

អ្នកជំនាញការទូត និងអ្នកវិភាគនយោបាយកម្ពុជាជំរុញឲ្យសហរដ្ឋអាមេរិកផ្លាស់ប្ដូរមធ្យោបាយ ការទូតពីការហៅទូរស័ព្ទជាលក្ខណៈបុគ្គល ពាក់ព័ន្ធការផ្ទុះអាវុធជាលើកទី២ រវាងកម្ពុជា-ថៃ ដោយផ្តោតលើការដាក់សម្ពាធយោធាថៃ និងគាំទ្រយន្តការដឹកនាំដោយអាស៊ាន។ ការលើកឡើងនេះ ក៏ព្រោះតែពួកគាត់យល់ថា អ្នកដែលទទួលបានអត្ថប្រយោជន៍ខ្លាំងបំផុតពីការប្រយុទ្ធគ្នានេះ គឺស្ថាប័នយោធា និងពួកជាតិនិយមជ្រុលថៃ ចំណែកឯប្រជាជនស៊ីវិលនៃប្រទេសទាំងពីរគឺជាអ្នកចាញ់នៅក្នុងភ្លើងសង្គ្រាមនេះ។
សាស្ត្រាចារ្យជំនាញការទូត និងកិច្ចការសកលនៅមហាវិទ្យាល័យ Occidental College សហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល បានប្រាប់ទូរទស្សន៍អាស៊ីសេរីតាមរយៈបណ្តាញសង្គមថា ការផ្ទុះអាវុធជាលើកទី២ រវាងកម្ពុជា-ថៃ នេះមានគ្រោះថ្នាក់ខ្លាំង ជាងការផ្ទុះឡើងពីអតីតកាល ពីព្រោះការប៉ះទង្គិចគ្នាពីមុនកើតឡើងរយៈពេលខ្លី និងបាញ់ទៅរកទីតាំងជាក់លាក់។ ប៉ុន្តែការប្រយុទ្ធគ្នាលើកនេះ គឺកំពុងកើតឡើងនៅគ្រប់ទីតាំងក្នុងពេលដំណាលគ្នា។
លោក អៀ សុផល បានបន្ថែមឲ្យដឹងទៀតថា មូលហេតុដែលប្រទេសថៃផ្ទុះអាវុធមកលើប្រទេសកម្ពុជា ពីព្រោះយោធាចង់បង្ហាញអំណាចរបស់ពួកគេនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ នៅពេលដែលនយោបាយនៅក្នុងស្រុករបស់ពួកគេ មានភាពមិនប្រាកដប្រជា។ យោធាថៃបានបង្ហាញថា ខ្លួនបានគ្រប់គ្រងទឹកដីនៅតាមព្រំដែន មិនបានប្រគល់ទឹកដី ឬភាពស្របច្បាប់ទៅឱ្យកម្ពុជានោះទេ។
លោកសាស្ត្រាចារ្យ អៀ សុផល បន្ថែមថា៖ «សង្គ្រាមនេះអ្នកដែលទទួលបានអត្ថប្រយោជន៍ពីការប្រយុទ្ធគ្នាច្រើនជាងគេបំផុត គឺស្ថាប័នយោធា និងពួកជាតិនិយមជ្រុល។ ប៉ុន្តែប្រជាជនស៊ីវិលនៃប្រទេសទាំងសងខាងគឺជាអ្នកចាញ់»។
លោក អៀ សុផល ជំរុញឲ្យសហរដ្ឋអាមេរិកគួរតែផ្លាស់ប្ដូរពីមធ្យោបាយការទូត រឺការហៅទូរស័ព្ទជាលក្ខណៈបុគ្គល ដោយ ផ្ដោតលើការដាក់សម្ពាធ និងជំរុញឱ្យមានការថយចុះភាពតានតឹងតាមរយៈការផ្ញើសារសម្របសម្រួលជាមួយដៃគូអាស៊ាន គាំទ្រការផ្ទៀងផ្ទាត់ឯករាជ្យនៃបទឈប់បាញ់ និងរក្សាការផ្តោតលើការការពារជនស៊ីវិលជាជាងការទូត ជាចម្បង។

លោកថា ចំពោះសហគមន៍អន្តរជាតិ ឈប់ចាត់ទុករឿងនេះថា ជាជម្លោះទ្វេភាគីតូចតាច។ អនុវត្តការយកចិត្តទុកដាក់ផ្នែកការទូតជាបន្តបន្ទាប់ គាំទ្រការត្រួតពិនិត្យអព្យាក្រឹត។ លោកថា ភាពស្ងៀមស្ងាត់ជំរុញឱ្យមានការកើនឡើងនៃភាពតានតឹង។
ចំណែកឯប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា បានអះអាងថា នៅក្នុងសង្គ្រាមលើកទី២នេះ អ្នកដែលស្រេកឈាមក្នុងសកម្មភាពសង្គ្រាមនេះខ្លាំងមែនទែន និងចង់បង្ហាញនូវសព្វាវុធរបស់ខ្លួនដែលមានអំណាចខ្លាំងនៅក្នុងតំបន់ គឺប្រទេសថៃ ដែលភាគីថៃបានបាញ់មិនរើសទីតាំង គឺបាញ់សំដៅទៅកន្លែងទីប្រជុំជន និងទៅលើប្រាសាទជាដើម។ លោកស្នើឲ្យសហគមន៍អន្តរជាតិត្រូវដាក់សម្ពាធឲ្យភាគីយោធាថៃនិងមេដឹកនាំថៃទទួលខុសត្រូវចំពោះការខូចខាតទាំងអស់នេះ។
លោក ស៊ឹង សែនករុណា៖ «អ្វីដែលកើតឡើងគឺសុទ្ធសឹងចេញពីអ្នកនយោបាយ ហើយនិងក្រុមយោធានិយមហ្នឹងឯង ដែលធ្វើឲ្យបញ្ឆេះនូវភ្លើងសង្គ្រាមនេះកើតឡើងដែលបណ្តាលឲ្យ ប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ អាយុជីវិតរបស់កងទ័ពអីជាដើម»។
លោក ស៊ឹង សែនករុណា បន្ថែមថា ចំពោះសង្គ្រាមនេះគឺពុំចំណេញទៅលើប្រទេសទាំងពីរនោះទេ ជាពិសេសប្រជាពលរដ្ឋនៃប្រទេសទាំងពីរ គឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារពួកគេត្រូវជម្លៀសចេញពីផ្ទះ និងត្រូវព្រាត់ប្រាស់គ្រួសារជាដើម។ លោកទទូចទៅដល់អ្នកដែលបញ្ឆេះឲ្យមានភ្លើងសង្គ្រាមនេះ ត្រូវតែពន្លត់ភ្លើងសង្គ្រាមនេះវិញជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចរស់នៅដោយសន្តិភាព និងអាចប្រកបអាជីវកម្មធម្មតាឡើងវិញ។
អ្នកកាសែតជាន់ខ្ពស់របស់សារព័ត៌មានថៃ ខៅសុត (Khaosod) លោក ប្រាវីត រូចាណាព្រុក (Pravit Rojanaphruk) កាលពីថ្ងៃទី១៥ ធ្នូ បានសរសេរបរិយាយនៅលើគណនីហ្វេសប៊ុករបស់លោកអំពីមូលហេតុចម្បងមួយនៃសង្គ្រាមកម្ពុជា-ថៃ ថា គំនិតជាតិនិយមរឹងត្អឹងត្រូវបានបញ្ជ្រាបបញ្ចូលនៅក្នុងកម្មវិធីសិក្សានៅក្នុងសាលារៀនសម្រាប់កុមារថៃ។ រីឯខ្មែរ បង្រៀនប្រាប់កូនចៅថា ថៃជាមនុស្សដែលមាន «ល្បិចកល និងមិនអាចទុកចិត្តបាន»។
ការផ្ទុះអាវុធជាលើកទី២ រវាងកម្ពុជា-ថៃ គិតត្រឹមរសៀលថ្ងៃទី១៧ ខែធ្នូ មានពលរដ្ឋខ្មែរ ចំនួន១៧នាក់ស្លាប់ ក្នុងនោះមានទារក ១នាក់ និង៧៧នាក់រងរបួស។ ចំណែកមានពលរដ្ឋខ្មែរ ជាង៤០ម៉ឺននាក់ បានភៀសសឹក ទៅរកទីសុវត្ថិភាពបណ្ដោះអាសន្ន នៅទូទាំងខេត្តជាប់ព្រំដែនថៃ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និង ខេត្តកោះកុង៕









