
អង្គការសហប្រជាជាតិ (UN) បានចេញរបាយការណ៍ស៊ើបអង្កេតចុងក្រោយមួយ ដោយរៀបរាប់លម្អិតអំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើជនរងគ្រោះរាប់ពាន់នាក់ ដែលត្រូវបានជួញដូរ និងបង្ខាំងធ្វើទារុណកម្មនៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត។ អ្នកឃ្លាំមើលបញ្ហាឧក្រិដ្ឋកម្មយល់ថា របាយការណ៍របស់អង្គការអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការពិតដែលឧក្រិដ្ឋជន បានពង្រីកបណ្ដាញឆបោកតាមអនឡាញ នៅកម្ពុជាយ៉ាងឆាប់រហ័ស និងបង្ខាំងជនរងគ្រោះចម្រុះជាតិសាសន៍ ឱ្យឆបោកលុយពលរដ្ឋនៃបណ្ដាប្រទេសជុំវិញពិភពលោក។






