អ្នករាយការណ៍​ពិសេស UN ចុះ​វាយតម្លៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​សង្គម​ស៊ីវិល​ស្នើ​បើក​លំហ​សេរីភាព​ឡើងវិញ

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)។ Photo Courtesy
​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)។ Photo Courtesy

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ស្នើ​ឱ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ផ្តោត​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​លំហ​សេរី​ភាពជា​មូលដ្ឋាន ដោយសារ សេរីភាព​នយោបាយ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ នៅតែ​ជា​បញ្ហា​ប្រឈម​នៅក្នុង​ប្រទេស​ប្រទេស​កម្ពុជា​។ ការ​លើកឡើង​នេះ ខណៈ​លោក ថម អេនឌ្រូ កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ដើម្បី​ប្រមូល​ព័ត៌មាន និង​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ LICADHO លោក អំ សំអាត បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ក្នុង​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី​នៅពេល​ខាងមុខនេះ អង្គការ​សង្គម​ស៊ីវិល​នឹង​លើកឡើង​ពី​បញ្ហាសំខាន់ៗ​ដែល​ពួកគេ​ចាត់ទុកថា កំពុង​ប៉ះពាល់​ដល់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បញ្ហា​ទីមួយ គឺ​ពាក់ព័ន្ធ​នឹង លំហ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​នៅតែ​មានការ​រឹតត្បិត គួរឱ្យកត់សម្គាល់​។ បញ្ហា​សេរីភាព​សារព័ត៌មាន ដោយសារ​កន្លងមក​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស​។ លោក ថា ប្រសិនបើ​អ្នកសារព័ត៌មាន​មាន​កំហុស​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ គួរតែ​មាន​ការ​ដោះស្រាយ​តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន ជាជាង​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ។

លោក​បន្ថែម​ថា សង្គម​ស៊ីវិល​ក៏​នឹង​លើកឡើង​ពី​បញ្ហា​សេរីភាព​នយោបាយ ដោយ​លោក​កត់សម្គាល់​ថា ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ បាន​បង្កើត​ការ​ព្រួយបារម្ភ​អំពី​ការ​រួម​តូច​នៃ​លំហ​នយោបាយ​នៅ​កម្ពុជា​។ លោក​ក៏​នឹង​លើក​ពី​សិទ្ធិ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​ផង​ដែរ​។ លោក ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ គឺជា​សិទ្ធិ​មូលដ្ឋាន​មួយ​។ ប៉ុន្តែ​ពេល​មានការ​ប្រើប្រាស់​ច្បាប់​ដាក់ទោស​ទៅលើ​អ្នក​ដែល​បញ្ចេញមតិ វា​ធ្វើឱ្យ​មាន​ការព្រួយ​បារម្ភ​ថា លំហ​សេរីភាព​នេះ​កាន់តែ​រួម​តូច។ ចំណែក បញ្ហា​សង្គម​ស៊ីវិល​ក៏​ជា​ចំណុច​មួយ​ដែល​ត្រូវ​លើកឡើង​ផង​ដែរ ដោយសារ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុម​សកម្មជន​មួយចំនួន ប្រឈម​នឹង​ការ​រឹតត្បិត​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​។​

លោក អំ សំអាត៖ «​យើង​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស មួយ​ដែល​បាន​ផ្តល់​សច្ចាប័ន ទៅលើ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​ច្រើន​ជាងគេ​នៅក្នុង​អាស៊ាន ចឹ​ង​កម្ពុជា​ត្រូវ​តែ​មាន​កាតព្វកិច្ច នៅក្នុង​ការ​ទីមួយ​គឺ​ការគោរព ធ្វើ​ម៉េច​គឺ​គោរព ទៅលើ​បទដ្ឋាន​អន្តរជាតិ​ហ្នឹង ហើយ​គោរព​ការអនុវត្ត​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់»។

ការអះអាង​របស់​ក្រុម​អង្គការសិទ្ធិមនុស្ស​នេះ បន្ទាប់ពី​លោក ថម អេន​ឌ្រូ កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ដើម្បី​ប្រមូល​ព័ត៌មាន និង​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ជម្លោះព្រំដែន សេរីភាព​បញ្ចេញមតិ សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។ លោក​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន តំណាង​សង្គម​ស៊ីវិល ជនរងគ្រោះ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត។

អ្នករាយការណ៍​ពិសេស​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន តំណាង​សង្គម​ស៊ីវិល ជនរងគ្រោះ អ្នក​រស់រាន​មាន​ជីវិត​ពី​ការ​រំលោភបំពាន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា​ផ្សេងទៀត​។ អ្នករាយការណ៍​ពិសេស​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​។ អ្នករាយការណ៍​ពិសេស UN នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ការវាយតម្លៃ​បឋម​របស់​លោក​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា បាន​និយាយ​ថា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​កន្លង​មក បាន​បង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វិធានការ​ដែល​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូ​រ​ជាក់ស្តែង​នៅតែ​ជា​បញ្ហា​ប្រឈម​។​

លោក​បន្ត​ថា ក្រុម​សង្គម​ស៊ីវិល​នៅតែ​ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​លើ​សេរីភាព​នយោបាយ ការ​បញ្ចេញមតិ និង​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​អ្នកការពារ​សិទ្ធិមនុស្ស​។ លោក​ថា ស្ថានភាព​ដែល​ឃើញជាក់ស្តែង គឺ​មានការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​បន្ត ហើយ​ជាពិសេស​សេរីភាព​នយោបាយ និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ គឺជា​បញ្ហា​ដែល​រង​ការរិះគន់​ខ្លាំង​។​

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹ​ង​វា ជា​ការ​បង្ហាញ​ឃើញច្បាស់ៗ​ទៅ​ហើយ ប៉ុន្តែ​វិធានការ​របស់​អង្គការ​សហប្រជាជាតិ​ហ្នឹង គឺ​មិនទាន់ មាន​អ្វី​ដែល​ជា​ការ​ធ្វើ​ឱ្យ​មាន​ការ​កែប្រែ​នោះ​ទេ​។ ចឹង​យើង​ក៏​ទន្ទឹង​ចាំ​មើល​ដែរ​ថា​តើ អ្នករាយការណ៍​ពិសេស​ថ្មី​ហ្នឹង នឹង​មាន​របាយការណ៍​អ្វី​ដែល​ប្លែក ហើយ​មាន​ឥទ្ធិពល​យ៉ាងណា នៅក្នុង​ការ​ដាក់​សម្ពាធ ឱ្យ រដ្ឋាភិបាល​ហ្នឹង ធ្វើការ​កែ​លម្អ ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​បើក​នូវ​លំហ​សេរីភាព​ផ្នែក​នយោបាយ»។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បញ្ជាក់​ថា សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​ត្រូវ​បាន​ធានា​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ហើយ​កម្ពុជា​បន្ត​បំពេញ​កាតព្វកិច្ច​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

អ្នកឃ្លាំមើល​សង្គម លើកឡើង​ថា រយៈពេល​ជាង​៤០​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​ត្រកូល​ហ៊ុន​កម្ពុជា​ប្រៀប​បីដូច​ប្រទេស​កុម្មុយនីស្ត បើទោះបីជា មាន​រដ្ឋធម្មនុញ្ញ ឬ​កិច្ចព្រមព្រៀង​អន្តរជាតិ នានា​សម្រាប់​ធានា​សិទ្ធិ​ពលរដ្ឋ ធានា​អធិបតេយ្យ​ជាតិ និង​ធានា​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ