

កងទ័ពជើងអាកាសថៃព្រមានថា នឹងមិនបង្អង់ដៃវាយប្រហារតាមដែនអាកាសលើកម្ពុជាឡើយ ដរាបណាកម្ពុជាមិនព្រមទទួលយកលក្ខខណ្ឌ៣ចំណុចរបស់ខ្លួន ហើយថា ការបន្តប្រតិបត្តិការយោធានេះ ដើម្បីស្វែងរកសន្តិភាពដ៏យូរអង្វែងមួយ។ នេះបើតាមការចុះផ្សាយពីកាសែត Khaosod ដែលដកស្រង់សម្ដីអ្នកនាំពាក្យកងទ័ពអាកាសថៃលោក ចាក់ក្រិត ថាំវីឆ័យ (Jakkrit Tham-wichai)។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំងថៃ F-16 បន្តហោះចូលរំលោភដែនអាកាសកម្ពុជា និងបានទម្លាក់គ្រាប់បែកចំនួន៨គ្រាប់កាលពីយប់ថ្ងៃទី១៩ធ្នូ និងព្រឹកថ្ងៃទី២០ធ្នូ កម្ទេចស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប និងការទម្លាក់គ្រាប់កម្ទេចសាលារៀនបឋមសិក្សា នៅក្បែរច្រកព្រំដែនថ្មដា និងអាគារកាស៊ីណូ នៅជិតច្រកជ័យជំនះ ក្នុងខេត្តពោធិ៍សាត់ រួមទាំងការបញ្ជួនកម្លាំងទ័ពថ្មើរ អមដោយរថក្រោះចំនួន៥គ្រឿង ចូលឆែកឆេរ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះពលរដ្ឋខ្មែរនៅក្នុងតំបន់ទាំងនោះ និងការរាយបន្លាលួសព័ទ្ធយកដី។ សកម្មភាពចូលមករំលោភដែនអធិបតេយ្យកម្ពុជានេះ ស្របពេលកងទ័ពខ្មែរហាក់បានដកថយចេញពីតាមលេណដ្ឋានដើម្បីការពារព្រំដែនរបស់ខ្លួន។
កងទ័ពថៃបានបញ្ជាក់ថា ការបើកប្រតិបត្តិតាមដែនអាកាសកម្ទេចអគាររបស់កម្ពុជានៅតាមព្រំដែន និងការរុលចូលឆែកឆេរក្នុងផ្ទះសម្បែងពលរដ្ឋខ្មែរ ដោយសារជាទីតាំងលាក់ខ្លួនរបស់កងទ័ពខ្មែរ និងបានព្រមានទៀតថា ចំពោះស្ពានចំនួន២ គឺស្ពានមេទឹក និងស្ពានអូរជីក ដែលទើបរងការបំផ្ទុះបំផ្លាញដោយយន្តហោះចម្បាំង F-16 នឹងអាចទទួលរងការវាយប្រហារជាថ្មី ប្រសិនកម្ពុជាជួលជុលស្ពានទាំងនោះ សម្រាប់ដឹកជញ្ជូនអាវុធ និងស្បៀងអាហារទៅឱ្យកងទ័ពនៅជួរមុខ។
ក្រសួងការពារជាតិកម្ពុជាបានចេញប្រកាសថា ទង្វើវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងលើទីតាំងដែលកំពុងមានជនស៊ីវិលរស់នៅរបស់ក្រុមកងទ័ពថៃនេះ ជាការបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានយ៉ាងកំរោលមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
កងទ័ពថៃបានចាត់ទុកថា ជាព័ត៌មានមិនពិត ចំពោះរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា ថា មានជនស៊ីវិលស្លាប់ ១៨នាក់ស្លាប់ និងរបួសជិត ៩០នាក់ ដោយសារតែការវាយប្រហាររបស់កងទ័ពថៃ។ ទោះជាកងទ័ពថៃបដិសេធយ៉ាងនេះក្ដី សេចក្ដីប្រកាសព័ត៌មានរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉លគើ ទើក (Volker Türk) កាលពីថ្ងៃទី១៨ ខែធ្នូ បានបញ្ជាក់ថា ការវាយប្រហារទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 គឺពិតជាបានធ្វើឱ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ហើយបានទទូចឱ្យកងទ័ពថៃបញ្ឈប់ការវាយប្រហារលើជនស៊ីវិលក្នុងទឹកដីកម្ពុជា និងត្រូវងាកទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅក្នុងប្រទេសម៉ាឡេស៊ី កាលពីខែតុលាឡើងវិញ៕









