ថៃ​បន្ត​កសាង​សំណង់​ក្នុង​តំបន់​ព្រំដែន​កម្ពុជា ដែល​ថៃ​ចូលកាន់​កាប់​ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា​របស់​កម្ពុជា

0
45
ទិដ្ឋភាពទាហានថៃបានរាយបន្លាលួសនិងប្រើគ្រឿងចក្រជីកប្រឡាយដើម្បីកំណត់ព្រំដែនថ្មីដោយរំលោភទឹកដីខ្មែរនៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៦។ រូប៖ ទាហាន​ថៃ
ទិដ្ឋភាពទាហានថៃបានរាយបន្លាលួសនិងប្រើគ្រឿងចក្រជីកប្រឡាយដើម្បីកំណត់ព្រំដែនថ្មីដោយរំលោភទឹកដីខ្មែរនៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៦។ រូប៖ ទាហាន​ថៃ

ប្រទេស​ថៃ​នៅតែ​បន្ត​សាងសង់​សំណង់​នៅក្នុង​តំបន់​ព្រំដែន ដែល​ដណ្ដើម​បាន​ពី​កម្ពុជា ទៅ​បី​ជា​ភាគី​កម្ពុជា បាន​ដាក់​លិខិតតវ៉ា​ក៏ដោយ​។ សកម្មភាព​សាងសង់​របស់​ថៃ​នេះ ស្ថិត​ក្នុង​ទម្រង់​ជា​សំណង់​ដែល​បម្រើ​ឱ្យ​វិស័យ​យោធា តំបន់​រមណីយដ្ឋាន​ទេសចរណ៍ និង​តំបន់​សម្រាប់​ជន​ស៊ីវិល​រស់នៅ​។ មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា ភាគី​ថៃ​អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​គ្រប់គ្រង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​កម្ពុជា នៅតែ​អែអង់​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ។

អស់​រយៈពេល​ជិត​មួយឆ្នាំ តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​មក កម្ពុជា​បាន​ដាក់​លិខិតតវ៉ា​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​ក្នុង​ទឹកដី​កម្ពុជា រាប់​រយ​ដង​មក​ហើយ ប៉ុន្តែ​ក៏​មិនអាច​បញ្ឈប់​ការ​អភិវឌ្ឍ​របស់​យោធា​ថៃ​នេះ​បាន​ឡើយ។

នៅ​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​ភូមិ​ចំនួន​៤ នៅ​តំបន់​បឹង​ត្រកួន យោធា​ថៃ​សាងសង់​ផ្លូវលំ និង​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ និង​បាន​ប្ដូរ​ឈ្មោះ​ទីតាំង​ក្នុង​តំបន់​ទាំងនេះ​ជា​ភាសា​ថៃ​ផ្សេងៗ​គ្នា​។ ទន្ទឹមគ្នា​នេះ ស្រែចម្ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​អាស្រ័យ​ផល ត្រូវ​យោធា​ថៃ​ពុះ​ចែក​ឱ្យ​ពលរដ្ឋ​ថៃ​ជាច្រើន​គ្រួសារ និង​មាន​អ្នក​ចូល​ទៅ​អាស្រ័យ​ផល​ជា​បណ្ដើរៗ​ហើយ​។ រីឯ​តំបន់​ទីប្រជុំជន ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​រស់នៅ​អ៊ូអរ ពេលនេះ​បាន​ក្លាយ​ទៅជា​លេណដ្ឋាន និង​ប្រឡាយ​ទឹក​សម្រាប់​ប្រឆាំង​រថពាសដែក បន្ទាប់ពី​យោធា​ថៃ​បាន​ឈូស​បំផ្លាញ​ចោល។

រូបភាពផ្កាយរណបបង្ហាញ​ពី​ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​យោធាថៃ​បានឈ្លានពានយក ក្រោយថ្ងៃទី២៧ ធ្នូ​ ២០២៦។ រូប៖ លីកាដូ

ចំណែក​តំបន់​សមរភូមិ​នៅ​ភ្នំ​ទ្រព្យ ភ្នំ​៥០០ និង​ច្រក​អានសេះ ស្ថិតនៅ​ព្រំដែន​ខេត្តព្រះវិហារ ដែល​បាន​ឆេះឆាប និង​មាន​សភាព​រេចរឹល​ដោយសារ​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ និង​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​យោធា​ថៃ ក្នុង​អំឡុង​សង្គ្រាម​កាលពី​កន្លះ​ឆ្នាំមុន ពេលនេះ​បាន​ត្រឡប់​មាន​សភាព​ខៀវស្រងាត់​វិញ​ហើយ​នៅ​ដើមរដូវ​វស្សា​ឆ្នាំនេះ។ យោធា​ថៃ​បាន​អភិវឌ្ឍ​ទីតាំង​មូលដ្ឋានទ័ព​របស់​កម្ពុ​ជា​នេះ ទៅជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ដោយ​យោធា​ថៃ​បាន​កសាង​ផ្លូវ​បេតុង ជណ្ដើរ​ឡើង​ភ្នំ ទី​សក្ការៈ​បូជា ស្តូប​រម្លឹក​អនុស្សាវរីយ៍ និង​ទីកន្លែង​សម្រាប់​គយគន់​ទេសភាព​ពីលើ​ភ្នំ​ជាដើម​។ បច្ចុប្បន្ន​ទីតាំង​ទាំងនេះ ត្រូវ​ប្រទេស​ថៃ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​តំបន់​ទេសចរណ៍​របស់​ថៃ​រួចរាល់​ហើយ និង​មាន​ពលរដ្ឋ​ថៃ​មក​ទស្សនា​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ។

ដោយឡែក នៅ​ទីតាំង​មួយចំនួន​ដែល​យោធា​ថៃ​ដាក់​តម្រៀប​ទូ​កុងតឺន័រ ត្រូវ​ស្មៅ និង​វល្លិ​ដុះ​ព័ទ្ធជុំវិញ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ។

ដូច​គ្នា​នេះ​ដែរ នៅ​តំបន់​ប្រាសាទបុរាណ​ខ្មែរ​នៅ​លើ​ភ្នំ​ដងរែក ដែល​យោធា​ថៃ​បាន​ចូលកាន់​កាប់ មាន​ដូចជា ប្រាសាទ​តា​ក្របី តា​មាន់​ធំ និង​ប្រាសាទ​ខ្នារ យោធា​ថៃ​បាន​ឈូស​ឆាយ​ព្រៃ​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ បន្ទាប់ពី​បោសសម្អាត​គ្រឿងផ្ទុះ​រួច​។ ក្នុង​នោះ​យោធា និង​ព្រះសង្ឃ​ថៃ​បាន​រួមគ្នា​កសាង​ផ្លូវ​បេតុង​បន្ថែម​ទៀត នៅក្នុង​តំបន់​ប្រាសាទ ដើម្បី​សម្រួល​ឱ្យ​ក្រសួង​វប្បធម៌​របស់​ថៃ ចូល​ទៅ​ជួសជុល​តួ​ប្រាសាទ​ឡើងវិញ។

ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press

ទោះជា​យ៉ាងណា នៅក្នុង​វីដេអូ​សកម្មភាព​ឈូស​ឆាយ ដែល​យោធា​ថៃ​បាន​បង្ហោះ​នេះ ពួកគេ​បាន​អះអាង​ថា បាន​ប្រទះឃើញ​ឆ្អឹង និង​បំណែក​សាកសព​របស់​ទា​ហាន​ខ្មែរ​ជាច្រើន​បំណែក ដែល​កប់​នៅក្នុង​ដី ហើយ​ត្រូវ​ព្រះសង្ឃ​ថៃ​ប្រមូល​យក​ដុត និង​មួយចំនួន​ទៀត ត្រូវ​យោធា​ថៃ​ឈូស​កប់​ចោល​ទៅ​ក្នុង​ដី។

ជុំវិញ​សកម្មភាព​ឈ្លានពាន​របស់​ប្រទេស​ថៃ​ក្នុង​តំបន់​ព្រំដែន​របស់​កម្ពុជា​នេះ កាលពី​ថ្ងៃទី​២៩ ខែឧសភា ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង នឹង​ការ​រំលោភបំពាន​របស់​ភាគី​ថៃ ដែល​បាន​សង់​ព្រះពុទ្ធ​បដិមា​យ៉ាងតិច​ចំនួន ៣៦​អង្គ នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ព្រមទាំង​ការដំឡើង​បង្គោល​ទង់ជាតិ​ចំនួន​២ នៅក្នុង​ខេត្ត​ព្រះវិហារ។

ក្រសួងការបរទេស បាន​លើកឡើង​ថា សកម្មភាព​ទាំងនេះ​មិនអាច​ចាត់ទុកថា​ជា​វិធាន​ការ​រក្សា​ទីតាំង​ឈរជើង​កងទ័ព ដែល​បាន​ចែង​នៅក្នុង​សេចក្ដីប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នោះ​ឡើយ។

ជុំវិញ​ប្រតិកម្ម​របស់​ភាគី​កម្ពុជា​នេះ យោធា​ថៃ​មិន​បាន​ចេញ​ប្រតិកម្ម​ឆ្លើយ​តប ឬ​ច្រានចោល​ដូច​កាលពីមុន​នោះ​ឡើយ។

ពាក់ព័ន្ធ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ត្បិត​ការ​តវ៉ា​របស់​កម្ពុជា​មាន​ទម្ងន់​ផ្នែក​ការទូត​ក៏​ពិតមែន ប៉ុន្តែ​យន្តការ​នេះ មិន​មាន​ទម្ងន់​ផ្នែក​ច្បាប់​ជា​សកល​ណាមួយ ដែល​អាច​ដាក់​សម្ពាធ ឬ​ប្រឆាំង​សកម្មភាព​ឈ្លានពាន​របស់​ថៃ​បាន​ឡើយ។

លោក អ៊ុំ សំអាន៖ «ដូច្នេះ​ប្រជាពលរដ្ឋ​គួរតែ​ឈប់​ចាញ់បោក​ត្រកូល​ហ៊ុន ដែល​ថា នឹង​ទាមទារ​ទឹកដី​មកវិញ​បាន​ទាំងអស់​ដែល​មាន​៦៣​ទីតាំង​ហ្នឹង​ទៀត​ទៅ​។ ខ្ញុំ​យល់ថា​អ្វី​ដែល​ត្រកូល​ហ៊ុន​ទាមទារ​ហ្នឹង គ្រាន់តែ​ជា​ការ​ទិញ​ពេលវេលា​ដើម្បី​ឱ្យ​ត្រកូល​ហ៊ុន​ហ្នឹង​កាន់អំណាច​តទៅទៀត​ប៉ុណ្ណឹង​ឯង»។

បន្ទាប់​ពី​បទ​ឈប់​បាញ់ យោធា​ថៃ​បាន​បន្ត​ពង្រឹង​ការគ្រប់គ្រង និង​កាន់កាប់​ក្នុង​ទឹកដី​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន តាមរយៈ​ការសាងសង់​សំណង់​អចិន្ត្រៃយ៍​នានា ដូចជា ផ្លូវថ្នល់ ព្រះពុទ្ធ​បដិមា ការ​បិទផ្លូវ​ដោយ​ប្រើប្រាស់​ទូ​កុងតឺន័រ និង​បន្លា​លួស និង​ការរៀបចំ​សកម្មភាព​វប្បធម៌ និង​ទេសចរណ៍​ផ្សេងៗ។

ខណៈ​កម្ពុជា​វិញ បាន​ជ្រើសរើស​វិធី​ឆ្លើយតប​តាម​បែប​ការទូត ចំពោះ​ការឈ្លានពាន​របស់​យោធា​ថៃ ដែល​ខាង​គណបក្សប្រឆាំង រិះគន់​ថា ជា​សកម្មភាព ដែល​មិនសូវ​មាន​ទម្ងន់​នៅ​លើ​ការ​ទាមទារ​ជាមួយ​ថៃ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ