អង់គ្លេស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមហ៊ុន «លេជេន» នៅ​កម្ពុជា និង​បណ្ដាញ​ឆបោក​ជាច្រើន​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី

0
139
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស (UK) បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត​ដោយ​បង្កក​ទ្រព្យ​លើ​ក្រុមហ៊ុន លេជេន អ៊ិននូវេសិន (Legend Innovation) និង​តំណាង​ក្រុមហ៊ុន​នេះ​ឈ្មោះ អៀង សុខលីម រួម​ទាំង​បណ្ដាញ​ជាច្រើន​ទៀត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ចូលក្នុង​បញ្ជីខ្មៅ​ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការបង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា​។ មេខ្លោង​ធំ និង​ជា​ម្ចាស់​ក្រុមហ៊ុន លេជេន ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​លោក ហ៊ុន តូ និង​ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែល​បាន​បង្កើត​ឧទ្យាន​មួយ​កន្លែង​នៅ​ខេត្តព្រៃវែង ដើម្បី​សាងសង់​អគារ​សម្រាប់​បង្ខាំង​មនុស្ស​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ហៅ ឧទ្យាន​លេខ ៨ (Park 8) ស្ថិត​ក្នុង​ខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន លេជេន អ៊ិននូវេសិន (Legend Innovation) ថា ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អន​ឡាញ​ដ៏​អាក្រក់ និង​បាន​បង្កើន​ចំណាត់ការ​របស់ខ្លួន​ក្នុងការ​ទណ្ឌកម្ម​ប្រឆាំង​លើ​ក្រុមហ៊ុន​នេះ និង​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​កំពុងបើក​ដំណើរការ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​លើ​ជនរងគ្រោះ​ទូទាំង​ពិភពលោក​។​

​បុគ្គល និង​អង្គភាព​ដែល​ត្រូវបាន​អង់គ្លេស​កំណត់​គោលដៅ​ដាក់ទណ្ឌកម្ម​រួមមាន ក្រុមហ៊ុន លេជេន និង​តំណាង​ក្រុមហ៊ុន​នេះ​ឈ្មោះ អៀង សុខលីម។ ទន្ទឹមគ្នា​នេះ ក៏​មាន​ក្រុមហ៊ុន ស៊ីនប៊ី (Xinbi) ដែល​មាន​វេទិកា​ដូរ​លុយ​តាម​អនឡាញ និង​ជួយ​លាងលុយកខ្វក់​ឱ្យ​ឧក្រិដ្ឋជន រួម​ទាំង​បុគ្គលិក​មួយ​ចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​ឧក្រិដ្ឋជន ចេន ហ្ស៊ី​។ ក្រៅ​ពី​នេះ អង់គ្លេស​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ជនជាតិ​ចិន ២​រូប​ផ្សេងទៀត​ដែល​មាន​ឈ្មោះថា ថេត លី (Thet Li) ជា​អ្នកគ្រប់គ្រង​បណ្ដាញ​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​លោក ចេន ហ្ស៊ី និង​ឈ្មោះ ហ៊ូ ស៊ាវវៃ (Hu Xiaowei) ជា​មនុស្ស​ជំនិត​របស់​លោក ចេន ហ្ស៊ី ដូចគ្នា​។ អង់គ្លេស​រក​ឃើញ​ថា ក្រុមហ៊ុន លេជេន គឺជា​ក្រុមហ៊ុន​ដ៏​ធំ​ក្នុង​នៅ​កម្ពុជា​ដែល​បាន​បង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ដែល​មាន​បណ្ដាញ និង​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី។

សេចក្ដីប្រកាស​ដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អង់គ្លេស​កាលពី​ថ្ងៃទី​២៦ ខែមីនា បញ្ជាក់​ថា ការ​បង្កើន​ចំណាត់ការ​របស់​ខ្លួន​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ​បង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី​ការពារ​ដល់​ជនជាតិ​អង់គ្លេស និង​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​ពី​ការ​រង​គ្រោះ​ឆបោក​តាម​អន​តាម​អនឡាញ និង​ការ​ក្លែងបន្លំ​តាមរយៈ​រូបិយប័ណ្ណ​គ្រីបតូ (Crypto)​។ អង់គ្លេស​សង្កត់ធ្ងន់​ថា ចំណាត់ការ​ទណ្ឌកម្ម​ចុង​ក្រោយនេះ នឹង​មាន​ប្រសិទ្ធភាព​ភ្លាមៗ​ក្នុង​ការ​ទប់ស្កាត់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៃ​ក្រុម​បណ្ដាញ​ឆបោក​ដែល​បាន​មក​ពី​ការ​កេងប្រវ័ញ្ច​ជនរងគ្រោះ​មិន​មាន​ឱ្យ​ចរន្ត​បន្ថែម​ទៀត។

ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដែល​អង់គ្លេស និង​អាមេរិក​បន្ត​លាតត្រដាង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា គឺ​សុទ្ធតែ​មានការ​ដឹកនាំ​ដោយ​បណ្ដាញ​ម៉ាហ្វីយ៉ា​ចិន​ដែល​ចូលរួម​សហការ និង​កាង​ការពារ​ដោយ​សមាជិកគ្រួសារ និង​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

អ្នកស្រី មូរ សុខហួរ៖ «យើង​ត្រូវតែ​ថ្លែងអំណរគុណ​ដល់​ចក្រភព​អង់គ្លេស​ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​មាន​សារសំខាន់​ការពារ​សន្តិសុខ​តំបន់ និង​ទូទាំង​សកលលោក ពីព្រោះ​ការ​ឆបោក​អនឡាញ​នេះ ប៉ះពាល់​ទៅដល់​សន្តិសុខ​ទូទាំង​សកលលោក។ យើង​សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ដាក់​ទម្ងន់​ឱ្យ​ធ្ងន់​ទៅលើ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា (Scam-bodia) មានន័យថា ប្រទេស​កម្ពុជា​ដែល​ក្លាយទៅជា​ប្រភព​នៃ​បោក​បញ្ឆោត​អនឡាញ​។ នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ប្រទេស​កម្ពុជា​ដ៏​ធ្ងន់ធ្ងរ​ណាស់ ហើយ​ប្រទេស​កម្ពុជា​នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នៅក្នុង​ការ​ប្រមូល​យក​វិនិយោគទុន​មក​ប្រទេស​កម្ពុជា»។

ឧទ្យាន​លេជេន ឬ​ឧទ្យានលេខ ៨ (Park 8) របស់​ក្រុមហ៊ុន លេជេន អ៊ិននូវេសិន ស្ថិតនៅ​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្ដើម​សាងសង់​អាជីវកម្ម​លំនៅឋាន​ឯកជន ផ្ទះល្វែង​រាប់​រយ​ខ្នង ផ្សារ​ទំនើប និង​ក្លឹប​កម្សាន្ត​ជាដើម​ចាប់តាំងពី​ឆ្នាំ​២០២៣ ក្នុង​ទំហំ​ផ្ទៃដី​ជិត ៣៤​ហិកតារ​បន្ទាប់ពី​សុំ​ការអនុញ្ញាត​សាងសង់​ពី​ក្រសួង​ដែនដី​ដោយ​តំណាង​ក្រុមហ៊ុន​ឈ្មោះ អៀង សុខលីម។

បរិវេណ​នៃ​អគារ​ជាច្រើន​ក្នុង​ក្រុមហ៊ុន​នេះ​ក៏​ត្រូវ​បាន​យាមកាម​ពី​ក្រុម​ឆ្មាំ​សន្តិសុខ​យាមកាម​គ្រប់​ច្រកល្ហក​ព័ទ្ធ​ចម្រឹង​ដែក​នៅ​តាម​អគារ​នីមួយៗ និង​ហ៊ុមព័ទ្ធ​លួស​បន្លា​នៅ​ជុំវិញ​របង​។ ក្រៅ​ពី​នេះ ជា​ញឹកញយ​ជនរងគ្រោះ​ដែល​រង​ការ​បង្ខាំង​ក្នុង​អគារ​ក៏​ត្រូវ​បាន​រាយការណ៍​ពី​ការ​វាយ​ដុំ​ធ្វើ​ទារុណកម្ម និង​មាន​ករណី​មនុស្ស​ស្លាប់​នៅក្នុង​បរិវេណ​អគារ​ត្រូវ​បាន​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម។ ជនរងគ្រោះ​ជាច្រើន​មកពី​ជុំវិញ​ប្រទេស​ផ្សេងៗ​គ្នា​ដែល​រង​ការ​បង្ខាំង​ក្នុង​អគារ​ក៏បាន​នាំគ្នា​សម្រុក​ចេញពី​អគារ ក្នុង​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​កាលពី​ខែ​កុម្ភៈ។

មេខ្លោង​ធំ​នៅ​ពីក្រោយ​ដែល​រង​ការ​ចោទប្រកាន់​ថា ជា​ម្ចាស់​ឧទ្យាន​ឆបោក​តាម​អនឡាញ​នៃ​ក្រុមហ៊ុន លេជេន នោះ​គឺ ប្រធាន​ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុ តូ និង​ក្រុមហ៊ុន ព្រីនស៍​គ្រុប​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី។

របាយការណ៍​ស៊ើបអង្កេត​របស់​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក» (Elliptic) និង​គម្រោង​តាមដាន​ការបោកប្រាស់​តាម​អ៊ីនធឺណិត (Cyber Scam Monitor) បង្ហាញថា ក្រុមហ៊ុន លេជេន បានរៀបចំ និង​ចុះបញ្ជី​សម្រាប់​ដំណើរ​អាជីវកម្ម​ស្ថិត​ក្នុង​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុ តូ នៅ​រាជធានី​ភ្នំពេញ​។ របាយការណ៍​ស៊ើបអង្កេត​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ បាន​ព្យាយាម​រក្សា​ការ​បែកធ្លាយ​ចំពោះ​ចំណងទាក់ទង​ក្រុមហ៊ុន​របស់​ខ្លួន​ដែល​នៅ​ពីក្រោយ​ការបង្កើត​ឧទ្យាន​ឆបោក​តាម​អនឡាញ​នៅ​ខេត្តព្រៃវែង​នេះ។

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា «​អេលីបទីក» (Elliptic) រកឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០២១ មក​ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ បាន​ទទួល​ផល​ចំណេញ​យ៉ាង​ហោច ១១​ពាន់​លាន​ដុល្លារ​ដែល​មកពី​អំពើ​ឆបោក​តាម​អន​ឡាញ និង​ការ​ជួយ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន។

សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​សហការ​ចាត់​វិធាន​ការ​រួម​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) កាលពី​ចុងឆ្នាំ​២០២៥ ដោយសារតែ​រក​ឃើញ​ថា គឺជា​ក្រុមហ៊ុន​ធំ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​បាន​ជួយ​លាង​កខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​យ៉ាង​ហោច​ណាស់ ៤​ពាន់​លាន​ដុល្លារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ