អ្នកវិភាគ​ថា កម្ពុជា​មិនអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បាន​ទេ ទោះ​លើកលែង​ទិដ្ឋាការ​ក្ដី

0
92
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​លើកឡើង​ថា កម្ពុជា​មិនអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ល្អៗ​ពី​ចិន​បានទេ បើទោះបីជា​លើកលែង​ទិដ្ឋាការ (VISA) សម្រាប់​ជនជាតិ​ចិន មក​លេង​កម្ពុជា ក្នុង​ឆ្នាំ​២០២៦​ក្ដី ព្រោះ​ថា កម្ពុជា​នៅ​មិនទាន់​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម ឆបោក​អនឡាញ (Online scam) និង​អំពើ​ជួញដូរ​មនុស្ស​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន រស់នៅ​កម្ពុជា​បាន​នៅ​ឡើយ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថា ការ​លើកឡើង​បែប​នេះ ជា​រឿង​មិន​ត្រឹមត្រូវ។

ស្របពេល​កម្ពុជា​កំពុង​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​លើ​ឆាក​អន្តរជាតិ ថា ជា​ប្រទេស​ចិញ្ចឹម​ក្រុម​ឧក្រិដ្ឋជន ឆបោក​អន​ឡាញ និង​ការ​ជួញដូរ​មនុស្ស ពេល​នេះ​រដ្ឋាភិបាល​បាន​បើក​សាកល្បង​លើកលែង​ទិដ្ឋាការ សម្រាប់​ជនជាតិ​ចិន ដើម្បី​ទាក់ទាញ​ឱ្យមក​លេង​នៅ​ប្រទេស​កម្ពុជា ឱ្យ​បាន​ច្រើន​។ អ្នកវិភាគ​ថា កម្ពុជា​នឹង​រង​ការរិះគន់​ជាថ្មី ប្រសិនបើ ពុំបាន​ទប់ស្កាត់​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន ដែល​ជា​ក្រុម​ឧក្រិដ្ឋជន ហូរ​ចូល​យ៉ាង​អនាធិបតេយ្យ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី៣ ខែធ្នូ ថា ការ​លើកលែង​ទិដ្ឋាការ ដល់​ជនជាតិ​ចិន ជា​រឿង​ល្អ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក៏ប៉ុន្តែ លោក​ថា កម្ពុជា​ពិបាក ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ល្អៗ ព្រោះ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​មិនល្អ​លើក​ឆាក់​អន្តរជាតិ រឿង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​អនឡាញ ដែល​បង្ក​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (Mafia) ជនជាតិ​ចិន នៅ​កម្ពុជា ហើយ មិនទាន់​បាន​បោសសម្អាត​នៅឡើយ​។ លោ​ក​ថា ករណីនេះ បាន​ជះឥទ្ធិពល​ជា​ខ្លាំង ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ល្អៗ​មិន​ហ៊ាន​មកលេង​កម្ពុជា មិន​ថា តែ​ចិន និង​បណ្ដា​ប្រទេស​ផ្សេងៗ​នោះ​ទេ។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិតថា​រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​និង ម៉ឺងម៉ាត់ ទៅលើ​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ​រដ្ឋ​កម្ពុជា ក៏ដូចជា​ឃុបឃិត​ជាមួយ​អ្នកនយោបាយ កម្ពុជា ដើម្បី​ធ្វើ​ម៉េច​អាច​ស្ដារ​ទំនាក់ទំនង របស់​ខ្លួន​ក្នុង​វិស័យ​ទេសចរណ៍ ហើយក៏​ដូចជា​ទាក់ទាញ​ទំនុកចិត្ត​ជនជាតិ​ចិន ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន»។

ការ​លើកឡើង​នេះ ក្រោយពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ ខែធ្នូ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ ដែល​ចុះ​ហត្ថលេខា ដោយ​រដ្ឋលេខាធិការ​ប្រចាំ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី ដោយ មាន​ខ្លឹមសារ​ថា រដ្ឋាភិបាល​បាន​ឯកភាព ក្នុង​ការ​ផ្ដល់​ការលើកលែង​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន មកលេង​នៅ​កម្ពុជា ដោយ​ពុំ​ចាំបាច់​ស្នើសុំ​ទិដ្ឋាការ​ជាមុន​នោះ​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ផ្ដល់​ការលើកលែង​ទិដ្ឋាការ​សាកល្បង​នេះ មាន​រយៈពេល​ចំនួន ៤​ខែ គិត​ចាប់ពី​ថ្ងៃទី​១៥ ខែ​មិថុនា ដល់​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៦ ដោយ​ពុំ​តម្រូវ​ឱ្យ​មាន​ពាក្យ​ស្នើសុំ និង​បង់​កម្រៃ​នោះ​ទេ ដោយ​គ្រាន់តែ បំពេញ E-arrial card។ បន្ថែម​ពី​នោះ ភ្ញៀវ​ជនជាតិ​ចិន​អាច​មកលេង កម្ពុជា​ប៉ុន្មាន​លើក​ក៏បាន ដោយ​ក្នុង​មួយ​លើក​ទទួល​បាន​ទិដ្ឋាការ ស្នាក់​នៅ រយៈពេល ១៤​ថ្ងៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

បើ​ទោះជា​បែបនេះ​ក្ដី អ្នកវិភាគ​ថា ករណីនេះ​ជា​រឿង​ព្រួយបារម្ភ ប្រសិនបើ​អាជ្ញាធរ​កម្ពុជា ពុំ​បាន​លុប​បំបាត់ អំពើពុករលួយ និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​មក​លើ​ក្រុម​ឧក្រិដ្ឋជន​មួយចំនួន ឆ្លៀតឱកាស ដែល​មក​កម្ពុជា ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​ព្រោះថា កន្លងមក ជនជាតិ​ចិន ដែល​ស្នាក់នៅ​កម្ពុជា​មួយចំនួន ត្រូវ​បាន​រក​ឃើញ​ថា ពាក់ព័ន្ធ​រឿង​បទឧក្រិដ្ឋ ឆបោក​អនឡាញ ហើយ​បាន​លួងលោម​ជនជាតិ​ចិន ខ្លួនឯង និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ឱ្យ​មកលេង​កម្ពុជា ក្នុងនាម​ជា​ភ្ញៀវ​ទេសចរ​រួច​ហើយ ចាប់ជំរិត​ទារ​លុយ និង​ធ្វើ​ទារុណកម្ម។

កាលពី​ឆ្នាំ​២០២៣ មាន​ខ្សែភាពយន្ត​ចិន​ឈ្មោះ នូ ម៉រ បែតស៍ (No More Bets) បាន​ចាក់​ផ្សាយ​ទូទាំង​រោងកុន​ចិន និង​លើ​បណ្ដាញ​សង្គម​នានា ក្នុង​គោលដៅ​ផ្សាយ​ដល់​ប្រជាជន​ចិន កុំឱ្យ​ទៅលេង​កម្ពុជា ព្រោះ​បារម្ភ​បញ្ហា​ឆបោក និង​ចាប់ជំរិត​ទារប្រាក់ ខណៈ​ដែល​ជនរងគ្រោះ ភាគច្រើន​ជា​ជនជាតិ​ចិន​។ នៅក្នុង​ខ្មែរ​ភាពយន្ត​នោះ ពួកគេ​បាន​បង្ហាញ​ពី​ក្រុម​ឧក្រិដ្ឋជន​បោកប្រាស់ និង​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យ​អ្នក​ដែល​ចង់​ធ្វើ​ការ​អនឡាញ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចាប់ជំរិត និង​បង្ខាំង​មនុស្ស​ដោយ​បង្ខំ​ឲ្យ​ធ្វើការ។

ពាក់ព័ន្ធ​រឿង​នេះ អ្នកឃ្លាំមើល​ថា ជា​រឿង​ដ៏​លំបាក ដែល​កម្ពុជា អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ល្អៗ ចូល​មក​លេង​នៅ​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន មេខ្លោង​ឧក្រិដ្ឋកម្ម ឆបោក​តាម​អនឡាញ​ដ៏​ធំ​លំដាប់​អន្តរជាតិ គឺ លោក ចេន ហ្ស៊ី ដែល​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនទាន់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា បើក​ការស៊ើបអង្កេត និង​ចាប់ខ្លួន មក​ផ្ដន្ទាទោស​នោះ​ឡើយ ផ្ទុយ​ទៅវិញ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ រក​ឃើញ​ថា ជា​អ្នក​ការពារ​ឧក្រិដ្ឋជន​ទាំងនោះ។

ជុំវិញ​រឿង​នេះ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣ ខែធ្នូ ថា ការលើកលែង​ទិដ្ឋាការ ដល់​ប្រជាជន​ចិន គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាជន​កម្ពុជា និង ប្រទេសជាតិ​ទាំងមូល​។ លោក​ថា ការរិះគន់​ថា កម្ពុជា​សម្បូរ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ ដែល​ជា​ជនជាតិ​ចិន​នោះ ពុំ​មែន​ជា​ការ​ពិត​ឡើយ​។ លោក​បន្ត​ថា អ្នក​រិះគន់​ទាំងនោះ គ្រាន់តែ និយាយ​ដើម្បី​ផលប្រយោជន៍​បក្សពួក​ខ្លួន​ប៉ុណ្ណោះ។

លោក ទូច សុឃៈ៖ «ការ​លើកឡើង​បែបនេះ​គឺជា​គំនិត​អវិជ្ជមាន ចាំតែ​បន្ទច់បង្អាក់​ទៅដល់​សកម្ម​ភាពជា​វិជ្ជមាន​របស់​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល​ដែល​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផលប្រយោជន៍​ប្រជា​គណន៍ និង​ប្រទេសជាតិ ទាំងមូល​ទាំង​ម្ដង។ អាច​និយាយ​បាន​ថា គេ​មិន​ចង់​ឃើញ​នូវ​ភាព​រីកចម្រើន​របស់​ប្រជាជន គេ​មិនឃើញ​នូវ​ភាពរឹងមាំ និង​ភាព​លូតលាស់​របស់​កម្ពុជា»។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ លើកឡើង​ថា ការ​លើកលែង​ទិដ្ឋាការ​ឱ្យ​ជនជាតិ​ចិន​នេះ មិនមែន​ជា​រឿង​គួរ​សាទរ​នោះ​ទេ​។ លោក​ថា ពេល​នេះ​កម្ពុជា គួរតែ​រឹត​បន្តឹង​ទិដ្ឋាការ​ដល់​ជនបរទេស ជាពិសេស​ជនជាតិ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក តាម​អនឡាញ។ យ៉ាងណា លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ ហើយ​តាមដាន​ភ្ញៀវ​ទេសចរ​ចិន​ទាំង​នោះ ដោយ​ប្រាកដ​ថា ពួកគេ​មិន​បាន​យក​ប្រទេស​កម្ពុជា ជាទី​តាំង​នៃ​ការប្រព្រឹត្ត​បទល្មើស ឆបោក អនឡាញ ដូចដែល​ធ្លាប់​កើត មាន​កន្លងមក​នោះ​ទេ។

លោក សន ជ័យ៖ «ទី​១​ការ​មក​ដល់​របស់​ពួកគេ​អាច​នឹង​ធ្វើ​ឱ្យ​កើត​ចេញ​ជា​បទល្មើស​តាម​អនឡាញ និង បញ្ហា​អសន្តិសុខ​មួយ​ចំនួន​ទៀត​។ យើង​ដឹង​ហើយ​ថា ពួក​ជនជាតិ​ចិន នៅ​កម្ពុជា​ពួកគេ​មិនសូវ គោរព​ច្បាប់ គោរព​ប្រពៃណី ទំនៀមទម្លាប់​របស់​កម្ពុជា ប៉ុន្មាន​ទេ។ ពួកគេ​រស់នៅ​មាន​ការ​បង្ក​ហិង្សា​ការ​កាប់សម្លាប់ និង​ការប្រើប្រាស់​គ្រឿងញៀន​ជាដើម»។

លោក សេង វណ្ណលី លើកឡើង​ថា ការ​លាង​លុយកខ្វក់ និង​ការ​ឆបោក​តាម​អនឡាញ គឺជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​បាន​និង​កំពុង​ជះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សក្ដានុពល​គ្រប់​វិស័យ​របស់​កម្ពុជា ជា​ពី​សេស​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ ពី​ឈ្មួញ​បរទេស​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង។ លោក​ថា ករណី​នេះ របប​ភ្នំពេញ​ព្យាយាម​គេចវេះ មិន​ដោះស្រាយ​ឲ្យ​ចំ​ឫសគល់​នៃ​បញ្ហា។ លោក​បញ្ជាក់​ថា ការ​បរាជ័យ​នេះ កើត​​​​​ចេញពី​កង្វះ​ទំនួល​ខុសត្រូវ ប្រព័ន្ធ​ត្រួតពិនិត្យ និង តុល្យភាព​អំណាច ដែល​ត្រូវ​របប​ភ្នំពេញ​បំផ្លាញ​ចោល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ