ថៃ​លើក​យក​លក្ខខណ្ឌ ៣​ចំណុច​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន

0
48
រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី២២ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក ASEAN
រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី២២ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក ASEAN

រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​បី​យ៉ាង ឱ្យ​កម្ពុជា​បញ្ឈប់​ការ​បាញ់​ប្រហារ​ជាមុន​ឱ្យ​ជាក់លាក់ និង​ចូលរួម​សហការ​ដើម្បី​បោសសម្អាត​មីន​នៅ​តាម​ព្រំដែន។

លោក ស៊ីហាសាក់ បាន​អះអាង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី២២ ធ្នូ ថា ក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល​មុនៗ ប្រទេស​ថៃ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​មធ្យោបាយ​ទ្វេភាគី ក៏ប៉ុន្តែ​ភាគី​កម្ពុជា​បាន​យក​បញ្ហា​នេះ ទៅ​អង្គការ​សហប្រជាជាតិ ជំនួស​ឱ្យ​ការ​ដោះស្រាយ​​ទ្វេភាគី។ លោក​រដ្ឋមន្ត្រីការបរទេស​ថៃ​រូប​នេះ បាន​អះអាង​ទៀត​ថា ទំនុកចិត្ត​គឺ​មាន​សារៈសំខាន់ នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ក៏ប៉ុន្តែ ភាគី​កម្ពុជា ធ្លាប់​បាន​លួច​ថត និង​បញ្ចេញ​សំឡេង​កិច្ច​សន្ទនា​ជាមួយ​អតីត​មេដឹកនាំ​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយ​លោក​ចោទ​ថា គឺជា​ការប៉ុនប៉ង​របស់​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថៃ​ចុះ​ខ្សោយ។

លោក ស៊ីហាសាក់ លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ថៃ និង​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែតុលា នឹង​ក្លាយ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​សន្តិភាព ទាល់តែ​ភាគី​កម្ពុជា​រំសាយ​អាវុធ កាត់បន្ថយ​កងទ័ព បោសសម្អាត​មីន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជា​មុន​សិន ដោយ​ក្នុង​នោះ មន្ត្រី​ថៃ​រូប​នេះ បាន​លើក​យក​ករណី​ទាហាន​ថៃ​ដើរ​ជាន់​មីន នៅ​តាម​ព្រំដែន មក​ចោទប្រកាន់​លើ​កម្ពុជា​ផង​ដែរ។

លោក ស៊ីហាសាក់ បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា មិន​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​នោះ​ទេ នៅ​ថ្ងៃ​នេះ ហើយ​ដំណោះស្រាយ​ជម្លោះព្រំដែន​មួយ​នេះ នឹង​ត្រូវ​លើក​យក​ទៅ​និយាយ​បន្ត នៅ​ក្នុង​ការ​ពិភាក្សា​កម្រិត​រដ្ឋមន្ត្រី​ការពារ​ជាតិ នៅ​ថ្ងៃទី២៤ ខែ​ធ្នូ នៅ​ខេត្ត​ច័ន្ទបុរី ប្រទេស​ថៃ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ