

មន្ត្រីជាន់ខ្ពស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក រួមទាំងតំណាងអង្គការអន្តរជាតិធំៗ និងបណ្ដាញប្រទេសក្នុងតំបន់មួយចំនួនបានជំរុញឱ្យកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការផ្ដោតលើការចាប់ជនល្មើស និងបង្កកទ្រព្យសម្បត្តិរបស់បណ្ដាញឧក្រិដ្ឋជនឆ្លងដែន។ មន្ត្រីតំណាង ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ ឬអាំងទែប៉ូល (Interpol) តំណាងអង្គការសហប្រជាជាតិ (UN) មន្ត្រីជាន់ខ្ពស់នៃប្រទេសចិន និងអាស៊ាន (ASEAN) បានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់ខ្លួន និងបើកចំហលើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីកាត់ផ្ដាច់បណ្ដាញឧស្សាហកម្មតាមអនឡាញ។
សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលរៀបចំឡើងដោយកម្ពុជានៅថ្ងៃទី២៣ ខែកញ្ញា បានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ពីប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗនៅលើពិភពលោក ដើម្បីពិភាក្សា និងផ្ដោតលើការពង្រឹងកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ចាប់ខ្លួនជនល្មើស និងកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុរបស់បណ្ដាញឆបោកតាមអនឡាញ។
ប្រធានផ្នែកប្រតិបត្តិការជាន់ខ្ពស់នៃទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកលោក ស្ទីវិន ហ្វូរ៉េស (Stephen Flores) លើកឡើងក្នុងសន្និសីទអន្តរជាតិនេះថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានរីករាលដាលកាន់តែខ្លាំង និងបានគំរាមកំហែងពលរដ្ឋអាមេរិក និងជនរងគ្រោះនៅជុំវិញពិភពលោក។ លោកសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអន្តរជាតិគឺពិតជាមានសារៈសំខាន់ ក្នុងការស៊ើបការណ៍ និងចែករំលែកព័ត៌មានសម្ងាត់ ដើម្បីអាចឈានដល់ចាប់ខ្លួនជនល្មើសមកកាត់ទោស រួមទាំងកម្ទេចមជ្ឈមណ្ឌលឆបោក និងស្វែងរកប្រាក់ដែលជនរងគ្រោះបានបាត់បង់។
ក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងថា កាលពីឆ្នាំ២០២៥ អង្គការឧក្រិដ្ឋកម្មឆ្លងដែនក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់លោក ចេន ហ្ស៊ី ដែលមានមូលដ្ឋាននៅកម្ពុជាបានប្លន់យកលុយពលរដ្ឋអាមេរិកយ៉ាងហោចណាស់ជាង ១៨ពាន់លានដុល្លារ។
រីឯ ប្រធានក្រុមសម្របសម្រួលនៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ ឬអាំងទែប៉ូល (Interpol) លោក នីកូឡាស ខត (Nicolas Court) ឱ្យដឹងថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានកើនឡើងជាង ៥០ភាគរយ។ លោកក៏កត់សម្គាល់ថា បណ្ដាញឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាត្រូវបានបណ្ដាញឧក្រិដ្ឋជន បំបែកចេញពីទីតាំងអគារធំៗទៅជាទីតាំងតូចៗបង្កលក្ខណៈកាន់តែស្មុគស្មាញធ្វើឱ្យសមត្ថកិច្ចកាន់តែពិបាកបង្ក្រាប និងស្រាវជ្រាវជាងមុន។ មន្ត្រីជាន់ខ្ពស់អាំងទែប៉ូល (Interpol) លោក នីកូឡាស ខត ក៏បានប្រកាសពីការបង្កើតកម្លាំងពិសេសឈ្មោះ «ព្យុះស្រមោល» (Task Force Shadow Storm) សម្រាប់ផ្ដោតលើការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាសកល។ លោកថា ក្រុមការងារនេះនឹងប្រមូលអ្នកស៊ើបអង្កេតពីប្រទេសសមាជិក រួមទាំងកម្ពុជា ដើម្បីវិភាគព័ត៌មានស៊ើបការណ៍ និងបម្លែងវាទៅជាសកម្មភាពប្រតិបត្តិការជាក់ស្ដែង ដោយមានគោលដៅបង្កើនការចាប់ខ្លួនជនល្មើស កម្ទេចទីតាំងឆបោក និងការពារជនរងគ្រោះ។
ចំណែក តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អ្នកស្រី ដេលហ្វីន ស្ហង់ស៍ (Delphine Schantz) ព្រមានថា ឧស្សាហកម្មឆបោកតាមអនឡាញបានរីកដុះដាលយ៉ាងឆាប់រហ័ស និងមានទម្រង់បោកប្រាស់ផ្សេងៗដែលធ្វើឱ្យជនរងគ្រោះជុំវិញពិភពលោកខាតបង់ធ្ងន់ធ្ងរ និងបាត់បង់លុយដែលខ្លួនខិតខំសន្សំស្ទើរពេញមួយជីវិត។ អ្នកស្រីអំពាវនាវដល់បណ្ដាប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងមាំ ដើម្បីតាមដាន និងកាត់ផ្ដាច់លំហូរប្រាក់ ព្រមទាំងរារាំងប្រាក់ចំណេញរបស់ក្រុមឧក្រិដ្ឋជនដែលយកទៅ បន្តវិនិយោគពង្រីកបណ្ដាញឧក្រិដ្ឋកម្មក្នុងឧស្សាហកម្មឆបោកតាមអនឡាញ។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ថា (UNODC) បញ្ជាក់ថា ការជួញដូរគ្រឿងញៀន អំពើឆបោកអនឡាញ អំពើជួញដូរមនុស្ស ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា កំពុងត្រូវបានបណ្ដាញឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍ចង់ភ្ជាប់រួមបញ្ចូលគ្នាជាប្រព័ន្ធតែមួយ។ UNODC រកឃើញថា ក្នុងឆ្នាំ២០២៥ ប្រជាជននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី (Australia) និងនូវែលហ្សេឡង់ (New Zealand) បានខាតបង់លុយជាង ១១៤ពាន់លានដុល្លារ ពីការឆបោកតាមអនឡាញរបស់ក្រុមឧក្រិដ្ឋជននៅតំបន់អាស៊ីអាគ្នេយ៍។
រីឯ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គ័រ ដ្រីស្ម៉ាន់ស៍ (Igor Driesmans) ក៏បានចូលរួមសន្និសីទដែលរៀបចំដោយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងបណ្ដាញឆបោកតាមអនឡាញ និងការជួញដូរមនុស្ស។ ការចូលរួមរបស់សហភាពអឺរ៉ុបក៏ស្របពេលសហភាពអឺរ៉ុបបានដាក់ចេញ វិធានការរឹតត្បិតគោលដៅកាលពីថ្ងៃទី៣០ ខែកក្កដា ដើម្បីចាត់ការលើបុគ្គល និងអង្គភាពពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនដឹកនាំដោយក្រុមហ៊ុន ព្រីនស៍ គ្រុប របស់មេខ្លោង ចេន ហ្ស៊ី។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបញ្ជាក់ថា ការបង្ក្រាបបណ្ដាញឆបោកត្រូវការកិច្ចសហការរវាងប្រទេសនានា ដើម្បីកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋកម្ម និងការពារជនរងគ្រោះពីការជួញដូរមនុស្ស។
ដោយឡែក អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន លោក យ៉ាង វៃលីន (Yang Weilin) សរសើរកម្ពុជាចំពោះការបង្ក្រាបទីតាំងឆបោក និងលើកពីកិច្ចសហការចាប់បញ្ជូនមេខ្លោងឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និងបក្ខពួកមួយចំនួនមកប្រទេសចិន។ លោកក៏អំពាវនាវឱ្យប្រទេសនានាចែករំលែកព័ត៌មានសម្ងាត់ ទប់ស្កាត់លំហូរសាច់ប្រាក់ខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ក្រៅពីវត្តមានតំណាងប្រទេស និងអង្គការធំៗនៅលើពិភពលោកថ្នាក់ដឹកនាំមួយចំនួននៃប្រទេសសមាជិកអាស៊ានក៏បានចូលរួមដែរ។ ក្នុងនោះរួមមានអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក អារីហ្វ ហាវ៉ាស អូហ្គ្រោសេណូ (Arif Havas Oegroseno) រដ្ឋមន្ត្រីទទួលបន្ទុកការបរទេស និងក្រសួងមហាផ្ទៃសិង្ហបុរី លោក ហ្សុលកាណែន អាប់ឌុល រ៉ាហ៊ីម (Zhulkarnain Abdul Rahim) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក ង្វៀន វ៉ាន់ ឡុង (Nguyen Van Long) ក៏ចូលរួមថ្លែងក្នុងវេទិកាកម្រិតខ្ពស់នេះ ដើម្បីត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបណ្ដាញប្រទេសក្នុងនានា។ សន្និសីទអន្តរជាតិនេះកម្ពុជានឹងរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេស លោក ឡដ ហាន់សុន (Lord Hanson) នៅថ្ងៃទី២៣ ខែកញ្ញា ក៏មានជំនួប ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង់គ្លេស ឬព្រីតថេន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន។ ស្ថានទូតព្រីតថេនឱ្យដឹងថា ជំនួបនេះភាគីទាំងពីរក៏បានពិភាក្សាអំពីការគាំទ្រដល់តួនាទីដ៏សំខាន់របស់អង្គការផ្សេងៗ រួមទាំងអ្នកសារព័ត៌មាន និងសង្គមស៊ីវិល ក្នុងការចូលរួមប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ កិច្ចពិភាក្សានេះផ្ដោតលើការពង្រឹងការប្រើប្រាស់ភស្តុតាងឌីជីថល និងការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ ការពង្រឹងកិច្ចសហប្រតិបត្តិការយកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសមកវិញ និងការធានាលើជនរងគ្រោះពីការជួញដូរ និងកេងប្រវ័ញ្ច ត្រូវទទួលបានការការពារតាមច្បាប់។
ទាក់ទងនឹងរឿងនេះ រដ្ឋាភិបាលឯករាជ្យ ២៣ តុលា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៣ ខែកញ្ញា ដោយអំពាវនាវឱ្យអង្គការប៉ូលិសអន្តរជាតិអាំងទែប៉ូល រួមទាំងតំណាងប្រទេស និងស្ថាប័នអន្តរជាតិដែលចូលរួមសន្និសីទអន្តរជាតិត្រូវទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនបុគ្គល និងមេបណ្ដាញធំៗដែលកាងឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យរីករាលដាលនៅកម្ពុជា ដើម្បីយកមកប្រឈមមុខនឹងច្បាប់។ ក្រុមបុគ្គល និងមេបណ្ដាញធំៗទាំងនេះមានងារជាឧកញ៉ា និងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលមានឈ្មោះកត់ត្រារួចជាស្រេចក្នុងរបស់របាយការណ៍នៃប្រទេសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងស្ថាប័នអន្តរជាតិជំនាញច្រើនទៀត។ រដ្ឋាភិបាលឯករាជ្យ ២៣ តុលា ជឿថា ពិភពលោកអាចកម្ទេចឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានជោគជ័យលុះត្រាតែរដ្ឋាភិបាលនៃប្រទេសនីមួយៗ ចាប់ផ្ដើមចាត់វិធានការលើមេខ្លោង និងក្រុមពួកមេបណ្ដាញឆបោកក្នុងប្រទេសរបស់ខ្លួន។
ចំណែក ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា សហគមន៍អន្តរជាតិមិនទាន់មានជំនឿលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅឡើយ ព្រោះមេខ្លោងសំខាន់ៗដែលពាក់ព័ន្ធនឹងការកាងឧស្សាហកម្មឆបោកមិនទាន់ត្រូវបានអាជ្ញាធរចាត់វិធានការតាមច្បាប់។ អ្នកស្រីយល់ថា ដើម្បីបញ្ចៀសការរិះគន់ចំពោះការរៀបចំសន្និសីទអន្តរជាតិថា គ្រាន់ជាឆាកល្ខោននយោបាយនោះ លោក ហ៊ុន ម៉ាណែត គួរតែក្លាហានបង្ហាញឆន្ទៈនយោបាយ និងចាត់វិធានជាក់ស្ដែងស៊ើបអង្កេតលើក្រុមឧកញ៉ា និងមន្ត្រីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះ។
អ្នកស្រី មូរ សុខហួរ៖ «ធ្វើទស្សនកិច្ចលើ (Cyber Center) នេះ មិនមែនជាចំណុចល្អសម្រាប់លោក ហ៊ុន ម៉ាណែត ទេ ផ្ទុយទៅវិញទេ ធ្វើឱ្យភាពសង្ស័យ ធ្វើឱ្យភាពឆ្ងល់ ធ្វើឱ្យភាពអាក្រក់ហ្នឹងធំទៅ ពីព្រោះនៅតែបង្ហាញឱ្យឃើញថា លោក ហ៊ុន ម៉ាណែត នៅចង់បិទបាំងអ្វីដែលជាឫសគល់នៃបញ្ហាដ៏ធំនេះ ទោះបីមានការជួបជុំគ្នាដ៏កំពូល ដើម្បីលើករឿង ឧក្រិដ្ឋកម្មអ៊ីនធឺណិត (Cybercrime) នេះក៏ដោយ ជំនួបនេះជាឆាកដែលរៀបចំ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ក៏ជាការល្អមួយដែរ ពីព្រោះយើងនឹងឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញមកថា ឆន្ទៈ ១០០ភាគរយមានឬទេ? ឬត្រឹមតែមកធ្វើរបាយការណ៍ឆបោកលើការឆបោក»។
នៅមុនកម្ពុជារៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងបណ្ដាមួយចំនួនក្នុងតំបន់ក៏បានចាត់វិធានការដាក់ទណ្ឌកម្ម និងបង្កទ្រព្យសម្បត្តិអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលដឹកនាំដោយមេខ្លោងឧក្រិដ្ឋជន ចេន ហ្ស៊ី ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ។ ក្រៅពីនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ២រូប គឺលោក លី យ៉ុងផាត់ និងលោក កុក អាន ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងអំពើទារុណកម្ម ជួញដូរមនុស្ស និងការរៀបចំបណ្ដាញឧស្សាហកម្មឆបោកតាមអនឡាញកម្ពុជាជាច្រើនកន្លែង។
សហរដ្ឋអាមេរិកក៏ធ្លាប់រម្លឹកជារឿយៗដល់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ត្រូវធានាចំពោះការបង្ក្រាប ចាប់មេខ្លោង រួមទាំងប្រតិបត្តិករហិរញ្ញវត្ថុ និងអ្នកសមគំនិតពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញយកមកកាត់ទោសតាមច្បាប់៕









