រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ប្រាប់​ថៃ​ឱ្យ​បញ្ឈប់​សកម្មភាព​តានតឹង​ជាក់ស្ដែង​តាម​ព្រំដែន​កម្ពុជា

0
57
រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ថ្លែង​កាលពីថ្ងៃទី២៤ តុលា ២០២៥។ រូបពីបណ្ដាញសង្គម X
រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាកូស រ៉ូប៊ីអូ (Marcos Rubio) ថ្លែង​កាលពីថ្ងៃទី២៤ តុលា ២០២៥។ រូបពីបណ្ដាញសង្គម X

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ថៃ​លោក ស៊ីហាសាក់ ភួងកែតកែវ (Sihasak Phuangketkeow) តាម​ទូរស័ព្ទ​ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​កើតមាន​អំពើ​ហិង្សា​តាម​ព្រំដែន​ប្រទេស​កម្ពុជា និង​ចង់ឱ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាបន្ទាន់។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រង​ក្រសួង​ការបរទេស​អាមេរិក​លោក ថូមមី ភីហ្គត (Tommy Pigott) កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ។

អ្នកនាំពាក្យ​រង​រូប​នេះ បាន​បន្ត​ថា លោក ម៉ាកូ រ៉ូប៊ីអូ ក៏បាន​ទទូច​ទៅ​រដ្ឋាភិបាល​ប្រទេស​ថៃ ត្រូវ​ចាត់​វិធានការ​ជាក់ស្ដែង​ដើម្បី​បន្ធូរបន្ថយ​ភាព​តាម​តឹង ហើយ​ត្រូវ​ត្រឡប់​ទៅ​អនុវត្ត​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ឡើងវិញ។

ការ​ចេញមុខ​ទទូច​ឱ្យ​ប្រទេស​ថៃ​បញ្ចប់​ភាព​តានតឹង​នេះ បាន​កើតឡើង​ក្រោយពី​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​ថៃ​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) កាលពី​ថ្ងៃទី​១៣ ខែធ្នូ បាន​ទាត់ចោល​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ចង់ឱ្យ​កម្ពុជា​និង​ថៃ​បញ្ចប់សង្គ្រាម​ជា​លើក​ទី​២ ហើយ​វិលត្រឡប់​ទៅ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ខែតុលា​ឡើង​វិញ។

ក្រៅពី​ទាត់​ចោល​សំណើ​បញ្ចប់សង្គ្រាម នាយករដ្ឋមន្ត្រី​ថៃ និង​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ថៃ ក៏​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​លើកឡើង​របស់​លោក​ប្រធានាធិបតី​អាមេរិក ដែល​ថា​គ្រាប់មីន​ដែល​ក្រុម​ទាហាន​ថៃ​ដើរ​ជាន់​ផ្ទុះ ហើយ​របួស​ជា​បន្តបន្ទាប់ គឺជា​ឧបទ្ទវហេតុ។ ការ​អះអាង​របស់​លោក ត្រាំ នេះ ខុសពី​ការ​លើកឡើង​របស់​ក្រុម​យោធា​ថៃ ដែល​តែង​ចោទប្រកាន់​ថា គ្រាប់​មីន​ទាំងនោះ គឺ​ភាគី​កងទ័ព​កម្ពុជា​ជា​អ្នក​ដាក់ និង​បាន​យក​ធ្វើជា​លេស​បង្ក​សង្គ្រាម​ជាថ្មី។

ស្របពេល​ប្រទេស​ថៃ​មិន​ព្រម​ទទួលយក​ការ​អំពាវនាវ​បញ្ចប់សង្គ្រាម​ជាមួយ​កម្ពុជា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត (The Wall Street Journal ដោយ​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​ដំឡើង​ពន្ធគយ​លើ​ប្រទេស​ទាំងពីរ​ឡើងវិញ ប្រសិន​នៅតែ​បន្ត​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ