

យោធាថៃបន្តវាយប្រហារកម្ពុជាកាន់តែខ្លាំងឡើងៗដោយលែងខ្វល់នឹងសំណើអន្តរាគមន៍ពីប្រទេសមហាអំណាច ហើយបន្តចោទប្រកាន់ប្រទេសកម្ពុជាថា រំលោភបំពាន និងប្រើលេសកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។
ការវាយប្រហារឈ្លានពានរបស់យោធាថៃលើកម្ពុជា ឈានចូលថ្ងៃទី១៤ គិតត្រឹមថ្ងៃទី២០ ធ្នូ នេះ។ គ្រាប់កាំភ្លើងធុនធ្ងន់របស់ថៃគ្រប់ប្រភេទផ្លោងចូលដីខ្មែរកាន់តែសន្ធឹក ហើយការប្រើយន្តហោះចម្បាំង F-16 កាន់តែចូលជ្រៅ បន្តបំផ្លាញអគារពលរដ្ឋស៊ីវិល កាស៊ីណូ ស្ពានថ្នល់ជាបន្តបន្ទាប់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២០ ធ្នូ ថា ភាគីថៃពុំបានទម្លាក់ដៃងាកមកគោរពបទឈប់បាញ់ទេ។ ផ្ទុយទៅវិញ ការវាយប្រហាររបស់យោធាថៃកាន់តែខ្លាំងជាងមុន ដោយមិនរើសគោលដៅ និងអមនុស្សធម៌។
អ្នកស្រីអះអាងថា នៅម៉ោង ១០:៥៨នាទីយប់ ថ្ងៃទី១៩ ខែធ្នូ កងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលចូលជ្រៅក្នុងអធិបតេយ្យភាពកម្ពុជា ៧០គីឡូម៉ែត្រ។ អ្នកស្រីអះអាងថា នៅយប់ដដែលនេះ យោធាបានប្រើនាវាផ្លោងគ្រាប់ចូលតំបន់ខេត្តកោះកុង ដែលបណ្ដាលឱ្យពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ត្រូវជម្លៀសខ្លួនទាំងយប់ជាថ្មីម្ដងទៀត។

យ៉ាងណាក៏ដោយ អ្នកស្រី ម៉ាលី សុជាតា ពុំបានរំលឹកពីសមរភូមិប្រយុទ្ធនៅតំបន់ភ្នំអានសេះ នៃខេត្តព្រះវិហារទេ បើទោះបីជា យោធាថៃ និងកាសែតថៃជាច្រើនបានផ្សព្វផ្សាយរូបភាពជាច្រើននៅ លើបណ្ដាញសង្គម អះអាងពីការ បញ្ជូនគ្រឿងចក្រជាច្រើនគ្រឿង ចូលឈូសឆាយ និងវាយកម្ទេចរូបសំណាកនៅរង្វង់មូលតាអ៊ុំ ព្រមទាំងឈូសឆាយទីតាំងផ្សារអានសេះ ដែលកាន់កាប់ដោយកម្ពុជាយ៉ាងណាក្ដី។
ទូរទស្សន៍អាស៊ីសេរីពុំទាន់អាចសុំការឆ្លើយតបពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានទេ មកដល់ត្រឹមរសៀលថ្ងៃទី២០ ធ្នូ ទាក់ទងនឹងព័ត៌មានថា យោធាថៃឈូសបំផ្លាញរូបសំណាកតាអ៊ុំលើភ្នំអានសេះ នៃខេត្តព្រះវិហារនេះ។
រង្វង់មូល និងរូបសំណាកតាអុំ នៅតំបន់អានសេះនេះ ត្រូវបានយោធាថៃកម្ទេច កំឡុងពេលប៉ះទង្គិចគ្នានៅព្រំដែនជាមួយកម្ពុជា នៅចន្លោះថ្ងៃទី២៤ ដល់ទី២៨ ខែកក្កដា។ ក្រោយមក យោធាថៃបានចូលរាយបន្លាលួសបំណងគ្រប់គ្រងតំបន់នេះ តែត្រូវកងទ័ពខ្មែរតវ៉ា និងរារាំង មុនពេលផ្ទុះសង្គ្រាមជាលើកទី២។

ចំពោះការអន្តរាគមន៍ពីប្រទេសមហាអំណាចវិញ លែងធ្វើឱ្យយោធាថៃខ្វល់ខ្វាយ ដោយយោធាថៃបន្តវាយប្រហារកម្ពុជាតាមចិត្តចង់របស់ខ្លួន និងគ្រប់ពេលវេលាទាំងអស់។ ទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក និងចិន ព្រមទាំងតំណាងសហភាពអឺរ៉ុបសុទ្ធតែស្នើឱ្យឈប់ប្រយុទ្ធជាបន្ទាន់ និងគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។ ប៉ុន្តែ ភាគីថៃនៅតែចោទប្រកាន់ប្រទេសកម្ពុជាថា ជាអ្នករំលោភបំពានមុន ហើយរុញឱ្យប្រទេសមហាអំណាចទៅប្រាប់កម្ពុជាឱ្យឈប់បាញ់មុន និងបន្តប្រើលេសកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។
កាលពីថ្ងៃទី១៨ ធ្នូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានប្រាប់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកែតកែវ (Sihasak Phuangketkeow) ឱ្យចាត់វិធានការជាក់ស្ដែងដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយសំដៅចំៗទៅភាគីថៃ។ ចំណែកប្រមុខការទូតចិនបានទាំងបញ្ជូនប្រេសិតពិសេសមកប្រទេសទាំងពីរដើម្បីសម្របសម្រួល ខណៈតំណាងសហភាពអឺរ៉ុបបានសន្យាផ្ដល់រូបភាពពីផ្កាយរណបតាមសំណើកម្ពុជា ដើម្បីពិនិត្យថា ប្រទេសណាជាអ្នកវាយប្រហារមុន។
ក្រៅពីប្រទេសមហាអំណាច ប្រធានអាស៊ានប្ដូរវេនឯណេះវិញ ក៏បានខិតខំសម្របសម្រួលនិងដាក់វិធានការឱ្យគោរពបទឈប់បាញ់ និងត្រួតពិនិត្យរូបភាពផ្កាយរណប ប៉ុន្តែត្រូវបានភាគីថៃស្នើពន្យារ និងបន្តវាយប្រហារកម្ពុជាឥតស្រាកស្រាន្ត។ ទោះយ៉ាងណា ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីពិនិត្យមើលរូបភាពផ្កាយរណប និងអនុវត្តបទឈប់បាញ់ នឹងត្រូវរៀបចំឡើងវិញ នៅថ្ងៃទី២២ ធ្នូ ក្នុងប្រទេសម៉ាឡេស៊ី។
ស្របពេលប្រទេសថៃមិនព្រមទទួលយកការអំពាវនាវបញ្ចប់សង្គ្រាមជាមួយកម្ពុជា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ធ្លាប់បានព្រមានថា សហរដ្ឋអាមេរិកនឹងដំឡើងពន្ធគយលើប្រទេសទាំងពីរឡើងវិញ ប្រសិនបើការបន្តប្រយុទ្ធគ្នានៅតាមព្រំដែនមិនបញ្ចប់ទេ។
គិតត្រឹមថ្ងៃទី១៩ ធ្នូ ពលរដ្ឋកម្ពុជា ១៨នាក់ស្លាប់ និងរបួស ៧៩នាក់ និងជនភៀសសឹកជិត ៥០ម៉ឺននាក់ ដោយសារការវាយប្រហាររបស់យោធាថៃ៕








