

យោធាថៃបន្តវាយប្រហារកម្ពុជាដោយបាញ់រះ និងប្រើកាំភ្លើងធំបាញ់ចេញពីនាវាចម្បាំង នៅព្រឹកថ្ងៃទី១៩ ធ្នូ លើភូមិសាស្ត្រមួយចំនួន ដោយពុំអនុវត្តបទឈប់បាញ់តាមសំណើប្រមុខការទូតចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៩ ធ្នូ ថា យោធាថៃនៅបន្តបាញ់ប្រហារមកលើភូមិសាស្ត្រខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ដោយប្រើកាំភ្លើងធំបាញ់ចេញពីនាវាចម្បាំង បាញ់រះ ប្រើដ្រូនពាំក្បាលគ្រាប់ និងដ្រូនឈ្លបយកការណ៍ ចាប់ពីតាំងពីម៉ោង ៥ ល្ងាចថ្ងៃទី១៨ ធ្នូ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី១៩ ធ្នូ។
កាលពីថ្ងៃទី១៨ ធ្នូ ប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) អះអាងថា ប្រទេសកម្ពុជា និងថៃបានបង្ហាញឆន្ទៈបន្ធូរបន្ថយជម្លោះ និងងាកមកគោរពបទឈប់បាញ់។ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោក វ៉ាង យី ដែលបានទូរស័ព្ទទៅរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ដាច់ដោយឡែកពីគ្នា បានទទូចឱ្យភាគីទាំងពីរចូលតុចរចាសាជាថ្មី និងចាត់ទុកបទឈប់បាញ់ជាអាទិភាព។
ប៉ុន្តែ បើតាមអ្នកស្រី ម៉ាលី សុជាតា ការអន្តរាគមន៍នេះពុំធ្វើឱ្យយោធាថៃគោរពតាមឡើយ ខណៈសហភាពអឺរ៉ុប អាមេរិក មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងទៀតសុទ្ធតែបានចូលអន្តរាគមន៍ស្នើបញ្ឈប់ការវាយប្រហារគ្នា ប៉ុន្តែពុំបានផល។
អ្នកស្រី ម៉ាលី សុជាតា បន្តស្នើដល់យោធាថៃងាកមកគោរពបទឈប់បាញ់ និងគោរពកិច្ចព្រមព្រៀងសន្តិភាព និងដកកម្លាំងឈប់រំលោភដែនអធិបតេយ្យភាពកម្ពុជា។ អ្នកស្រីបញ្ជាក់ដដែលៗថា កម្ពុជាវាយតបទៅយោធាថៃ សម្រាប់តែការពារខ្លួនពីការឈ្លានពានប៉ុណ្ណោះ ហើយពុំវាយប្រហារលើទីតាំងស៊ីវិលដូចភាគីថៃបានធ្វើមកលើកម្ពុជានោះទេ។ លើសពីនេះអ្នកស្រីបន្តស្នើឱ្យយោធាថៃដកកម្លាំងឈប់រំលោភដែនអធិបតេយ្យភាពកម្ពុជា។
ចំណែកពលរដ្ឋខ្មែរជាច្រើនរយនាក់បានចេញធ្វើព្យុហយាត្រាផ្ញើសារអំពាវនាវរកបទឈប់បាញ់ និងសន្តិភាព។ ទាំងពលរដ្ឋទូទៅ និងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា សុទ្ធតែចែកចាយសកម្មភាពផ្ញើសារនេះលើបណ្ដាញសង្គមរបស់ខ្លួន ទៅភាគីថៃ ដើម្បីចរចាបញ្ចប់ជម្លោះ និងស្វែងរកសន្តិភាព។
គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ ប្រជាជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតមានចំនួន ១៨ នាក់ របួស៧៩នាក់ និងភៀសខ្លួនជិត ៥០ម៉ឺននាក់៕
បច្ចប្បន្នភាពដែលក្រសួងការពារជាតិបង្ហាញពីសកម្មភាពយោធាថៃវាយប្រហារលើកម្ពុជា នៅថ្ងៃទី១៩ ធ្នូ ២០២៥៖
ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។
ម៉ោង ១៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងប្រើប្រាស់ដ្រូនអត្តឃាតចូលមកភូមិសាស្ត្រ ប្រាសាទតាមាន់, ថ្មដូន និងដំណាក់ស្តេច។
ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក។
ម៉ោង ១៥:២០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំនៅភូមិសាស្ត្រភ្នំត្រង៉ោល។
ម៉ោង ១៣:៣៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៣:៤០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១៤:០២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
– ម៉ោង ១៤:១០នាទី យោធាថៃបានបន្តបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិចំការគ។
– ម៉ោង ១៤:២០នាទី យោធាថៃបានបន្តបាញ់ផ្លោងជ្រំចូលភូមិសាស្រ្តភូមិចំការគ។
– ម៉ោង ១៤:២៧នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ១៤:៣២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តប្រាសាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៤:៤៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរសួស្ដី។
– ម៉ោង ១៥:២៣នាទី យោធាថៃបានបាញ់ផ្លោងជ្រំចូលភូមិសាស្រ្តបឹងត្រកួន។
– ម៉ោង ១៥:៤០នាទី យោធាថៃបានបាញ់ផ្លោងចំការ៉ាស់សាំងតេលាមួយកន្លែងដែលជាទីតាំងរបស់ប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៦:១៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តបឹងត្រកួន។
– ម៉ោង ១៦:៤៩នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ១៦:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
ម៉ោង ០៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ម៉ោង ០៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។
ម៉ោង ៧:៤២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ម៉ោង ៦:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់ កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។
ម៉ោង ៦:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
ម៉ោង ៥:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។
ម៉ោង ៤:៥៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។









