

ប្រពន្ធលោក ហុក រ៉េន ខកចិត្តចំពោះការសម្រេចរបស់តុលាការ និងចាត់ទុកការផ្តន្ទាទោសប្ដី លោកស្រី ដែលមានពិការភាពនិងលេបថ្នាំសរសៃប្រសាទរាល់ថ្ងៃ ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំដោយសារបញ្ចេញមតិខ្វាយខ្វល់ពីបញ្ហាព្រំដែន ថា ជារឿងអយុត្តិធម៌។ អ្នកឃ្លាំមើល លើកឡើងថា ការផ្តន្ទាទោស លោក ហុក រ៉េន គឺជាការបំពានសេរីភាពពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និង រំលោភលើបទដ្ឋានអន្តរជាតិស្ដីពីការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
ប្រពន្ធរបស់លោក ហុក រ៉េន គឺលោកស្រី កែវ សំអាន រៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ ខែកក្កដា ដោយសំឡេងក្ដុកក្ដួល ពេលដឹងថា ប្ដីលោកស្រី ដែលជាជនមានពិការភាព ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ រហូតដល់ ៤ឆ្នាំ ដោយសារតែការបញ្ចេញមតិលើបណ្ដាញសង្គម។ លោកស្រីនិយាយថា លោកស្រី ពិបាកចិត្តដេកមិនលក់ នៅពេលជួបរឿងអយុត្តិធម៌បែបនេះ។
លោកស្រី កែវ សំអាន លើកឡើងថា តុលាការកាត់ក្ដីអយុត្តិធម៌ពេកហើយ ពីព្រោះប្ដីលោកស្រី គឺជាជន ដែលមានពិការភាព និងមានជំងឺ ដែលត្រូវលេបថ្នាំ សរសៃប្រសាទ ជាប្រចាំ ហើយទាំងតុលាការ និងសមត្ថកិច្ច សុទ្ធតែដឹងច្បាស់អំពីស្ថានភាពប្ដីលោកស្រី។
លោកស្រី កែវ សំអាន ទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ដោះលែងប្ដីលោកស្រី ឱ្យមានសេរីភាពវិញ ដោយថា កាលណាប្ដីជាប់ពន្ធនាគារ លោកស្រីតែម្នាក់ឯង ត្រូវរែកបន្ទុកគ្រួសារផង និងត្រូវផ្គត់ផ្គង់ប្ដីក្នុងពន្ធនាគារផង ដែលជាអម្រែកដ៏ធ្ងន់សម្រាប់លោកស្រី។
លោកស្រី កែវ សំអាន៖ «វាអយុត្តិធម៌ពេក ព្រោះគាត់ឈឺ គាត់លេបថ្នាំសរសៃប្រសាទអីអ៊ីចឹង។ គាត់ឈឺនៅក្នុងនោះ កូនខ្ញុំទៅមើល ឃើញប៉ូលិសគ្រាគាត់ មកជួបកូនខ្ញុំល្ងាចមិញយកអីវ៉ាន់ទៅឱ្យ។ គាត់អត់ប្រាប់កូនទេ លីកាដូបង្ហោះបាន កូនខ្ញុំដឹង ប្ដីខ្ញុំអត់មានប្រាប់ទេ ខ្លាចខ្ញុំពិបាកចិត្ត»។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា បានផ្ដន្ទាទោសអ្នករត់កង់បី និងជាជនមានពិការភាព លោក ហុក រ៉េន ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ក្រោមបទចោទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និង បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ បទចោទប្រកាន់នេះ ទាក់ទងនឹងការបង្ហោះសារលើហ្វេសប៊ុក របស់លោក អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ កាលអំឡុងឆ្នាំ២០២៥។
អង្គការការពារសិទ្ធិមនុស្សលីកាដូ ឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ថា លោក ហុក រ៉េន ជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនវៀតណាម ចាប់តាំងពីសមត្ថកិច្ចចាប់ខ្លួនលោក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
អ្នកឃ្លាំមើល លើកឡើងថា ការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក របស់ លោក ហុក រ៉េន អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាសេរីភាពនៃបញ្ចេញមតិ សុទ្ធសាធ ដែលប្រជាពលរដ្ឋមានសិទ្ធិនិយាយអំពីការខ្វល់ខ្វាយរបស់ខ្លួន លើបញ្ហា កងទ័ព និងព្រំដែនរបស់ប្រទេស ហើយសិទ្ធិសេរីភាពនេះ ត្រូវធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា រួមទាំង សេចក្ដីប្រកាសជាសកល និង កតិកាសញ្ញាអន្តរជាតិ របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ ពួកគេថា ការសម្ដែងមតិ របស់លោក ហុន រ៉េន គ្មានខ្លឹមសារក្នុងចេតនា បង្ខូចទឹកចិត្តកងទ័ព ឬក៏ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ ខែកក្កដា ថា ការកាត់ទោសលោក ហុក រ៉េន ដែលជាជនពិការ អាចធ្វើឱ្យរងការរិះគន់ អំពីការធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ នៅកម្ពុជា កាលណាអាជ្ញាធរ និងតុលាការ មិនបានពិនិត្យ ឱ្យបានល្អិតល្អន់ និងបែងចែកឱ្យច្បាស់ រវាងសេរីភាពភាពនៃការបញ្ចេញមតិ និងបទល្មើស ដែលត្រូវចោទប្រកាន់ផ្ដន្ទាទោស។
លោក អំ សំអាត លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា ចែងពីការប្រកាន់យកប្រជាធិបតេយ្យសេរីពហុបក្ស ហើយប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នជាច្រើន ដែលទទួលស្គាល់បទដ្ឋានអន្តរជាតិស្ដីពីការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ។ ដូច្នេះ លោកថា កាលណាប្រជាពលរដ្ឋ មិនអាចបញ្ចេញមតិ តាមគោលការណ៍ទាំងនេះ ហើយទៅជាមានការភ័យខ្លាច រួចនាំគ្នារឹតត្បិតសេរីភាព ក្នុងការចូលរួមយោបល់ក្នុងបញ្ហាសង្គមជាតិ នោះប្រាកដជាធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍជាតិ។
លោក អំ សំអាត៖ «កតិកាសញ្ញាស្ដីពីសិទ្ធិសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ហើយមាត្រា ១៩ នៃកតិកាសញ្ញានេះ បានចែងអំពីសេរីភាពនៅក្នុងការបញ្ចេញមតិ គឺសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ។ មាត្រា ១៩ នេះ អង្គការសហប្រជាជាតិ ខ្លាចរដ្ឋមានការបកស្រាយដោយតឹងរ៉ឹងលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ អ៊ីចឹង ហើយបានអង្គការសហប្រជាជាតិ ធ្វើកំណត់ពន្យល់លេខ៣៤ ដើម្បីពន្យល់ មាត្រា ១៩ ដែលនិយាយពីសេរីភាពក្នុងការបញ្ចេញមតិនេះ ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការរឹតត្បិត និងការបកស្រាយ ភាពមិនច្បាស់លាស់ទៅលើសេរីភាពក្នុងការបញ្ចេញមតិនេះ»។
លោក ហុក រ៉េន មិនមែនជាជនពិការតែម្នាក់ទេ ដែលត្រូវអាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការសម្ដែងមតិ។ ចំណែកឯជនពិការម្នាក់ទៀត លោក ភុន យុទ្ធ ត្រូវបានតុលាការខេត្តតាកែវ ផ្ដន្ទាទោស កាលពីថ្ងៃទី២៨ ខែមេសា ឱ្យជាប់ពន្ធនាគារចំនួន ១ ឆ្នាំកន្លះ ហើយនេះ ជាការជាប់ពន្ធនាគារលើកទី៣ របស់លោក ពាក់ព័ន្ធនឹងការបញ្ចេញមតិ លើបណ្ដាញសង្គមរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុន។
ពលរដ្ឋពិការទាំងពីររូប សុទ្ធតែប្រើបណ្ដាញសង្គមហ្វេសប៊ុក រិះគន់រដ្ឋាភិបាលដូចគ្នា និង ជាប់ពន្ធនាគារលើសពីម្ដងដូចគ្នា។ រាប់ទាំងលើកនេះទៀត លោក ហុក រ៉េន ជាប់ពន្ធនាគារពីរដងហើយ ខណៈលោក ភុន យុទ្ធ ជាប់ពន្ធនាគារជាលើក ទី៣។
អង្គការលីកាដូ ឱ្យដឹងថា លោក ហុក រ៉េន និងលោក ភុន យុទ្ធ ស្ថិតនៅក្នុងចំណោមមនុស្ស ១២២ នាក់ ដែលជាប់ពន្ធនាគារ ដោយសារបញ្ចេញមតិនៅកម្ពុជា៕









