហ៊ុន ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​បាន​ដោយ​មិន​មាន​ភាព​ភ័យខ្លាច និង​សម្ពាធ​ផ្លូវចិត្ត​ជាដើម​។ លោក​ថា ក្រុមហ៊ុន​បាន​យក​ប្រាក់​ថ្លៃ​ធ្វើ​កាត​សម្គាល់​ខ្លួន​ក្នុងករណី​បាត់​កាត​សម្គាល់​ពី​កម្មករ​ចំនួន ៥០០០​រៀល ដែល​លោក​យល់ថា មិន​សម​ហេតុផល និង​ខុសពី​ក្រុមហ៊ុន​ដទៃ​ដែល​មិនបាន​យក​ប្រាក់​ពី​កម្មករ​ឡើយ។

លោក ខុន សុខចាន់ អះអាង​ថា ក្រុមហ៊ុន​មិន​ពេញចិត្ត​ដែល​លោក​បាន​ឈរឈ្មោះ​ជា​សហជីព​តំណាង​ឲ្យ​កម្មករ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រោងចក្រ​មិន​សប្បាយចិត្ត និង​រើសអើង​ពួកគាត់។

លោក ខុន សុខចាន់៖ «ខ្ញុំ​គ្រាន់​ថា សំណូមពរ​ទៅដល់​រោងចក្រ​កន្លែង​ខ្ញុំ​ធ្វើ​នេះ​ឲ្យ​លុបបំបាត់​ទៅលើ​ការ​ធ្វើ​កាត់​បង់ប្រាក់​ហើយនឹង​លុយ​ថ្លៃ​ធ្វើដំណើរ​សម្តេច​ឲ្យ​បណ្ដោះអាសន្ន​ហ្នឹង​ចំនួន​២.៥​ដុល្លារ ហើយ​សុំ​កុំ​ឲ្យ​ប្រើ​ពាក្យអសុរស​ទៅលើ​កម្មករ​ឬក៏​ថ្នាក់ក្រោម​ដែល​គាត់​ជា​ថ្នាក់ក្រោម​ហ្នឹង​កុំ​ប្រើ​ពាក្យ​សម្ដី​អសុរ​ស​ទៅលើ ការ​ជេរប្រមាថ​អី​ផ្សេងៗ​ទៀត»។

ទោះជា​យ៉ាងណា​ការ​តវ៉ា​នេះ កើតឡើង​ក្រោយ​ពួកគាត់​បាន​ទទួល​ដំណឹង​ថា ភាគី​ក្រុមហ៊ុន បាន​ទៅ​ជួប​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​នេះ គឺ​ក្រោយ​ការ​ដាក់​ញត្តិ​របស់​ក្រុម​កម្មករ​១​ថ្ងៃ។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន រោងចក្រ ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺ​រ លោក ខៀវ ដា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ខណៈ​ពេល​លោក​កំពុង​នៅក្នុង​ក្រសួង​ការងារ​ថា ក្រុមហ៊ុន​បាន​អនុវត្ត​តាម​គោលការណ៍ និង​បាន​បើកប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ស្របតាម​ច្បាប់​ទាំងអស់ ប៉ុន្តែ​កម្មករ​នៅតែ​មិន​សុខចិត្ត និង​បន្ត​ការ​តវ៉ា​ដដែល​។ លោក​បញ្ជាក់​​ទៀត​ថា ភាគី​ក្រុមហ៊ុន បាន​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយ​កម្មករ​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​ភាគី​កម្មករ​មិន​ព្រម​ចូល​តុ​ចរចា​ឡើយ​។ លោក​ថា ក្រុមហ៊ុន មិនបាន​គំរាមកំហែង និង​ឃ្លាំមើល​កម្មករ ដូច​ការ​អះអាង​របស់​ក្រុម​កម្មករ​ឡើយ។

លោក ខៀវ ដា អះអាង​ថា ក្រុមហ៊ុន​ព្រម​ចូល​តុ​ចរចា​ជាមួយ​ភាគី​កម្មករ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​មិន​ទទួលយក​សហជីព​ទាំង​៣​ចូល​ធ្វើ​ការ​វិញ​ឡើយ ដោយសារ​អ្នក​ទាំង​៣ បាន​បង្ក​ឲ្យ​កកស្ទះ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន ការនាំចេញ​ខកខាន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​កម្មករ​ដទៃ។

លោក ខៀវ ដា៖ «ខ្ញុំ​អឺ​នឹង​ទៅ​បកស្រាយ ពីព្រោះ​គាត់​មួលបង្កាច់​បង្ខូច​ក្រុមហ៊ុន ហើយនឹង​មួលបង្កាច់​បុគ្គល​ទៀត ហើយ​មួយទៀត​ធ្វើ​ឲ្យ​ខូចប្រយោជន៍​របស់​ក្រុមហ៊ុន​និង​ប្អូន​ដទៃទៀត​។ សហជីព​ពួក​ខ្ញុំ​អត់​មានបាន​រើសអើង​ទេ តែ​ពួក​ខ្ញុំ​និយាយ​ហើយ​ថា ជា​រឿង​បុគ្គលៗ​ផ្ទាល់​របស់​៣​នាក់​ហ្នឹង​ហ្មង​។ តាម​គោលជំហរ​របស់​ថៅកែ​ខ្ញុំ​គឺ​អត់​អាច​យក​ពួកគាត់​បានទេ ព្រោះ​គាត់​ធ្វើ​ឲ្យ​កកស្ទះ​ដល់​សង្វាក់​ផលិតកម្ម​ដល់​ការផលិត​របស់​ក្រុមហ៊ុន​យើង ហើយនឹង​មួយទៀត​អត់​អាច​បញ្ចេញ​ទំនិញ​ទាន់ពេល​ឲ្យ​ភ្ញៀវ​អាហ្នឹង​ប៉ះពាល់​ធំ​បំផុត​។ ខាង​ពួក​ខ្ញុំ​បាន​សហការ​ជាមួយ​ពេទ្យ​ជា​ដៃគូ​ឈ្មោះ ហេង សុភ័ក្ត្រា ដែល​មាន​ចំងាយ​ឃ្លាត​ពី​រោងចក្រ​២​គីឡូ ពេទ្យ​ដៃគូ​រប​.​ស​.​ស របស់​យើង ពេទ្យ​ឥណ្ឌា​ដៃគូ​របស់​ក្រសួង​ហ្នឹង​ហើយ»។

កម្មករ និង​សហជីព​យល់ថា ការ​លើកឡើង​របស់​ភាគី​ក្រុមហ៊ុន ប្រាសចាក​ពី​ការពិត និង​មានបំណង​គេចវេស​មិន​ទទួលខុសត្រូវ​ចំពោះ​កម្មករ​។ ពួកគាត់​អះអាង​ថា ពួកគាត់​មិន​ទាន់​បាន​ជួបពិភាក្សា​អំពី​លក្ខខណ្ឌ​ការងារ​ណាមួយ​ជាក់លាក់​ជា​លាយ​លក្ខ​អក្សរ ឬ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ទាំងសងខាង និង​ដឹង​លឺ​ពី​អាជ្ញាធរ​ឬ​ក្រសួង​ការងារ​នៅឡើយ​។ ពួកគាត់​ខកចិត្ត ចំពោះ​ការ​គេចវេះ​របស់​ក្រុមហ៊ុន​ឈាន ស៊ី​ង​។ កម្មករ​លើកឡើង​ដូចគ្នា​ថា ពួកគាត់​រង​ការ​គំរាមកំហែង​ដោយ​បញ្ឈប់​ពី​ការងារ​ចំពោះ​កម្មករ​ទាំងអស់​ដែល​បាន​ចេញ​មក​តវ៉ា ប៉ុន្តែ​ក្រុមហ៊ុន បែរជា​បដិសេធ​ចំពោះ​សម្ដី​ខ្លួន​ទៅវិញ។

កាលពី​ថ្ងៃទី​៣០ កក្កដា ម្សិលមិញ កម្មករ​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន លេហ្សឺរ ស្ថិតនៅ​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វីជ្ជាជីវៈ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ជំរុញ​ក្រុមហ៊ុន​នេះ​គោរព​លក្ខខណ្ឌ​ការងារ និង​ទាមទារ​អត្ថប្រយោជន៍​៨​ចំណុច​ផ្សេងទៀត ដែល​ពួកគេ​យល់ថា ក្រុមហ៊ុន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​រដ្ឋាភិបាល​។ ពួកគាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​៣​រូប​ចូល​ធ្វើ​ការ​វិញ ស្នើសុំ​ឲ្យ​បញ្ឈប់​រដ្ឋបាល​ចេញពី​ការងារ ដោយសារ​ការប្រើ​ពាក្យ​សម្ដី កាយវិការ​មិន​សមរម្យ​លើ​កម្មករ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​ក្នុង​រោងចក្រ ត្រូវ​អនុវត្ត​គោលការណ៍​រដ្ឋាភិបាល​លើ​សោហ៊ុយ​ធ្វើដំណើរ​ចំនួន ២.៥​ដុល្លារ ជាដើម។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​លោក រឹម ថារិទ្ធ យល់​ថា ការ​លើកឡើង​របស់​ក្រុមហ៊ុន​បែបនេះ គ្រាន់​ជា​ការ​លើកឡើង​តែ​ម្ខាង​ដោយ​គ្មាន​កំណត់ហេតុ គ្មាន​ការ​ឯកភាព​គ្នា​ត្រឹមត្រូវ និង​ការ​យល់ស្រប​ពី​ភាគី​កម្មករ​ឡើយ​។ លោក​ថា ភាគី​កម្មករ​បាន​ដាក់​លិខិត​ស្នើសុំ និង​ទាមទារ​ទៅ​ភាគី​ក្រុមហ៊ុន ប៉ុន្តែ​ក្រុមហ៊ុន​បាន​បដិសេធ​ចំពោះ​លក្ខខណ្ឌ​ទាំងនោះ និង​មិន​បាន​ផ្តល់​អត្ថប្រយោជន៍ ដូចជា​ថ្លៃ​សោហ៊ុយ​ធ្វើដំណើរ​ចំនួន ២.៥​ដុល្លារ បញ្ឈប់​ការ​យក​ប្រាក់​ថ្លៃ​កាត់​ដែល​មិន​សម​ហេតុផល និង​មាន​ពេទ្យ​ត្រឹមត្រូវ​នៅក្នុង​រោងចក្រ​នៅឡើយ។

លោក រឹម ថារិទ្ធ៖ «​ចំពោះ​រោងចក្រ​យើង​គួរតែ​រក​ផ្លូវ​ពិភាក្សា​មួយ​ដោយ​ស្មើមុខ​គ្នា ដោយ​ភាពស្មោះត្រង់ ដោយ​យក​គោលការណ៍​ច្បាប់​ជា​គោល​សម្រាប់​ការចរចា ហើយ​បើ​ឃើញថា ចំណុច​ណា​ដែល​យើង​អាច​បន្ធូរបន្ថយ​គ្នា​បាន ចំណុច​ណា​ដែល​យើង​អាច​យោគយល់​អធ្យាស្រ័យ​គ្នា​បាន យើង​អាច​ធ្វើ​កិច្ចព្រមព្រៀង​បញ្ចប់​សំណុំរឿង​ហើយ​ពួកគាត់​នឹង​អាច​ចូល​ធ្វើ​ការ​វិញ ព្រោះ​កម្មករ​បច្ចុប្បន្ន​គាត់​ធ្វើការ​គាត់​ចង់បាន​ប្រាក់ខែ​ប្រចាំខែ​ដើម្បី​ធ្វើការ​ដោះស្រាយ​ជីវភាព​ទេ គាត់​អត់​ចង់ទៅ​ធ្វើការ​ងារ​អី កូដកម្ម​២ ៣​ថ្ងៃ​ដាច់​អត្ថប្រយោជន៍​របស់​គាត់​ទេ ប៉ុន្តែ​ដោយសារ​រោងចក្រ​មាន​បញ្ហា​គាបសង្កត់​សិទ្ធិ​សេរីភាព ការ​ជេរប្រមាថ​កន្លែង​ការងារៗ​គ្មាន​ពេទ្យ​គ្មាន​អីហ្នឹង​ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិនបាន​ទៅ​ណា៎​!»។

កាលពី​ខែមេសា ២០២៦ ក្រសួង​ការងារ បាន​ប្រកាស​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​បណ្ដោះអាសន្ន​បន្ថែ​ម ២.៥ ដុល្លារ ក្នុង​មួយ​ខែ ជូន​ដល់​ជូន​កម្មករ និយោជិត ដើម្បី​ជួយ​បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​គ្រា​វិបត្តិ​ប្រេង​ឡើងថ្លៃ​។ ប៉ុន្តែ​កម្មករ​រោងចក្រ​ឈាន ស៊ី​ង​ថា ពួកគេ​មិនដែល​ទទួល​បាន​ម្តង​ឡើយ​ចាប់តាំងពី​ការប្រកាស​នោះ​មក។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា ដើម្បី​សួរនាំ​ពី​ករណីនេះ​បាន​ឡើយ នៅ​ថ្ងៃទី​៣១ កក្កដា​នេះ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ចុច​បិទ។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ករណីនេះ​គឺ​ស្ថិត​នៅ​ក្នុង​ការចរចា​នៅឡើយ ហើយ​ភាគី​ទាំងសងខាង​នៅតែ​ប្រកាន់​ជំហរ​រៀងខ្លួន​។ លោក​បន្ត​ថា ការ​ធ្វើ​អធិការកិច្ច​ការ​ផ្សះផ្សារ​របស់​ក្រសួង​ការងារ ទៅលើ​ភាគី​ទាំងសងខាង គឺជា​រឿង​សំខាន់ ដើម្បី​បញ្ឈប់​វិវាទ​នេះ​។ លោក​បន្ត​ថា ក្រសួង​ការងារ គួរ​ពន្លឿន​ការ​ដោះស្រាយ​នេះ និង​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​មាន​ករណី​គំរាមកំហែង ឬ​ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កំរិត​ដូច​ការ​អះអាង​របស់​កម្មករ​ពិតមែន ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រលំ និង​អូស​បន្លាយ​យូរ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាគី​ទាំងសងខាង។

លោក ឃុន ថារ៉ូ៖«​រឿង​ដែល​សំខាន់​គឺ​ក្រសួង​ហ្នឹងហើយ​ដែល​គាត់​ត្រូវតែ​អនុវត្ត​ច្បាប់ បើ​រក​ឃើញ​ថា ថៅកែ​ហ្នឹង​ប្រើ​នូវ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ មានការ​គំរាមកំហែង និង​ការ​ដាក់​សម្ពាធ មានការ​អីហ្នឹង​អាហ្នឹង​វា​ត្រូវ​ប្រើប្រាស់​នូវ​យន្តការ​ច្បាប់​ស្ដីពី​ការងារ ដើម្បី​ពិន័យ​ក្រុមហ៊ុន ហើយ​ដើម្បី​បង្ខំ​ក្រុមហ៊ុន​ហ្នឹង​ត្រូវតែ​ធានា​ឲ្យ​មាន​នូវ​ការអនុវត្ត​ច្បាប់​ណា៎​។ បើសិនជា​យើង​បន្ត​ឲ្យ​ក្រុមហ៊ុន​នៅតែ​បន្ត​អនុវត្ត​នូវ​ទំរង់​បែប​ហ្នឹង​ទៀត​អាហ្នឹង​មានន័យថា អាហ្នឹង​វា​ជា​ទំរង់​នៃ​ការប្រើប្រាស់​នូវ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​។ ហើយ​យើង​ដឹង​ហើយ​ថា អា​ទំរង់​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​ហ្នឹង​វា​ជា​ផ្នែក​មួយ​នៃ​ការតាមដាន​ត្រួតពិនិត្យ​របស់​សហរដ្ឋ​អាមេរិក​។ ចឹ​ង​អាហ្នឹង​ដែល​ខ្ញុំ​គិតថា ចង់​មិន​ចង់​ក្រសួង​គួរតែ​យកចិត្តទុកដាក់​ពីព្រោះ​ថា ក្រុមហ៊ុន​នេះ​ក៏​វា​មានការ​ផលិត​នៃ​ការ​នាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ដែរ​ណា៎​!»។

កម្មករ​រោងចក្រ​ឈាន ស៊ីង ហ្សី ឈ័ន បាន​កូដកម្ម​នៅមុខ​រោងចក្រ​មិន​ព្រម​ចូល​ធ្វើ​ការ​ចំនួន​៤​ថ្ងៃ​មក​ហើយ គឺ​នៅ​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ កក្កដា នេះ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ទទួលយក​សហជីព​ទាំង​៣​ចូល​ធ្វើការ​វិញ​។ ចំណែក​ភាគី​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ជំហរ​ដដែល ដោយ​មិន​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ​ចូល​ធ្វើ​ការងារ​វិញ​ដាច់ខាត​។ ចំណែក​អ្នកឃ្លាំមើល​ទទូច​ឲ្យ​ភាគី​ទាំងពីរ​ចូល​តុ​ចរចា ដើម្បី​លើកយក​បញ្ហា​ដោះស្រាយ​រួមគ្នា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ