ជនរងគ្រោះ ហួយវ័ន ផេ បន្ត​ចេញ​តវ៉ា​ទាមទារ​ឱ្យ​លោក ហ៊ុន តូ សង​លុយ

0
74
ទិដ្ឋភាពជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន កាលពីថ្ងៃទី៥ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន កាលពីថ្ងៃទី៥ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ

ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន ដោយ​ស្រែក​ទាមទារ​ឱ្យ​ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ចេញមុខ​ទទួលខុសត្រូវ និង​សង​លុយ​កម្លាំង​ញើស​ឈាម​ពួកគាត់​វិញ​។ ជនរងគ្រោះ​លើកឡើង​ថា កេរ្តិ៍ឈ្មោះ​កម្ពុជា​រង​ភាព​អាម៉ាស់ និង​អាប់ឱន​កិត្តិយស រួម​ទាំង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​បាត់បង់​ទំនុកចិត្ត​ដោយសារតែ​ក្រុមហ៊ុន លោក ហ៊ុន តូ លួច​យក​លុយ​អតិថិជន​ដោយ​ស្រស់ៗ និង​គ្មាន​អាជ្ញាធរ​អើពើ​ដោះស្រាយ។

ក្រុម​អតិថិជន​បាត់បង់​លុយ​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ប្រមាណ ៣០​នាក់​នៅ​ថ្ងៃទី​៥ ខែសីហា បាន​នាំគ្នា​ចេញ​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន​សាជាថ្មី ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ចេញមុខ​ជួយ​ដោះស្រាយ។

ក្រុម​បាតុករ​ភាគច្រើន​គឺជា​ជនជាតិ​ចិន​។ ពួកគាត់​បាន​នាំគ្នា​លើក​រូបថត​លោក ហ៊ុន តូ និង​ស្រែក​តវ៉ា​ដោយ​លើក​បដា​សរសេរ​ថា «​ហួយ​វ័ន ផេ សង​លុយ​ញើស​ឈាម​ខ្ញុំ​វិញ​»​។ ការ​តវ៉ា​របស់​ក្រុម​អតិថិជន​ក៏​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ជាច្រើន​នាក់​តាម​ឃ្លាំមើល​ដូច​សព្វមួយដង ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ដូចជា​ពេល​កន្លងទៅ​ឡើយ។

អតិថិជន​ជនជាតិ​ចិន​ម្នាក់​សរសេរ​ជា​សំណេរ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​ថា មកដល់ពេលនេះ​ជនរងគ្រោះ​ជាច្រើន​មិន​ត្រឹមតែ​មិន​ទទួល​បាន​លុយ​របស់​ខ្លួន​មកវិញ​ទេ ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​តាមដាន​ជាប្រចាំ និង​គំរាមកំហែង​ឱ្យ​បញ្ឈប់​ប្រមូលផ្ដុំ​គ្នា​ចេញ​តវ៉ា​តាម​ដងផ្លូវ​។ ប្រភព​ដដែល​បញ្ជាក់​ថា ជនរងគ្រោះ​ដែល​នាំគ្នា​បន្ត​ចេញ​តវ៉ា​ជាប្រចាំ​គឺ​ដោយសារតែ​គ្មាន​ជម្រើស ហើយ​ពួកគាត់​ក៏​មិន​ខ្លាចញញើត​នឹង​ការ​ចាប់ចង​ដាក់គុក​ទៀត​ឡើយ ព្រោះ​ពួកគាត់​អះអាង​ថា លុយ​ដែល​ក្រុមហ៊ុន ហួយ​វ័ន ប្លន់​យក​គឺជា​លុយ​ស្របច្បាប់ និង​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​កម្លាំង​ញើស​ឈាម។

អតិថិជន​ដដែល​បញ្ជាក់​ទៀត​ថា ការ​ជ្រើសរើស​ទីតាំង​ស្ថានទូត​ចិន​ធ្វើជា​ទីលាន​តវ៉ា គឺ​ដោយសារតែ​ជនរងគ្រោះ​គ្មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ផ្ដល់​យុត្តិធម៌ និង​ជួយ​ទាម​ទាម​លុយ​របស់​ជនរងគ្រោះ​មកវិញ។

អតិថិជន​ហួយវ័ន ផេ លើកឡើង​ថា បើ​រដ្ឋាភិបាល​នៅតែ​ព្រងើយកន្តើយ និង​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​ជនរងគ្រោះ​ដែល​ជាប់​គាំង​លុយ​នៅ ក្រុមហ៊ុន ហួយ​វ័ន ផេ នោះ​គ្មាន​អ្នក​វិនិយោគ​បរទេស​ណា​ហ៊ាន​មក​រក​ស៊ី​នៅ​កម្ពុជា​បន្ត​ទៀត​ឡើយ ហើយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នឹង​កាន់តែ​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៥ ខែ​សីហា។

ទន្ទឹម​នឹង​ក្រុម​ជនរងគ្រោះ​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ បន្ត​នាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​ដោះស្រាយ​លុយ​ដែល​ជាប់​គាំង សញ្ញា​នៃ​វិបត្តិ​ក្ស័យធន​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ក៏​កាន់តែ​លេចចេញ​ជា​បន្តបន្ទាប់ និង​ធ្វើ​ឱ្យ​អតិថិជន​ដែល​មាន​ប្រាក់​បញ្ញើ​ព្រួយបារម្ភ​មិនអាច​ទទួល​បាន​លុយ​របស់​ខ្លួន​មក​ត្រឡប់​វិញ​។ កាលពី​ថ្ងៃទី​៣ ខែសីហា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដកហូត​អាជ្ញាប័ណ្ណ​ធនាគារ​ចំនួន​៣ គឺ ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) និង​ធនាគារ អេចអេ​ច ឬ ហេង ហ៊ី (HH Bank) ក្រោយ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​ស្ថាប័ន​ទាំងនេះ ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់ និង​អំពើ​ឆបោក​តាម​អន​ឡាញ​។ ជាមួយ​គ្នា​នេះ ធនាគារ អេភីឌី (APD Bank) ដែល​មាន​កូនប្រុស​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​លោក ឡាវ ម៉េងឃីន ជា​សហប្រធាន​មួយ ក៏បាន​ប្រកាស​បង្កក​លុយ​អតិថិជន​ថ្មីៗ​នេះ​ដែរ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា ការ​ចង​កម្លាំង​ជា​ធ្លុង​មួយ​របស់​ក្រុម​ជនរងគ្រោះ​បន្ត​ចេញ​តវ៉ា​ដោយ​សន្តិវិធី​គឺ​ជាមធ្យោបាយ​ដ៏​សំខាន់ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចេញមុខ​ដោះស្រាយ​។ លោក​បន្ថែម​ទៀត​ថា ការ​បិទទ្វារ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់​ក៏​កំពុង​បង្ហាញ​សញ្ញា​ថា សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន កំពុង​ប្រឈម​ដួល​រលំ​ហើយ។ «»

អតិថិជន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ជន​ជាតិចិន​លើកឡើង​ថា នៅពេល​ខ្លួន​ក្លាយជា​ជនរងគ្រោះ​ដោយ​ផ្ទាល់ ទើប​យល់​កាន់តែ​ច្បាស់​អំពី​ការឈឺចាប់ និង​ទុក្ខវេទនា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ជួបប្រទះ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន​។ យ៉ាងណាក៏ដោយ ក្រុម​ជនរងគ្រោះ​ប្ដេជ្ញា​ថា នៅ​បន្ត​នាំគ្នា​ចេញ​តវ៉ា​គ្មាន​ទី​បញ្ចប់ និង​រហូត​ទល់​តែ​ទទួល​បាន​លុយ​ត្រឡប់មកវិញ ទោះបីជា​ប្រឈម​នឹង​ការ​ចាប់ចង​ដាក់គុក និង​វាយដំ​ធ្វើបាប​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ក៏ដោយ។

ក្រុម​អតិថិជន​ជន​ជាតិចិន​រិះគន់​ថា ពួកគាត់​ពុំដែល​ឃើញ​មាន​មេដឹកនាំ​ប្រទេស​ដូចជា​មេដឹកនាំ​កម្ពុជា​ឡើយ​ដោយ​សុខចិត្ត​ទទួលយក​ភាព​អាម៉ាស់ និង​ការ​ថ្កោលទោស​ជុំ​ទិស ដើម្បី​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​សាច់ញាតិ​សមាជិក​ក្រុម​គ្រួសារ​ប្លន់​យក​លុយ​ប្រជាពលរដ្ឋ​ខ្លួនឯង និង​ជនជាតិ​ចិន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ