តុលាការ​កំពូល​បដិសេធ​ដោះលែង​សកម្មជន​សង្គម​លោក ធី ថន

0
153
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម

តុលាការ​កំពូល​សម្រេច​មិន​ដោះលែង​សកម្មជន​សង្គម​លោក ធី ថន ឱ្យ​មាន​សេរីភាព​ឡើងវិញ​នោះ​ទេ​។ សង្គម​ស៊ីវិល​ខកចិត្ត និង​ចាត់ទុក​ការ​បន្ត​ឃុំខ្លួន​សកម្មជន​សង្គម​លោក ធី ថន ថា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រង​ការរិះគន់ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​កាន់តែ​ខ្លាំង។

តុលាការ​កំពូល​នៅ​ថ្ងៃទី​១១ ខែឧសភា បាន​បដិសេធ ដោះលែង​សកម្មជន សង្គម​លោក ធី ថន ដោយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

សាលាឧទ្ធរណ៍​ភ្នំពេញ កាលពីដើម​ខែ​មីនា ឆ្នាំ​២០២៦ បាន​បដិសេធ​សំណើ សុំ​ដោះលែង​របស់​លោក ធី ថន ដោយ​លើក​ហេតុផល​ថា ការ​ដោះលែង លោក​ពី​ពន្ធនាគារ​អាច​បង្ក​ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជន​ពាក់ព័ន្ធ​ឬ​សាក្សី និង​រក្សា​ទុក​លោក ធី ថន សម្រាប់​សវនាការ​តុលាការ ខណៈ​បញ្ហា​សុខភាព របស់​លោក ធី ថន វិញ តុលាការ អះអាង​ថា មិនមាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ត្រឹមត្រូវ។

លោក ធី ថន គឺជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពី​ខែ​សីហា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ចោទ ប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់​»​តាម​មាត្រា​៤៥៣ នៃ​ក្រម ព្រហ្មទណ្ឌ ដែល​អាច​ធ្វើ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ប្រសិនបើ តុលាការ​ផ្ដន្ទាទោស​លើ​រូបលោក​នោះ។ លោក កើត សារ៉ាយ ដែល​ជា​ប្រធាន​នៃ​សមាគម​នេះ ក៏​កំពុងតែ អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ រយៈពេល ៤​ឆ្នាំ បន្ទាប់ពី​ការ​ចាប់ខ្លួន​កាលពី​ខែ​មេសា ឆ្នាំ​២០២៤ ពី​បទ «​ញុះញង់​ឱ្យ ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍​»​និង​បទ «​មិន​រាងចាល​ក្នុង​បទមជ្ឈិម បន្ទាប់ពី​ការ ផ្ដន្ទាទោស​បទមជ្ឈិម»។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែ​ឧសភា​ថា លោក ធី ថន គឺជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​សកម្ម ដែល​តែងតែ​ឈឺឆ្អាល និង​ជួយ​ការពារ សិទ្ធិ​អ្នកដទៃ ការពារ​បរិស្ថាន ពលរដ្ឋ រងគ្រោះ​ដីធ្លី ព្រមទាំង​បញ្ហា​សង្គម ជាដើម​។ លោក​សោកស្ដាយ ដែល​តុលាការ​សម្រេច​បន្ត​ឃុំខ្លួន​សកម្មជន សង្គម​លោក ធី ថន ទៀត ដោយ​ថា ការ​ឃុំ​ខ្លួន​នេះ មិន​បាន​ផ្ដល់​ផល​ចំណេញ​នោះ​ទេ ផ្ទុយទៅវិញ នឹង​ធ្វើ​ឲ្យ រដ្ឋាភិបាល​រង​ការរិះគន់​បន្ថែម​ទៀត។

លោក អំ សំអាត៖ «យើង​សោកស្ដាយ ដែល​លោក ធី ថន បន្ត​នៅ​ការ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការសិក្សា​បន្ត​របស់​គាត់ ក៏ដូចជា ជីវភាព ក្រុម​គ្រួសារ​របស់​គាត់ ដែល​ពឹងពាក់​លើក​គាត់​។ បើ​យើង​មើលទៅ​អ្នក​ដែល​ធ្វើ ការ​ការពារ​លើកកម្ពស់​សិទ្ធិមនុស្ស និង​បរិស្ថាន មិនមែន​ជា​បទល្មើស​នោះ​ទេ វា​គួរតែ​ត្រូវ​មាន​ការ​ដោះលែង​សម្រាប់​ពួកគាត់»។

សកម្មជន​លោក ធី ថន គឺជា​អ្នក​ជាប់ឃុំ​ម្នាក់ ក្នុងចំណោម​អ្នក​ជាប់ ឃុំ​ជាង ១០០​នាក់ ដែល​ប្រើ​សិទ្ធិ​បញ្ចេញមតិ និង​ភាព​សកម្ម​និយម​របស់​លោក​នៅ​ក្នុង​សង្គម។

អ្នកឃ្លាំមើល ព្រមាន​ថា​វិធានការ​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ដែល​បន្ត​ធ្វើបាប​សកម្មជន​ប្រឆាំង ឬ​សកម្មជន​សង្គម​គឺជា​ការបង្កើត​វិបត្តិ​ធ្វើ​ឲ្យ​ជាតិ បែកបាក់​ធ្ងន់ធ្ងរ ហើយ​បន្សល់ទុក​តែ​ការឈឺចាប់ ពិបាក​ផ្សះផ្សា​គ្នា​ក្នុង​សង្គម​នៅ​ថ្ងៃ​អនាគត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ