ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ជា​បន្តបន្ទាប់ ក្រោយ​បុណ្យ​ចូល​ឆ្នាំថ្មី

0
54
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ

អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ពលករ​ខ្មែរ ជា​បន្តបន្ទាប់​នៅ​តាម​ព្រំដែន​ខេត្ត​ចន្ទបុរី ស្រះកែវ និង​ខេត្ត​ត្រាត បន្ទាប់ពី​ពួកគេ​បាន​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ ក្រោយ​បុណ្យចូលឆ្នាំ​។ បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ថៃ ពលរដ្ឋ​ខ្មែរ​ទាំងនោះ ភាគច្រើន​ជា​អតីត​ពលករ​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាច្រើន​ឆ្នាំ និង​បាន​ត្រឡប់​ទៅ​កម្ពុ​ជាមុន​បុណ្យចូលឆ្នាំ ក៏ប៉ុន្តែ​ដោយសារ​នៅក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ ពួកគេ​បាន​ផ្សងគ្រោះថ្នាក់ លួច​ឆ្លងដែន​មក​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​វិញ។

ទោះបីជា​រដ្ឋាភិបាល​បាន​ប្រកាស​ធានា​ពី​ការ​ត្រៀម​កន្លែង​ការងារ​ក្នុងស្រុក​សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ក្ដី ក៏​ពលករ​ខ្មែរ​មួយចំនួន នៅតែ​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​វិញ​ទាំង​ប្រថុយប្រថាន ក្រោយ​បុណ្យចូលឆ្នាំ។

កាលពី​ថ្ងៃទី​២០ ខែ​មេសា ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៧​នាក់ ខណៈ​ពួកគេ​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​។ អាជ្ញាធរ​ថៃ​បាន​អះអាង​ថា តាមរយៈ​ការសាកសួរ​ពលករ​ខ្មែរ​បាន​សារភាព​ថា ពួកគេ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ការងារ​ចាស់ ដោយ​បង់ថ្លៃ​ឱ្យ​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ ក្នុង​ម្នាក់​ជាង ២០០​ដុល្លារ​។ ក្រោយ​ការសាកសួរ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ទាំង ១៦​នាក់​យក​ទៅ​ឃុំខ្លួន ដើម្បី​បន្ត​នីតិវិធី។

ចំណែក​នៅ​ខេត្ត​ចន្ទបុរី (Chanthaburi) វិញ កងទ័ពជើងទឹក​ថៃ បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន ១៤​នាក់ បន្ទាប់ពី​ពួកគេ​បាន​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ ដោយ​ដើរ​ថ្មើរជើង​កាត់​តាម​ចម្ការ​មួយ​កន្លែង​។ ក្រោយ​បញ្ចប់​ការសាកសួរ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​ទាំង ១៤​នាក់​ទៅកាន់​តុលាការ ដើម្បី​បន្ត​នីតិវិធី។

ដោយឡែក​នៅ​ខេត្ត​ត្រាត (Trat) កងទ័ពជើងទឹក​ថៃ បាន​អះអាង​ពី​ការ​ចាប់ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ជាច្រើន​នាក់ នៅ​ទីតាំង​ជាច្រើន​កន្លែង​ផ្សេងៗ​គ្នា ក្រោយ​បុណ្យចូលឆ្នាំ​។ ទោះជា​យ៉ាងណា ភាគី​ថៃ​មិនបាន​បញ្ជាក់​ពី​ចំនួន​សរុប​របស់​ពល​ករ​ខ្មែរ ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឡើយ។

បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​រត់​តាក់ស៊ី​ដឹក​ពលករ​នៅ​ប្រទេស​ថៃ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ដូចៗ​គ្នា​ថា ក្រោយ​ចប់​ពិធីបុណ្យ​ចូលឆ្នាំ មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់ បាន​ទំនាក់ទំនង​ជួល​រថយន្ត​ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​វិញ ប៉ុន្តែ​គ្មាន​ម្ចាស់​រថយន្ត​ណា​ម្នាក់ ទទួល​ដឹកជញ្ជូន​នោះ​ឡើយ ដោយសារ​យោធា​ថៃ​បាន​បិទ​ច្រកព្រំដែន​ជា​អចិន្ត្រៃយ៍​ទៅ​ហើយ។

ក្រុម​អ្នក​រត់​តាក់ស៊ី បាន​អះអាង​ទៀត​ថា ពលករ​ខ្មែរ​បាន​សម្រុក​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ នៅមុន​បុណ្យចូលឆ្នាំ ដោយ​ពួកគេ​បាន​ជួល​រថយន្ត​ជិះ​ពី​កន្លែង​ស្នាក់នៅ ទៅកាន់​តំបន់​ព្រំដែន​។ ក្រុម​អ្នក​រត់​តាក់ស៊ី​បញ្ជាក់​ថា ចំពោះ​ពលករ​ដែល​មាន​ឯកសារ​ស្របច្បាប់ ពួកគេ​បាន​ធ្វើ​ដំណើរ​ចេញ​តាម​ច្រកព្រំដែន​អន្តរជាតិ ខណៈ​ពលករ​ខុសច្បាប់ ពួកគេ​បាន​ចេញ​តាម​ច្រក​ធម្មតា ដោយ​ដើរកាត់​វាល​កាត់​ព្រៃ ដើម្បី​ឆ្លងដែន​មក​កម្ពុជា មុន​នឹង​ជួល​រថយន្ត​ជិះ​បន្ត​ទៅ​ស្រុកកំណើត។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២១ ខែ​មេសា។

ក្រសួង​ការងារ​ថៃ បាន​ប្រកាស​កាល​ពី​ថ្ងៃទី​៩ ខែមីនា ថា ប្រទេស​ថៃ​គ្មាន​គោលការណ៍​ទទួលយក​ពលករ​ខ្មែរ​ថ្មី​នោះ​ទេ ប៉ុន្តែ​ថៃ​បាន​រៀបចំ​គ្រប់គ្រង​ពលករ​ខ្មែរ​ដែល​មាន​ស្រាប់ ក្នុង​លក្ខខណ្ឌ​ដែល​ឯកសារ​ការងារ​របស់​ពួកគេ​នៅ​មាន​សុពលភាព និង​មាន​លិខិតធានា​ពី​ថៅកែ។

ចំណែក​ក្រសួង​ការងារ​កម្ពុជា បាន​ប្រកាស​ថា ពលករ​ខ្មែរ​ដែល​មាន​ប័ណ្ណ​ការងារ​អស់​សុពលភាព​ក្នុង​ប្រទេស​ថៃ កាលពី​ចុងខែ​មីនា មាន​ចំនួន ៨​ម៉ឺន​នាក់ ។ ក្នុង​នោះ ក្រសួង​ការងារ​បាន​លើកឡើង​ពី​គម្រោង​ជួយ​ពលករ​ខ្មែរ ដែល​អស់​សុពលភាព​ប័ណ្ណ​ការងារ ឱ្យ​ត្រលប់​មក​កម្ពុជា​វិញ ដោយ​ធានា​ផ្ដល់​កន្លែង​ការងារ​សម្រាប់​ពួកគេ ខណៈ​ពលករ​ខ្មែរ​ដែល​ផុត​សុពលភាព​ប័ណ្ណ​ការងារ​ហើយ​ចង់​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​បន្ត​ទៀត ក្រសួង​ការងារ​នឹង​ត្រៀម​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ឱ្យ​ជួយ​បន្ត​សុពលភាព​បន្ថែម​ទៀត។

ទោះជា​បែបនេះ​ក្ដី មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន អះអាង​ថា មាន​ពលករ​ខ្មែរ​យ៉ាង​តិច​ជាង ១៤​ម៉ឺន​នាក់ ដែល​មាន​ប័ណ្ណ​ការងារ​ត្រូវ​ផុតកំណត់​កាលពី​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០២៦​។ លោក​បន្ត​ថា ពលករ​ខ្មែរ​ជាច្រើន​នាក់ បាន​សម្រុក​វិលត្រឡប់​ទៅ​កម្ពុជា​វិញ តាំងពី​ខែកុម្ភៈ និង​ខែមីនា ពោល​គឺ​នៅមុន​ពេល​ដែល​ប័ណ្ណ​ការងារ​របស់​ពួកគេ ត្រូវ​អស់​សុពលភាព​។ លោក លឹង សុផុន ស្នើ​ឱ្យ​ពលករ​ខ្មែរ កុំឱ្យ​ឆ្លងដែន​ខុសច្បាប់​ចូល​មក​ប្រទេស​ថៃ ដែល​នាំ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។

លោក លឹង សុផុន៖ «​ហានិភ័យ​ហ្នឹង​ទាក់ទង​ទៅ​នឹ​ង​ការរស់នៅ​។ ប្រសិនបើ​គាត់​(​ពលករ​)​មក​រក​ការងារ​ក៏​ពិបាក​ដែរ ដោយសារ​រដ្ឋាភិបាល​ថៃ គេ​មិន​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​ស្វែងរក​ការងារ​ទេ ហើយ​គេ​មិន​ទាន់​មាន​ការ​បន្ធូរបន្ថយ​រឿង​ឯកសារ ឬក៏​អត់​ទាន់​មាន​គោលនយោបាយ ដើម្បី​បន្ត​វី​សា ឬ​ប័ណ្ណ​ការងារ​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ហ្នឹង ក៏​មិនទាន់​មាន​ដែរ»។

ពាក់ព័ន្ធ​នឹង​ករណី​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នេះ​ដែរ កាល​ពី​ថ្ងៃទី​១៨ ខែមេសា អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ១០៦​នាក់ ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ពលរដ្ឋ​ខ្មែរ​ទាំង​ជាង ១០០​នាក់ ដែល​រួមមាន​ស្ត្រី​២៥​នាក់ និង​កុមារ​ចំនួន​១៧​នោះ ត្រូវ​អាជ្ញាធរ​ថៃ​ចោទ​ថា បាន​លួច​ឆ្លងដែន និង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ