យោធា​ថៃ​បង្ហាញ​រូបភាព​ឈូស​បំផ្លាញ​រូប​សំណាក​តាអ៊ុំ​លើ​ភ្នំ​អានសេះ​ក្នុង​ដី​ខ្មែរ

0
465
រូបភាព​យោធា​ថៃ​​បង្ហោះ​ពី​ការ​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ និង​កាន់កាប់​តំបន់​អានសេះ ស្ថិត​ក្នុង​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៩ ខែធ្នូ ២០២៥។ រូប៖ Thai Army Force
រូបភាព​យោធា​ថៃ​​បង្ហោះ​ពី​ការ​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ និង​កាន់កាប់​តំបន់​អានសេះ ស្ថិត​ក្នុង​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៩ ខែធ្នូ ២០២៥។ រូប៖ Thai Army Force

យោធា​ថៃ​នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ពី​ការ​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ និង​កាន់កាប់​តំបន់​អានសេះ ដែល​ស្ថិត​ក្នុង​ខេត្តព្រះវិហារ។

យោធា​ថៃ បាន​អះអាង​ថា កង​វិស្វករ​របស់​យោធា​ថៃ បាន​វាយកម្ទេច​រូបសំណាក​នៅ​រង្វង់​មូល តាអ៊ុំ ព្រមទាំង​ឈូស​ឆាយ​ទីតាំង​ផ្សារ​អានសេះ ដែល​កាន់កាប់​ដោយ​កម្ពុជា។ យោធា​ថៃ​បាន​អះអាង​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​វាយប្រហារ​មក​លើ​កងទ័ព​កម្ពុជា ដែល​ឈរជើង​នៅ​តំបន់​នោះ​ឱ្យ​ដកថយ។

មក​ដល់​ពេល​នេះ ក្រសួង​ការពារ​ជាតិ​​កម្ពុជា នៅ​មិនទាន់​ចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់ ជុំវិញ​ការ​ប្រកាស​របស់​យោធា​ថៃ​នេះ​នៅឡើយ។


ទូរទស្សន៍​អាស៊ីសេរី​សូម​បញ្ជាក់​ថា យើង​ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ទេ​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០ ធ្នូ នេះ ទាក់ទង​នឹង​ព័ត៌មាន​ថា យោធា​ថៃ​ឈូស​បំផ្លាញ​រូប​សំណាក​តាអ៊ុំ​លើ​ភ្នំ​អានសេះ នៃ​ខេត្ត​ព្រះវិហារ

រង្វង់​មូល និង​រូបសំណាក​តា​អុំ នៅ​តំបន់​អានសេះ​នេះ ត្រូវ​យោធា​ថៃ​កម្ទេច កំឡុង​ពេល​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​ជាមួយ​កម្ពុជា នៅ​ចន្លោះ​ថ្ងៃទី​២៤ ដល់ទី​២៨ ខែកក្កដា។ ក្រោយ​មក យោធា​ថៃ​បាន​ចូល​រាយ​បន្លា​លួស​បំណង​គ្រប់គ្រង​តំបន់​នេះ តែ​ត្រូវ​កងទ័ព​ខ្មែរ​តវ៉ា និង​រារាំង មុន​ពេល​ផ្ទុះ​សង្គ្រាម​ជា​លើក​ទី២៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ