

អ្នកឃ្លាំមើលសង្គមកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលយកច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) មកប្រើដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ បើមិនដូច្នេះទេកម្ពុជានឹងបាត់បង់ផលប្រយោជន៍ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា។ ការអះអាងនេះស្របគ្នា ទៅនិងការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថា កម្ពុជា នឹងប្រើច្បាប់អន្តរជាតិ ជាពិសេស យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ប្រសិនបើថៃ លុបចោលដោយឯកតោភាគី MoU ២០០១ ស្ដីពីតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីជាមួយថៃ គឺកម្ពុជាត្រូវតែពឹងផ្អែកទៅលើច្បាប់អន្តរជាតិ។ កម្ពុជាមិនអាចសម្ងំដោះស្រាយទ្វេភាគីជាមួយថៃបាននោះទេ។ កម្ពុជាត្រូវត្រៀមឯកសារប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រសិនបើថៃ ចូលឈ្លានពានដែនសមុទ្រកម្ពុជា។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា កម្ពុជាត្រូវតែយកច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) មកដោះស្រាយជម្លោះជាមួយថៃ បើមិនដូច្នេះទេកម្ពុជានឹងបាត់បង់ផលប្រយោជន៍ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា ដូចជា ប្រេង និងឧស្ម័ន ហើយច្បាប់នេះក៏ជាការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក គង់ ភោគ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៤ ខែឧសភានេះថា កម្ពុជា គ្មានជម្រើសអ្វី ក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិវិធីសមុទ្រ នោះទេ ប្រសិនបើថៃលុបចោលដោយឯកតោភាគី MoU 2001 ស្ដីពីតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ។
លោក ស៊ឹង សែនករុណា បានថ្លែងឲ្យដឹងទៀតថា ការប្រកាន់យកច្បាប់អន្តរជាតិ គឺឆ្លុះបញ្ចាំងពីសុឆន្ទៈរបស់កម្ពុជា ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។
លោក គង់ ភោគ៖ «ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមស្មោះត្រង់របស់យើង ដែលប្រទេសទាំងពីរ អាចសម្រេចបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនយើង រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ»។
កាសែតថៃ The Nation បានរាយការណ៍ កាលពីថ្ងៃទី២៨ ខែមេសា ថារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកែតកែវ (Sihasak Phuangketkeow) បានប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅក្រៅក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី២៧ មេសា ថា ប្រទេសថៃកំពុងបន្តដំណើរការនីតិវិធីក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ជាមួយនឹងកម្ពុជា។ ការលុប MOU នេះ គឺដោយសារ ថៃកំពុងស្វែងរកការផ្លាស់ប្តូរទៅប្រើប្រាស់ច្បាប់ដែលច្បាស់លាស់ និងទទួលស្គាល់ជាអន្តរជាតិ។
កម្ពុជាបានសម្ដែងការសោកស្ដាយចំពោះការសម្រេចនេះ ចំនួន២ដងរួចមកហើយ តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៨មេសា និងលើកទី២ ថ្ងៃទី២៤មេសា។
អនុស្សរណៈ ឆ្នាំ២០០១ គឺជាអនុស្សរណៈនៃការយោគយល់គ្នារវាង កម្ពុជា និងថៃ នៅលើដែនសមុទ្រ ដែលភាគីទាំងពីរ បានអះអាងថា «ត្រួតស៊ីគ្នា» និងបានចុះហត្ថលេខារួមគ្នានៅក្នុងឆ្នាំ២០០១ ដើម្បីផ្ដល់ជាក្របខ័ណ្ឌចរចា រវាងប្រទេសជិតខាងទាំងពីរ។ អនុស្សរណៈនេះ បានបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍធនធានក្នុងតំបន់សមុទ្រ ដែលមានទំនាស់ (Overlapping Claim Area – OCA) និងជាវិធីសាស្ត្របណ្ដោះអាសន្ន ដែលអនុញ្ញាតឱ្យកម្ពុជា និងថៃ អាចប្រើប្រាស់ និងគ្រប់គ្រងធនធានក្នុងដែនទឹករួមគ្នា ទោះបីជាព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ មិនទាន់បានកំណត់ច្បាស់លាស់ក៏ដោយ។
អ្នកឃ្លាំមើលព្រមានថា កម្ពុជាអាចនឹងត្រូវប្រទេសថៃ រំលោភបំពានយកដែនសមុទ្រ រាប់ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងរ៉ែប្រេង និងឧស្ម័ន ក្រោយថៃលុបចោល MOU ឆ្នាំ២០០១ ជាមួយកម្ពុជា។ ថៃនឹងទន្ទ្រានយកកោះគជ់ និងដែនសមុទ្រ ដែលភាគីទាំងពីរអះអាងថា «ត្រួតស៊ីគ្នា» ទំហំ ២ម៉ឺន ៦ពាន់ គីឡូម៉ែត្រការ៉េ ដូច្នេះរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវប្រញាប់រកវិធីទប់ទល់នឹងមហិច្ឆតាឈ្លានពានរបស់ថៃនាពេលនេះ៕







