
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អំពាវនាវកុំឲ្យពលរដ្ឋភ័យពីការខ្វះប្រេងឥន្ធនៈ និងហ្គាសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បន្ទាប់ពីក្រុមហ៊ុនសូគីម៉ិច ប្រកាសផ្អាកនាំចូលឧស្ម័ន LPG ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ស្របពេលដែលតម្លៃប្រេងឥន្ធនៈបន្តឡើងខ្ពស់។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហោះវីដេអូឃ្លីបរយៈពេលជាង ៨នាទី នៅលើហ្វេសប៊ុករបស់ខ្លួន ដោយថ្លែងថា រដ្ឋាភិបាលកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់ក្នុងការបង្ហាញការពិតទៅកាន់ពលរដ្ឋពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នLPG ឬហ្គាសនៅកម្ពុជា គ្រាដែលពិភពលោកកំពុងជួបបញ្ហាខ្វះប្រេងឥន្ធនៈ និងឧស្ម័នដោយសារតែសង្គ្រាមនៅដើមបូព៌ា។
លោក កែវ រតនៈ អំពាវនាវឲ្យមានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ឧស្ម័ន LPG ឬហ្គាស រួមទាំងសន្សំសំចៃការប្រើភ្លើងអគ្គិសនីផងដែរ។ លោកថា ចំពោះក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន LPG តែ ៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមក្រុមហ៊ុននាំចូលឧស្ម័នចំនួន ៧ក្រុមហ៊ុននៅកម្ពុជា។ ក្រុមហ៊ុនទាំងនេះ នៅតែនាំ ចូល LPG ជាបន្តបន្ទាប់ចូលកម្ពុជាសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅខែមីនា និងខែមេសា។
លោក កែវ រតនៈ៖ «មានការបញ្ជាទិញយកមកដល់ហើយក្នុងស្តុក មានការកំពុងដឹកជញ្ជូនជាបន្តបន្ទាប់ និងមានការដាក់ទើបតែដាក់បញ្ជាទិញថ្មី ហើយនឹងខំស្វះស្វែងរកប្រភពថ្មីៗនៃហ្គាសនេះបន្ថែមទៀត»។
ការចេញមុខអំពាវនាវរបស់លោក កែវ រតនៈ ទៅកាន់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោពីការខ្វះប្រេងឥន្ធនៈ និងឧស្ម័ន LPG ឬហ្គាសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បន្ទាប់ពីក្រុមហ៊ុនសូគីម៉ិច ប្រកាសផ្អាកនាំចូលឧស្ម័ន LPG ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
កាលពីថ្ងៃទី២១ ខែមីនា ក្រុមហ៊ុនសូគីម៉ិច បានចេញសេចក្ដីប្រកាសថា ក្រុមហ៊ុនសូគីម៉ិច នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ ជាបណ្ដោះអាសន្ន រហូតដល់ក្រុមហ៊ុនជូនដំណឹងថ្មី។ ក្រុមហ៊ុន មិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មក ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័ន LPG ដល់អតិថិជនតាមតម្រូវការទីផ្សារបាន។
ទាក់ទងទៅនឹងតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ក្នុងពេលកំពុងមានបញ្ហាប្រេងឡើងថ្លៃ លោកកត់សម្គាល់ឃើញថា មានប្រទេសជាច្រើន បានបង្ហាញពីផែនការដោះស្រាយដោយបង្ហាញអំពីគម្រោងជាក់លាក់ និងសម្រួលតម្លៃដល់ប្រជាពលរដ្ឋរបស់គេកុំឲ្យប្រឈមខ្លាំងពេក។ ក៏ប៉ុន្តែនៅប្រទេសកម្ពុជារដ្ឋាភិបាលលោកហ៊ុន ម៉ាណែតបានត្រឹមតែប្រកាសប្រាប់ពលរដ្ឋខ្មែរ កុំឲ្យភ័យរឿងខ្វះប្រេង ស្របពេលដែលក្រុមហ៊ុនលក់ប្រេងឡើងថ្លៃស្រេចតែចិត្ត ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពពលរដ្ឋ។
លោក គឹម សុខ៖ «ក្រុមហ៊ុនប្រេងនៅកម្ពុជាស្ទើរតែអស់ផ្លូវនាំចូលបណ្តើរៗហើយ ហើយក៏ប្រេងកាន់តែឡើងថ្លៃស្រេចតែនឹងមាត់ឈ្មួញ ដល់ទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រាប់ប្រជាពលរដ្ឋខ្មែរថាកុំឲ្យភ័យរឿងខ្វះប្រេងនោះ មិនមែនមានន័យថាមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ទេ គឺអាចជាចរន្តសេដ្ឋកិច្ចកម្ពុជា ដែលនឹងរអិលទៅដួលរលំ ហើយប្រជាពលរដ្ឋគ្មានអ្វីធ្វើ មិនចាំត្រូវការប្រេងធ្វើដំណើរទៅណាមកណា នាំគ្នាដេកអត់នៅផ្ទះតែម្តង នេះគឺជានយោបាយអសមត្ថភាពក្នុងការដឹកនាំរបស់លោកហ៊ុន ម៉ាណែត»។
ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនថ្លៃប្រេងឥន្ធនៈ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួនដើម្បីសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ លោកថា វិធានការទាំងនោះរួមមាន បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មក ៤% ដោយរដ្ឋទទួលបន្ទុកជំនួស ចំនួន ៦%។
នាយករដ្ឋមន្ត្រីកម្ពុជា រូបនេះក៏បញ្ជាឱ្យក្រសួងមហាផ្ទៃសម្រួលចរាចរណ៍ឱ្យបានល្អ ក្នុងអំឡុងម៉ោងមមាញឹកបំផុត ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឱ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។ ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ។
ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈ និងឧស្ម័ននៅកម្ពុជា បន្តឡើងថ្លៃ ជាគំហុក។ ក្នុងនោះតម្លៃសាំងធម្មតាឡើងដល់ ៥ ៤០០រៀល និងម៉ាស៊ូត ៦ ៧០០រៀល ក្នុងមួយ លីត្រ។ រីឯ ថ្លៃហ្គាស ក៏ឡើងកប់ពពក។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការកំណត់តម្លៃប្រេងឥន្ធនៈដែលកំពុងហក់ឡើងចុងក្រោយនេះ មិនត្រូវបានក្រសួងកំណត់ពេលវេលាជាក់លាក់ទេ គឺ ខុសពីលើកមុន ដែលក្រសួងបានចេញគោលការណ៍កំណត់តម្លៃប្រេងរយៈពេល ១០ថ្ងៃម្តង រហូតបន្ថយមកនៅត្រឹម៣ថ្ងៃម្តង ប៉ុន្តែពេលនេះ ក្រសួងមិនបានកំណត់ពេលវេលាជាក់លាក់ដូចមុនឡើយ ដែលនឹងធ្វើឲ្យការកំណត់តម្លៃលែងមានតម្លាភាព៕










