អ្នកឃ្លាំមើល​ថា ការ​ផ្អាក​ហ្គេម​អនឡាញ​បង្ហាញ​ថា រដ្ឋាភិបាល​បរាជ័យ​បង្ក្រាប​ការ​ឆបោក​អនឡាញ

0
132
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។ រូប៖ ហ្វេសប៊ុក​ស សុខា
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។ រូប៖ ហ្វេសប៊ុក​ស សុខា

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា យុទ្ធនាការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ មិនទាន់​ទទួល​បាន​ជោគជ័យ​ពេញលេញ​នៅឡើយ​ទេ​។ ការ​អះអាង​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ប្រកាស​ផ្អាក​ការ​ភ្នាល់​ហ្គេម​អន​ឡាញ​នៅ​តាម​កាស៊ីណូ​ទូទាំង​ប្រទេស ចាប់ពី​ខែតុលា ឆ្នាំ​២០២៦ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធានការ​បង្ការ ទប់ស្កាត់​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ចរាចរ​សាច់ប្រាក់​គ្មាន​ប្រភព​ច្បាស់លាស់។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការសម្រេច​ផ្អាក​ការ​ភ្នាល់​ហ្គេម​អនឡាញ​នៅ​តាម​កាស៊ីណូ​ទូទាំង​ប្រទេស​នេះ​អាច​បង្ហាញថា ការ​ភ្នាល់​អនឡាញ​នៅ​តាម​កាស៊ីណូ​មាន​ទំនាក់ទំនង​ជាមួយ​បញ្ហា​ឆបោក​តាម​អន​ឡាញ ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​បង្ក្រាប​។ លោក​បាន​អះអាង​ថា ប្រសិនបើ​យុទ្ធនាការ​បង្ក្រាប​ការ​ឆបោក​តាម​អនឡាញ​ទទួល​បាន​ជោគជ័យ​ពេញលេញ រដ្ឋាភិបាល​មិន​ចាំបាច់​សម្រេច​ប្រកាស​ផ្អាក​ហ្គេម​ភ្នាល់​អនឡាញ​នៅ​តាម​កាស៊ីណូ​នៅពេល​នេះ​ឡើយ។

លោក គឹម សុខ ចាត់ទុក​ការសម្រេច​ផ្អាក​ការ​ភ្នាល់​អន​ឡាញ​នៅ​តាម​កាស៊ីណូ​គឺជា​ផ្នែក​មួយ​អាច​ឱ្យ​គេ​វាយតម្លៃ​បាន​ថា​ការ​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញ​របស់​រដ្ឋាភិបាល​មិនទាន់​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក គឹម សុខ៖ «​និយាយ​ឱ្យ​ចំ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត សព្វថ្ងៃ​កំពុងតែ​និយាយ​បោកប្រាស់ ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ ថា «​កម្ចាត់​ការ​ឆបោក​អន​ឡាញ​បាន​ជោគជ័យ​» ផង និង​ក៏​កំពុងតែ​រក​ល្បិចកល ដើម្បី​ដោះខ្លួន ពី​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ដែល​គ្រប់គ្រង​ដោយ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជាផង»។

លោក គឹម សុខ បន្ថែម​ទៀត​ថា ការ​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញ​មិនអាច​ចាត់ទុកថា​ទទួល​បាន​ជោគជ័យ​ពេញលេញ​បានទេ ប្រសិនបើ​បណ្ដាញ​ឧក្រិដ្ឋកម្ម និង​អ្នក​ដែល​ត្រូវ​បាន​ចោទ​ថា​ជា​មេ​ក្លោង មិន​ត្រូវ​បាន​ស៊ើបអង្កេត និង​ចាត់វិធានការ​តាមច្បាប់​យ៉ាង​មាន​ប្រសិទ្ធភាព​។​

រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស សុខា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦ ខែកញ្ញា​ថា ការ​ផ្អាក​ការ​ភ្នាល់​ហ្គេម​អន​ឡាញ​នៅតាម​កាស៊ីណូ​ទូទាំង​ប្រទេស នឹង​ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ​២០២៦ គឺ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធាន​ការ​បង្ការ ទប់ស្កាត់​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ចរាចរ​សាច់ប្រាក់​គ្មាន​ប្រភព​ច្បាស់​លាស់។

លោក ស សុខា បន្ថែមទៀត​ថា ក្នុងអំឡុងពេល​ផ្អាក​នេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ និង​ពង្រឹង​ក្របខណ្ឌ​គ្រប់គ្រង​ល្បែង​ប្រភេទ​នេះ រួម​ទាំង​មូលដ្ឋាន​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ធនធានមនុស្ស​ជំនាញ មុននឹង​ពិចារណា​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ។

លោក ស សុខា បាន​ព្រមាន​ថា កាស៊ីណូ​ណា​ដែល​ល្មើស​នឹង​គោលការណ៍​នេះ ចាប់ពី​ខែតុលា​តទៅ អាច​ប្រឈម​នឹង​ការ​ដក​អាជ្ញាប័ណ្ណ និង​វិធានការ​តាមផ្លូវ​ច្បាប់​ផ្សេងទៀត។

លោក ស សុខា បន្ថែមទៀត​ថា ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ការ​ភ្នាល់​អន​ឡាញ​ដែល​ផ្សាយ​ផ្ទាល់​ចេញពី​កាស៊ីណូ បាន​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​ក្នុង​ការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ចរាចរ​សាច់ប្រាក់​ដែល​មិនអាច​បញ្ជាក់​ប្រភព​បាន។

តាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៦ អាជ្ញាធរ​កម្ពុជា​បាន​ជួយសង្គ្រោះ និង​អនុវត្ត​នីតិវិធី​ធ្វើ​មាតុភូមិនិវត្តន៍​ជនបរទេស​ជាង​២​ម៉ឹ​ន​នាក់ (២២,០០០) មកពី ៣៨​សញ្ជាតិ​។ ក្នុង​រយៈពេល​ដូចគ្នា សមត្ថកិច្ច​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ចំនួន ៤០៨​ករណី​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ​ជាង ៣​ពាន់​នាក់ (៣,៤៧៧​នាក់​) មកពី ២៩​សញ្ជាតិ។

ក្រសួង​ក៏បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ចំនួន ៧៩៣​ទីតាំង ហើយ​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង ៦២៤​ទីតាំង និង​រំលាយ​មណ្ឌល​ឆបោក​ចំនួន ៨៦​ទីតាំង​។ ក្នុង​ប្រតិបត្តិការ​ទាំងនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ជិត ៣០,០០០​នាក់ មកពី ៣៩​សញ្ជាតិ​។ កាស៊ីណូ​ចំនួន ២៧ ក៏​ត្រូវ​បាន​ចាត់វិធានការ ដោយ​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន ១៨ ត្រូវ​បាន​ដក និង ៩​ទៀត​ត្រូវ​បាន​ព្យួរ នេះ​បើ​តាម​ក្រសួងមហាផ្ទៃ។

ទាក់ទង​ទៅ​នឹង​បទល្មើស​ឆបោក​អនឡាញ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន កាលពី​ខែមិថុនា ដោយ​អះអាង​ថា ការ​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ​នៅ​កម្ពុជា​បាន​បរាជ័យ និង​ខ្វះ​តម្លាភាព​នៃ​នីតី​វិធី​ចុះបង្ក្រាប ដោយសារ​ទីតាំង​ដែល​អាជ្ញាធរ​កម្ពុជា​ចុះ​បង្ក្រាប​មាន​ចំនួន​តិចតួច បើ​ធៀប​នឹង​ទីតាំង​ធ្វើ​ប្រតិបត្តិ​ការ​ជាក់ស្តែង និង​ថា អាជ្ញាធរ​ក៏​មិនបាន​ខ្វល់ខ្វាយ​ពី​កិច្ចការពារ​ជនរងគ្រោះ និង​ការ​ជួញដូរ​មនុស្ស​ឡើយ។

Amnesty International បន្ថែម​ថា អាជ្ញាធរ​កម្ពុជា​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​អ្វី​ឡើយ​ទាក់ទង​ទៅ​នឹង​ការស៊ើបអង្កេត​ទីតាំង​បទល្មើស ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ដែល​រត់គេច​ខ្លួន​ពី​ការ​បង្ក្រាប​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព គ្មាន​ប្រាក់​កាក់ គ្មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ និង​ខ្លះ​បាន​បាត់​លិខិតឆ្លងដែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ