

កិច្ចប្រជុំពិសេសនៃក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូនេះ មិនបានធ្វើឱ្យកម្ពុជានិងថៃ ឈានដល់ការព្រមព្រៀងណាមួយ ដើម្បីអនុវត្តឡើងវិញនូវបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលានោះឡើយ។
សេចក្ដីថ្លែងការណ៍ស្ដីពីលទ្ធផលចំនួន១០ចំណុច នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសប្រទេសម៉ាឡេស៊ី (Malaysia) នៅក្នុងទីក្រុងកូឡាឡាំពួរ (Kula Lampur) នៅថ្ងៃទី២២ ខែធ្នូនេះ បានត្រឹមលើកឡើងពីការព្រួយបារម្ភ ជុំវិញការកើនឡើងភាពតានតឹងនិងអរិភាព ដែលបណ្ដាលឱ្យជនស៊ីវិលស្លាប់ របួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយបានទទូចឱ្យកម្ពុជា-ថៃ អត់ធ្មត់ជាអតិបរមា ដើម្បីចាត់វិធានការបន្ទាន់ ឆ្ពោះទៅរកការបញ្ឈប់រាល់អរិភាពជាមួយគ្នាគ្រប់ទម្រង់ទាំងអស់។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍ ចំពោះការពិភាក្សាដើម្បីឈានទៅបន្តអនុវត្តឡើងវិញនូវបទឈប់បាញ់ និងការបញ្ចប់អរិភាព និងការប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដើម្បីពិភាក្សាស្ដីពីការអនុវត្ត និងផ្ទៀងផ្ទាត់បទឈប់បាញ់ ខណៈក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានសង្ឃឹមថា នឹងអាចជួយកាត់បន្ថយអរិភាពឱ្យបានកាន់តែឆាប់រហ័ស។
លទ្ធផលនៃកិច្ចប្រជុំនេះ នឹងធ្វើឱ្យសហរដ្ឋអាមេរិកខកបំណង ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ាកូស រ៉ូប៊ីអូ (Marco Rubio) បានដាក់ក្ដីសង្ឃឹមនៅមុនកិច្ចប្រជុំនេះថា កម្ពុជានិងថៃនឹងអាចបញ្ឈប់ការប្រយុទ្ធគ្នានៅត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារស្អែកនេះ៕









