សង្គម​ស៊ីវិល​​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ការងារ​មាន​ស្ថិរភាព និង​មាន​ប្រាក់​ឈ្នួល​សមរម្យ​ដល់​ពលរដ្ឋ

0
162
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា «សង់ត្រាល់» ទទូច​ឱ្យ​រដ្ឋាភិបាល ជួយ​ផ្ដល់​ការងារ​ដែល​មាន​ស្ថិរភាព និង​មាន​ប្រាក់​ឈ្នួល​សមរម្យ ដល់​ពលករ​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ ខណៈ​ពួកគាត់​ភាគច្រើន​កំពុង​ជួប​ផល​លំបាក ព្រោះ​គ្មាន​ការងារ​ធ្វើ បាត់បង់​ចំណូល និង​ជំពាក់​បំណុល​កាន់តែ​កើនឡើង។ ការ​ស្នើ​សុំ​នេះ​ធ្វើឡើង​ក្នុង​ទិវា​អ្នក​ចំណាកស្រុក​អន្តរជាតិ លើក​ទី​២៦ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​សហការ​ជាមួយ អង្គការ​អន្តរជាតិ​ផ្សេងទៀត​ដូចជា ILO និង អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសក៍ IOM Cambodia ជាដើម ចេញ​សេចក្ដីថ្លែងការណ៍​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ការងារ ដើម្បី​រួមចំណែក​ការពារ​ហានិភ័យ និង​ទប់ស្កាត់ ការ​ចំណាកស្រុក ទាំង​ប្រថុយប្រថាន​របស់​ពលរដ្ឋ ដោយ​ខុសច្បាប់​អំឡុង​ពេល​កម្ពុជា​-​ថៃ កំពុង​មាន​ជម្លោះ​តាម​ព្រំដែន។

តាមរយៈ​សេចក្ដីថ្លែងការណ៍​នេះ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​បង្ហាញ​លទ្ធផល ស្រាវជ្រាវ ដែល​បាន​សម្ភាសន៍​ពលករ​ខ្មែរ​ចំនួន ៥២៧​នាក់ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ រក​ឃើញ​ថា ក្នុងចំណោម​ពលករ​ជាង​៥០០​នាក់​នោះ មាន​ពលករ ចំនួន ៣១% ទទួល​បាន​ជំនួយ​សង្គម ដូចជា ទឹក​ថវិកា ក្នុង​ការ​ជួយសង្គ្រោះ​បឋម​ពី​រដ្ឋាភិបាល។ ទន្ទឹមគ្នា​នោះ ៧១%​នៃ​ពលករ​ខ្មែរ កំពុង​ជាប់​បំណុល ខណៈ​៨៥% ពួកគាត់​ពុំ​មាន​លទ្ធភាព​សងបំណុល​បាន តាម​កាលកំណត់។

បន្ថែម​ពី​នោះ ពលករ​ដែល​ជំពាក់​បំណុល​ធនាគារ និង មីក្រូហិរញ្ញវត្ថុ ជា​មធ្យម​ជាង​៣​ពាន់​(៣០.៨០) ទៅ ជិត​៤​ម៉ឺន (៣៥.០០០)​ដុល្លារ​។ ចំណែក ការ​បង់​ការប្រាក់​វិញ ជា​មធ្យម​ក្នុង ១​ខែ ២២០​ដុល្លារ​។ ក្នុង​នោះ ពលករ​ដែល​មាន គម្រោង​ចំណាកស្រុក​ជាថ្មី មាន​៥៣% ហើយ ៧៨% ចង់​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ បើទោះជា​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​តែ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ក្ដី ព្រោះថា ពួកគាត់ ពិបាក​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ដដែល ពលករ​ទាំងនោះ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ការងារ​ដែល​មាន​ស្ថិរភាព និង​មានគុណ​ភាពសមរម្យ និង​ផ្ដល់​ឱកាស​ដល់​អ្នក​មាន អាយុ​លើស​៤០​ឆ្នាំ​ឡើង។

មួយទៀត​ស្នើ​សុំ​ឱ្យ​បង្កើន​តម្លៃ​នៃ​ការ​បញ្ជា​ទិញ​ស្រូវ អង្ករ និង​ធានា​ឱ្យ​មាន​ការប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ដោយ​យុត្តិធម៌ ដើម្បី​គាំទ្រ​សហគ្រិន​កសិកម្ម​ក្នុងស្រុក​។ ចុងក្រោយ ពួកគាត់ ស្នើឱ្យ ផ្អាក​ការ​បង់​បំណុល​យ៉ាងតិច​៦​ខែ និង​ពង្រីក​វិសាលភាព ប័ណ្ណ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស ប័ណ្ណ​ក្រីក្រ និង​ជំនួយ​ផ្នែក​អាហារ​អំឡុង​ពេល​ធ្វើ​សមាហរណកម្ម​ជាដើម។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ។

ទោះជា​យ៉ាងណា លោក ស៊ុន មេសា ធ្លាប់​បាន​លើកឡើង​ថា ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ គិត​ត្រឹម​ខែសីហា មាន​ជាង​៩២​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ពលករ​ប្រមាណ​៦​ម៉ឺន​នាក់ ទទួល​បាន​ការងារ​ធ្វើ​តាមរយៈ​ក្រសួង​ការងារ និង​តាមរយៈ មិត្តភក្ដិ និង​ក្រុម​គ្រួសារ​។ ជាមួយគ្នា​នោះ ក្រសួង​ការងារ បាន​រៀបចំ​វេទិកា​ការងារ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ផ្ដល់​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង ចាំ​ទទួល​ពលករ​ដែល​ពុំ​មាន​ការងារ​ធ្វើ។

ទោះជា​យ៉ាងនេះ​ក្ដី ប្រធាន​ផ្នែក​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ពលករ​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែ ធ្នូ ថា ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​ច្រើន ពិបាក​រក​ការងារ​ធ្វើ​បាន​សមរម្យ និង​ស្ថិរភាព។ ករណីនេះ​លោក​ថា ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ ពួកគាត់ មាន​បន្ទុក​កាន់តែ​ធ្ងន់ ព្រោះ​មិន​សូវ​មាន ថវិកា សម្រាប់ ចំណាយ​លើ​ការ​ហូបចុក​ប្រចាំថ្ងៃ និង​គ្មាន​លុយ​សម្រាប់ សងបំណុល ធនាគារ​បាន​ទៀងទាត់។

លោក​រំពឹង​ថា រដ្ឋាភិបាល នឹង​បានដឹង​ពី​ចំនួន អ្នក​អត់​ការងារ និង​បញ្ហា​កង្វះ​ការងារ​ពិតប្រាកដ​ដើម្បី​រៀបចំ​ផែនការ និង រក​អ្នក​វិនិយោគ​ពី​ក្រៅប្រទេស​ឱ្យមក​រកស៊ី នៅក្នុង​ស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ឱកាស​ការងារ ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា បើ​ពុំ​ដូច្នោះ​ទេ ពលរដ្ឋ​កាន់តែ​លំបាក​ក្នុង​ជីវភាព ខណៈ​ពួកគាត់​ភាគច្រើន​ជំពាក់​បំណុល​កើនឡើង ព្រោះ​គ្មាន​លុយ​សង។

លោក ឌី ថេហូយ៉ា៖ «ដើម្បី​ធានា​យូរអង្វែង​ផ្នែក​សេដ្ឋកិច្ច រដ្ឋាភិបាល​ក៏​ត្រូវ​ធានា​អំពី​សុខ​សុវត្ថិភាព​ដែល​អាច​ធានា​បាន​នូវ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​រក​ស៊ី​ស្រុក​ខ្មែរ ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ម៉េច រៀបចំ​នូវ​ការ​បន្ធូរបន្ថយ ចំពោះ​បំណុល​របស់​គាត់ ប្រសិនបើ​គាត់ អត់​មានលទ្ធភាព​ដោះបំណុល​អ្វី​ទេ ក៏​គួរ​គិតគូរ​អំពី គោលនយោបាយ និង​វិធានការ ដែល​អាច​បន្ធូរបន្ថយ​ចំណូល​គាត់​បាន​ខ្លះ»។

ទាក់ទិន​រឿង​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ធានា​នូវ​កម្រិតជីវភាព​សមរម្យ ការ​អប់រំ និង​ការថែទាំ​សុខភាព ចំពោះ​ពលករ និង​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឱ្យ​គ្រួសារ​របស់​ពួកគេ បាន​ទទួលរង​សម្ពាធ​ដោយសារ​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

បន្ថែម​លើ​នោះ ពលករ​ខ្មែរ រាប់​សិប​ម៉ឺន​នាក់ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល ដោយសារ​ជម្លោះព្រំដែន​នោះ ភាគច្រើន​ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ការងារ​ធ្វើ និង​ការ​ជួយ​សម្រួល​បំណុល​ធនាគារ ដូច​តាម​ការសន្យា​របស់​រដ្ឋាភិបាល​នោះ​ឡើយ ខណៈ​កន្លែង​ការងារ ដែល​រដ្ឋាភិបាល​បាន​សន្យា​ផ្ដល់​ឱ្យ​នោះ មាន​ចំនួន​តិច​ជាង​ការប្រកាស និង​ស្ថិតនៅ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​ពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ