

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើដាក់ពន្ធគយថ្មី ចំនួន ១០% លើទំនិញដែលនាំចូលពីកម្ពុជា ពាក់ព័ន្ធនឹងកង្វល់ស្ដីពីបញ្ហាពលកម្មដោយបង្ខំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលចំណុះឱ្យខុទ្ទកាល័យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី ០២ មិថុនា។ យោងតាមសេចក្ដីប្រកាសដដែលនេះ កម្ពុជាបានបរាជ័យក្នុងការអនុវត្ត និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពចំពោះបម្រាមស្ដីពីការនាំចូលទំនិញដែលត្រូវបានផលិតដោយពលកម្មទាំងបង្ខំ ដែលមានចែងក្នុងបទបញ្ញត្តិរបស់សហរដ្ឋអាមេរិក។
ប្រទេសដែលជាប់ក្នុងបញ្ជីស្ដីពីការដាក់ពន្ធគយថ្មីនេះ មានសរុប ៦០ ប្រទេស ក្នុងនោះមានជាអាទិ៍ សហភាពអឺរ៉ុប កាណាដា ឥណ្ឌា ប៉ាគីស្ថាន ចិន និងកម្ពុជា ជាដើម។ ប្រទេសនីមួយៗ នឹងជាប់ពន្ធ ក្នុងអត្រា ១០% ដល់ ១២.៥% ។
ឯកអគ្គរដ្ឋទូតទទួលបន្ទុកការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក ជេមីសុន ហ្គ្រើរ (Jamieson Greer) មានប្រសាសន៍ក្នុងសេចក្ដីប្រកាសនោះថា សហរដ្ឋអាមេរិកមិនអាចទទួលយកបាននោះទេ ចំពោះបរាជ័យរបស់ដៃគូពាណិជ្ជកម្មក្នុងការដោះស្រាយបញ្ហានាំចូលទំនិញទាំងឡាយណាដែលត្រូវបានផលិតឡើងពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ លោកសង្កត់ធ្ងន់ថា រឿងនេះបង្កើតឱ្យមានស្ថានភាពមួយ ដែលកម្មករអាមេរិកត្រូវបានគេបង្ខំឱ្យប្រកួតប្រជែងជាសាកលក្នុងលក្ខខណ្ឌដែលមិនស្មើភាពគ្នា ហើយសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យមានវិសមភាពបែបនេះទៀតឡើយ។
នេះជាលើកទី២ ហើយ ដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសពីការដាក់ពន្ធនាំចូល ក្រោយពីតុលាការកំពូលសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ កន្លងទៅ បានសម្រេចលុបចោលពន្ធជាច្រើន ដែលលោកបានដាក់កាលពីពេលមុន។
ទាក់ទងនឹងគម្រោងដាក់ពន្ធគយថ្មីនេះ ប្រទេសមួយចំនួនបានសម្ដែងការមិនពេញចិត្ត ដោយគេចាត់ទុកថា ពន្ធគយទាំងនេះគ្មានមូលហេតុត្រឹមត្រូវ ខណៈរដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងណានៅឡើយទេ។
យ៉ាងណាក៏ដោយចុះ អង្គការជាតិ និងអន្តរជាតិជាច្រើន រួមទាំងក្រសួងការងារសហរដ្ឋអាមេរិកផង ធ្លាប់បានរកឃើញ និងចុងក្រោយក្នុងរបាយការណ៍របស់ខ្លួនថា កម្ពុជាមានបញ្ហាពលកម្មដោយបង្ខំជាច្រើនករណី ក្នុងនោះក៏រួមបញ្ចូលនូវទម្រង់អាក្រក់បំផុតនៃពលកម្មកុមារផងដែរ៕









