
យោធាថៃកាន់តែបន្តពង្រីកតំបន់វាយប្រហារ និងទម្លាក់គ្រាប់បែកធុនធ្ងន់តាមអាកាសចូលជ្រៅដល់ទីប្រជុំជន នៅថ្ងៃទី៩ ធ្នូ បន្ទាប់ពីកម្ពុជាប្រកាសវាយបកទៅភាគីថៃវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងថា កងកម្លាំងយោធាថៃកាន់តែបន្តពង្រីកតំបន់វាយប្រហាររហូតដល់ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែកកាសែតក្នុងស្រុកក៏បានរាយការណ៍ផ្ទាល់ថា កងទ័ពអាកាសថៃបានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ធុនធ្ងន់ចូលដល់កណ្ដាលទីក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។
គិតត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ ពលរដ្ឋស៊ីវិលកម្ពុជាបានស្លាប់កើនដល់ ៧នាក់ និងរងរបួសជាច្រើន នាក់ទៀត។
នៅព្រឹកនេះប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន និងជានាយឧត្តមសេនីយ៍ផុតលេខ បានបញ្ជាឱ្យកងកម្លាំងវាយបកគ្រប់ទីតាំងសមរភូមិដែលយោធាថៃឈ្លានពានកម្ពុជា បន្ទាប់ពីការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។
សូមរង់ចាំតាមដានព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ…










