ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ថា បាន​លក់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ឯកជន​ធ្វើជា​កម្មសិទ្ធិ

0
10
អភិបាលខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា។ រូប៖ បណ្ដាញសង្គម
អភិបាលខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា។ រូប៖ បណ្ដាញសង្គម

ពលរដ្ឋ​រស់នៅ​ក្រុង​បាវិត ចោទ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ថា ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​ជាង​៤​ពាន់​ហិកតារ ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ឯកជន​ធ្វើជា​កម្មសិទ្ធិ​។ ពលរដ្ឋ​ថា ទីតាំង​ដី​ព្រៃ​សហគមន៍​ដែល​អាជ្ញាធរ​លក់​នោះ ក្រុម​ឈ្មួញ​នឹង​សាងសង់​អគារ ឬ​ខុន​ដូ​សម្រាប់​ជួល​ឲ្យ​ជនបរទេស​ស្នាក់នៅ។

ពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ថ្លុង សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​សង្កាត់​បាទី ជាង​៤​ពាន់​ហិកតារ ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ឯកជន​ធ្វើជា​កម្មសិទ្ធិ ដោយ​ក្នុង​មួយ​ហិកតារ អាជ្ញាធរ​លក់​ក្នុង​តម្លៃ​១០​ម៉ឺន​ដុល្លារ​។ លើស​ពី​នោះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បាន​គេ​ផ្ដល់​ដី​ព្រៃ​សហគមន៍​ឲ្យ​ចំនួន​២​ហិកតារ ដើម្បី​ជា​ថ្នូរ​បិទមាត់ និង​ឲ្យ​ដើរ​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ផ្សព្វផ្សាយ និង​ចេញ​តវ៉ា​បញ្ហា​នេះ។

តំណាង​ពលរដ្ឋ​នៅ​ក្រុង​បាវិត សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែមេសា​ថា អាជ្ញាធរ​ក្រុង​បាវិត និង​អាជ្ញាធរ​ខេត្តស្វាយរៀង បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ពុះ​ជ្រៀក​ដី​ព្រៃ​សហគមន៍​សង្កាត់​បាទី លក់​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ឯកជន និង​ចែក​ទៅ​ឲ្យ​អ្នកមាន​តួនាទី និង​បុណ្យស័ក្តិ ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត។ លើស​ពី​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាមកំហែង​ពលរដ្ឋ មិន​ឲ្យ​ធ្វើ​ដឹង​ធ្វើ​ឮ​អំពី​បញ្ហា​លក់​ដី​ព្រៃ​សហគមន៍​នេះ​នោះ​ទេ ហើយ​ប្រសិនបើ​ពលរដ្ឋ​ណា ហ៊ាន​ចេញ​តវ៉ា ឬ​ផ្សព្វផ្សាយ អាជ្ញាធរ​គំរាម​នឹង​ចាប់​ដាក់​ពន្ធនាគារ។

តំណាង​ពលរដ្ឋ​នៅ​ក្រុង​បាវិត សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «គេ​ថា​ដោះដូរ​សាលាក្រុង​មក​កន្លែង​ថ្មី តែ​ធាតុ​ពិត​សាលាក្រុង​នៅ​កន្លែង​ដដែល គ្រាន់តែ​ដូរ​អធិការដ្ឋាន​ក្រុង​មក​តែមួយ​ទេ ហើយ​ឥឡូវ​ជា​ដី​ប្រភេទ​ជន គេ​ឈូស​ឆាយ​ដី​ព្រៃ​អស់​ជាង​៦០​ភាគរយ​ហើយ អ្វី​ដែល​ពួក​ខ្ញុំ​នៅក្នុង​សហគមន៍​ចង់បាន​គឺ​ចង់​ឲ្យ​ព្រៃ​នេះ​នៅ​ឋិតថេរ ដើម្បី​កាត់​បន្ថយ​គ្រោះ​រាំងស្ងួត បើ​ដោះដូរ​សាលាក្រុង​យក​ទៅ​ធ្វើ​កន្លែង​នោះ​ត្រឹម ៣ ទៅ ៤​ហិកតារ វា​មិន​ច្រើន​ទេ ប៉ុណ្ណឹង វា​នៅសល់​ព្រៃ​ច្រើន​ដែរ» ។​

លោក​អះអាង​ទៀត​ថា មុនដំបូង​អាជ្ញាធរ​បាន​យក​លេស​ថា នឹង​យក​ដី​ព្រៃ​សហគមន៍​សង្កាត់​បាទី ធ្វើជា​ទីតាំង​សាលាក្រុង​ថ្មី ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ថា នឹង​សាងសង់​អគារ​ខុនដូ និង​អគារ​រោងចក្រ​សម្រាប់​ជួល​ឲ្យ​ជនបរទេស​វិញ​។ លោក​ថា ពលរដ្ឋ​នៅ​តំបន់​នោះ មិន​ហ៊ាន​ផ្សព្វផ្សាយ និង​តវ៉ា​នោះ​ទេ ដោយ​ម្នាក់ៗ​បារម្ភ​ពី​សុវត្ថិភាព ខ្លាច​ជាប់ពន្ធនាគារ គ្មាន​អ្នក​រកស៊ី​ចិញ្ចឹម​គ្រួសារ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាលខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​២៨ ខែ​មេសា​។ ចំណែក​ចៅសង្កាត់​បាទី លោក ឯក សារាត បាន​ចុច​បិទ​ទូរស័ព្ទ​ពេល​ឮ​ថា អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីសេរី​ចង់​សាកសួរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ត្រូវតែ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់ ប្រសិនបើ​មាន​ការ​លក់​ដី​ព្រៃ ឬ​ដោះដូរ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិលសង្ស័យ​។ លើស​ពី​នោះ លោក​ថា អាជ្ញាធរ​មិន​ត្រូវ​គំរាមកំហែង​ពលរដ្ឋ ដែល​បញ្ចេញមតិ ឬ​ឈឺឆ្អាល​ពី​បញ្ហា​សហគមន៍​របស់​ពួកគាត់​នោះ​ឡើយ។

លោក យិន ម៉េងលី៖ «​ដូច្នេះ​ការ​និយាយ ការ​តវ៉ា​អំពី​បញ្ហា​នេះ អត់​ខុសច្បាប់​ទេ អ្វី​ដែល​ខុសច្បាប់​គឺ​អ្នក​ដែល​ទៅ​គំរាមកំហែង​ប្រជាពលរដ្ឋ​វិញ​ទេ មិន​ឲ្យ​គាត់​និយាយ​មិន​ឲ្យ​គាត់​ធ្វើ​ការ​តវ៉ា ពី​ការ​លក់​ការដោះដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​នេះ​វា​ត្រូវ​ធ្វើ​ឡើង​ឲ្យ​វា​មាន​តម្លាភាព»។

ដីព្រៃ​សហគមន៍​សង្កាត់​បាទី មាន​ទំហំ​ជាង​៤​ពាន់​ហិកតារ ដែល​មាន​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​ធ្លាប់​អាស្រ័យ​ផល​តាំងពី​សម័យ​បារាំង​មក ដូចជា រកត្រី ដក​ផ្សិត និង​រក​បន្លែ​ផ្សេងៗ​ទៀត​។ ព្រៃ​សហគមន៍​មួយ​នេះ មាន​ឈើ ដូចជា ដើម​គគីរ ដើមឈើ​ទាល់ និង​ស្មាច់​ជាដើម។

ពលរដ្ឋ​មិន​ទាន់​បង្ហាញ​ឈ្មោះ​ក្រុម​អាជ្ញាធរ​ដែល​លក់​ដី​ព្រៃ​សហគមន៍​សង្កាត់​បាទី​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​ថា អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​លក់​ដី​ព្រៃ​នេះ មាន​ចាប់ពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​អាជ្ញាធរ​ថ្នាក់​ខេត្ត រួម​ទាំង​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តស្វាយរៀង មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ