

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ប្រកាសពីការរកឃើញថា ផ្ទៃដីកម្ពុជាជាង ៣៨ម៉ឺន (៣៨៦,៨៨០) ហិកតារ កំពុងរងផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាមថៃឈ្លានពានកម្ពុជា កាលពីឆ្នាំ២០២៥ ក្នុងនោះផ្ទៃដីប្រមាណ ២៩ម៉ឺនហិកតាររងការគំរាមកំហែងដោយគ្រាប់បែកចង្កោម។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC លោក ហេង រតនា បានលើកឡើងថា ផ្ទៃដីដែលរងផលប៉ះពាល់នោះ មានទាំងភូមិដ្ឋានពលរដ្ឋ ផ្ទះសម្បែង សាលារៀន ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជននានា។ ការលើកឡើងរបស់លោក ហេង រតនានេះ គឺធ្វើឡើងក្នុងពេលធ្វើបទបង្ហាញស្ដីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងនៅទីបញ្ជាការដ្ឋាន CMAC នៅព្រឹកថ្ងៃទី៣១ ខែសីហា ដែលមានការចូលរួមពីក្រុមអង្កេតការណ៍អាស៊ាន (AOT) និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា។
លោក ហេង រតនា បានលើកឡើងទៀតថា សង្គ្រាមឈ្លានពានរបស់យោធាថៃទាំង២លើក កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កក្កដា និងថ្ងៃទី ៧ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ខេត្តជាប់ព្រំដែនចំនួន៧ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។ លោកបន្តថា ផ្ទៃដីដែលរងផលប៉ះពាល់ដោយផ្ទាល់មានចំនួន៦០ឃុំ-សង្កាត់ និងភូមិចំនួនជាង ៣៤៩ភូមិ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ មានជាង៦សែន៤ម៉ឺននាក់ (៦៤០ .០០០)នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពភ្លាមៗ។មកទល់ពេលនេះ ប្រជាពលរដ្ឋស៊ីវិលកម្ពុជាមួយចំនួន នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន ដោយសារមានសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។កន្លងមក ក៏មានប្រជាពលរដ្ឋរងរបួសនិងរងគ្រោះរហូតដល់បាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនេះដែរ។
មកទល់ពេលនេះ យោធាថៃ នៅតែបន្តឈ្លានពានចូលទឹកដីកម្ពុជា ដូចជាការពង្រាយកម្លាំងទ័ព រាយបន្លាលួស ដាក់តួកុងតឺន័រ សាងសង់របងព្រំដែន សាងសង់លេណដ្ឋាន បង្កើតមូលដ្ឋានទ័ព សាងសង់ផ្លូវ និងយកដីភូមិរបស់ពលរដ្ឋខ្មែរទៅចែកឲ្យពលរដ្ឋថៃ ព្រមទាំងយកប្រាសាទបុរាណរបស់ខ្មែរធ្វើជាកន្លែងទេសចរណ៍ជាដើម៕








