អ.ស.ប​បារម្ភ​ចំពោះ ការ​វាយប្រហារ​លើ​ជន​ស៊ីវិល​និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ

0
132
ទិដ្ឋភាព​ដង​ស្ទូច នៅ​ប្រាសាទ​ព្រះវិហារ ដែល​យោធា​ថៃ​វាយ​ប្រហារ​​បំផ្លាញ នៅ​ថ្ងៃ​ទី១០ ធ្នូ ២០២៥។ រូប៖ វីដេអូ​កាសែត Khaosod
ទិដ្ឋភាព​ដង​ស្ទូច នៅ​ប្រាសាទ​ព្រះវិហារ ដែល​យោធា​ថៃ​វាយ​ប្រហារ​​បំផ្លាញ នៅ​ថ្ងៃ​ទី១០ ធ្នូ ២០២៥។ រូប៖ វីដេអូ​កាសែត Khaosod

ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង និង​កាំភ្លើង​ធំ មក​លើ​ជន​ស៊ីវិល និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ​។ អ្នកវិភាគ​ថា ការ​លើកឡើង​នេះ ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ ពុំ​មាន​ប្រសិទ្ធភាព ក្នុង​ការ បញ្ឈប់​សង្គ្រាម ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​នោះ​ទេ ប្រសិនបើ​ស្ថាប័ន​អន្តរជាតិ​នេះ មិន​រក​ការពិត​នៃ​អំពើ​ឈ្លានពាន​របស់​ថៃ យក​មក​វិធានការ​ជាក់លាក់​តាមផ្លូវ​ច្បាប់។

ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉លគើ ទើក (Volker Türk) កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ បាន​អំពាវនាវ​ឱ្យ​កម្ពុជា​-​ថៃ ត្រូវ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ ខណៈ​លោក​បាន​លើកឡើង ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការពង្រីក​អរិយ​ភាព​កាន់តែ​ធំ និង​ការប្រើប្រាស់​យន្តហោះ​ចម្បាំង យន្តហោះ​ដ្រូន​អត្តឃាត (Drone) និង​កាំភ្លើង​ធំ​របស់​ភាគី​ថៃ វាយប្រហារ​លើ​ជន​ស៊ីវិល និង​ទីតាំង​ប្រាសាទបុរាណ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​លើ​ទឹកដី​ខ្មែរ ដូចជា​ប្រាសាទ​តា​ក្របី និង​ប្រាសាទព្រះវិហារ ដែល​គាំពារ​ដោយ​ច្បាប់​អន្តរជាតិ។

ជាមួយគ្នា​នោះ លោក វ៉លគើ ទើក ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការ​ជម្លៀស​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ដែល​ត្រូវ​បាន​គេ​ជួញដូរ និង​បង្ខំ​ឱ្យធ្វើ​ការ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ដែល​បច្ចុប្បន្ន ពួកគេ​កំពុង​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​កាន់តែ​ខ្លាំង បន្ទាប់ពី​កងទ័ព​ថៃ បាន​វាយប្រហារ​ទៅលើ​អគារ​កាស៊ីណូ និង​មជ្ឈមណ្ឌល​ដែល​គេ​ចោទ​ថា ជា​អគារ​ឆបោក​តាម​អនឡាញ នៅ​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ​បាន​បណ្ដាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ម្នាក់ និង​របួស​ចំនួន​៣​នាក់។

ទន្ទឹមគ្នា​នោះ លោក វ៉លគើ ទើក (Volker Türk) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​X នៅ​ថ្ងៃ​ដដែល​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​របាយការណ៍​ដែល​ថា តំបន់​ជន​ស៊ីវិល និង​កន្លែង​ប្រាសាទបុរាណ កំពុង​ត្រូវ​បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង យន្តហោះ​គ្មាន​មនុស្ស​បើក និង​បាញ់​ផ្លោង​តាមរយៈ​កាំភ្លើង​ធំ ខណៈ​ដែល​ច្បាប់​មនុស្សធម៌​អន្តរជាតិ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា​ការ​ការពារ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល គឺជា​រឿង​សំខាន់​បំផុត។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ថា ការ​អំពាវនាវ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ នេះ ជា​រឿង​ល្អ ប៉ុន្តែ ពុំ​មាន​ប្រសិទ្ធភាព​អ្វី​ជា​ដុំកំភួន​នោះ​ទេ ខណៈ​ភាគី​ថៃ កាន់តែ​គឃ្លើន​បាញ់ប្រហារ​មក​លើ​កម្ពុជា និង​សម្លាប់ ជន​ស៊ីវិល​ជាច្រើន​នាក់ ប៉ុន្តែ ស្ថាប័ន​អន្តរជាតិ​ទាំងនោះ មិន​ហ៊ាន​ថ្កោលទោស និង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ថៃ ខណៈ​ភាគី​ថៃ បាន​លេស​បន្ត​ឈ្លានពាន​កម្ពុជា ក្រោម​ល្បិច​ថា កម្ទេច​ទីតាំង​ល្បែង​អនឡាញ (Online Scam)។

លោក​ថា ស្ថានភាព​នេះ កម្ពុជា​មិន​ត្រូវ​រំពឹង​តែ​ទៅលើ ស្ថាប័ន​អន្តរជាតិ​នោះ​ទេ គឺ​កម្ពុជា ត្រូវតែ ធ្វើ​ខ្លួន​ឱ្យ​ខ្លាំង និង​បង្កើន​កិច្ចការ​ការទូត​ឱ្យ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់។ ជាមួយគ្នា​នោះ លោក​ថា ដើម្បី​ឱ្យ​កម្ពុជា​រឹតតែ​ខ្លាំង ដូច​ប្រទេស​អ៊ីស្រាអែល ត្រូវតែ​ព្យាបាល​ជំងឺ​ខ្លះ ដូចជា អំពើពុករលួយ ជំងឺ​តួឯក​និយម ការ​បែក​បាក់​ជាតិ និង​និយម​ឲ្យ​គេ​អាណិត ជាជាង ធ្វើខ្លួន​ឱ្យ​ខ្លាំង​ជាដើម។

បណ្ឌិត មាស នី៖ «ទី​១​ខ្មែរ​ត្រូវ​គិតថា​អ្វីខ្លះ​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ឱ្យ​ប្រទេស​មួយ​នេះ ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​បាន​ខ្លាំង​នៅ​ក្នុង​តំបន់​ការពារ​ខ្លួនឯង​បាន។ ទី​២​ទៀត កម្ពុជា​មានតែ​ធ្វើ​កិច្ចការទូត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ពន្យល់​ដល់​អ្នក​ការទូត និង​ប្រទេស​ដទៃ​នឹង​ឱ្យ​គេ​យល់​ពី​ភាព​ងាយ​រងគ្រោះ​របស់​យើង ដោយ​ថៃ​ឈ្លានពាន»។

គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ លោក អានុទីន ចាន់​វីរៈគុល (Anutin Charnvirakul) ប្រកាស​លែងគោរព​សេចក្ដីថ្លែងការណ៍​សន្តិភាព នាទី​ក្រុង​កូឡាឡាំពួរ ហើយ​ប្រកាស​ធ្វើ​សង្គ្រាម​ឈ្លានពាន​កម្ពុជា តាំងពី​ថ្ងៃទី​៧ ធ្នូ មក ថៃ​បាន​ប្រើ​កាំភ្លើង​ធំ យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) និង យន្តហោះ F-16 ហោះ​ចូល​ទឹកដី​កម្ពុជា ទម្លាក់​គ្រាប់​កាន់តែ​ជ្រៅ​ហើយ​បាន​បំផ្លាញ​វត្ត​អារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ថ្នល់ និង ប្រាសាទបុរាណ ខណៈ​ជន​ស៊ីវិល​កម្ពុជា​ជិត​២០​នាក់​បាន​ស្លាប់ និង ជិត​១០០​នាក់​របួសធ្ងន់ និង​ស្រាល។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ លើកឡើង​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ធ្វើ​កិច្ច​ជាច្រើន​លើ​ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ដាក់​សម្ពាធ​ថៃ ឱ្យ​បញ្ឈប់​ការឈ្លានពាន​កម្ពុជា​។ ប៉ុន្តែ លោក​ពុំបាន​បញ្ជាក់​នោះ​ទេ ថា​តើ កម្ពុជា​បាន​ធ្វើ​អ្វីខ្លះ​លើ​ឆាក​អន្តរជាតិ​នោះ​នៅ​ឡើយ។

លោក ជា ធីរិទ្ធ៖ «យើង​តែងតែ​ចង់បាន​នូវ​សន្តិភាព និង​ចង់បាន​នូវ​បទ​ឈប់​បាញ់​ប៉ុន្តែ សត្រូវ​ទេ​ដែល​ឈ្លានពាន យើង​ម្ដង​ហើយ​ម្ដងទៀត​។ គ្មាន​ជម្រើស​អ្វី ក្រៅពី​ការពារ​ខ្លួន ការពារ​ដែនដី អធិបតេយ្យ​របស់​យើង​។ យើង​បាន​ខិតខំ​ប្រឹងប្រែង​ណាស់ នៅក្នុង​ការងារ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​អន្តរជាតិ​យកចិត្តទុកដាក់ ជំរុញ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​នូវ​ការឈ្លានពាន នៅ​កម្ពុជា»។

ទោះជា​យ៉ាងណា អ្នកច្បាប់ និង​ជា​មេធាវី លោក សុក សំអឿន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃទី​១៩ ខែធ្នូ​ថា ការវាយប្រហារ​របស់​ថៃ​លើ​កម្ពុជា ដើម្បី​វាយកម្ទេច​ក្រុម​ឧក្រិដ្ឋជន​អនឡាញ​នោះ គឺ​គ្រាន់តែ​ជា​លេស ឈ្លានពាន​ទឹកដី​កម្ពុជា។ លោក​ថា បើ​ពិនិត្យ​ទីតាំង​សមរភូមិ និង អាគារ​ដែល​យន្តហោះ​ចម្បាំង​F-16 របស់​ថៃ ដែល​បាន​បំផ្លាញ​ដូចជា ប្រាសាទ​តា​ក្របី ប្រាសាទព្រះវិហារ ភ្នំ​៣៥០ វាល​ឥន្ទ្រី ភ្នំ​ទ្រព្យ និង​តំបន់​អានសេះ​ជាដើម សុទ្ធ​សឹង​ជាទី​តាំង​កងទ័ព​កម្ពុជា។

ទិដ្ឋភាព​ប្រាសាទព្រះវិហារ​បន្ទាប់ពី​យោធា​ថៃ​ឈ្លានពានខ្មែរ​នៅតាមព្រំដែន កាលពី​ខែ​កក្កដា ២០២៥។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ

បន្ថែម​ពី​នោះ លោក​ថា ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​F-16​របស់​ថៃ នៅ​ក្រុង​ប៉ោយប៉ែត​ចំ​ឃ្លាំង​រថយន្ត របស់​ក្រុមហ៊ុន​ឯកជន​មួយ បណ្ដាល​ឱ្យ​ខូច​ខ្ទេចខ្ទី នោះ ក៏​មិនមែន​ជា​កន្លែង​ឧក្រិដ្ឋជន​អនឡាញ​នោះ​ដែរ។ ដូច្នេះ​លោក​ថា ការ​បាញ់​ប្រហារ របស់​ថៃ យ៉ាង​ព្រៃផ្សៃ លើ​ទីតាំង​ជន​ស៊ីវិល​នោះ គឺជា​ចេតនា ឈ្លានពាន​កម្ពុជា ដូច​ការ​អះអាង​របស់​ថៃ​ដែល ថា​ចង់​បំផ្លាញ​សមត្ថភាព​កងទ័ព​កម្ពុ​ជា រហូត​ទល់​តែ​លែង​តបត ជាមួយ​យោធា​ថៃ បាន​ទៀត។

នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ សារព័ត៌មាន​ថៃ​ឈ្មោះ The Nation បាន​សរសេរ​ថា ថ្មីៗ​នេះ ថៃ​បាន​កម្ទេច អគារ​អនឡាញ របស់​កម្ពុជា បាន​ជាង​៦​ទីតាំង ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អនឡាញ។ ជាមួយគ្នា​នោះ រដ្ឋាភិបាល​ថៃ បាន​លើកឡើង​ថា នឹង​ប្រកាស​បញ្ចប់សង្គ្រាម​ជាមួយ​កម្ពុជា នៅមុន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២ ខែធ្នូ ប៉ុន្តែ មុននឹង​បញ្ឈប់ ពួកគេ​ប្ដេជ្ញា​ថា នឹង​វាយ​យក​តំបន់​ធំៗ មួយចំនួន នៅ​លើ​ទឹកដី​កម្ពុជា​ឱ្យ​បាន។

ទាក់ទិន​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ថា ការប្រើ​កលល្បិច​របស់​រដ្ឋាភិបាល​ថៃ​ជុំវិញ​អំពើ​ឈ្លានពាន​ទឹកដី​កម្ពុជា​នេះ កាន់តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា ថៃ​បាន​ឈ្លានពាន​ខ្មែរ យ៉ាង​គឃ្លើន ហើយ​សង្ឃឹមថា ពិភព​លោក​នឹង​មិន​ពិបាក ក្នុង​ការ​វិនិច្ឆ័យ​នោះ​ទេ ថា តើ នរណា​ឈ្លានពាន អ្នកណា​នោះ ខណៈ​ដែល ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង និង​អាវុធ​ទំនើបៗ បាញ់​ស្រោច​មក​លើ​តំបន់​ជន​ស៊ីវិល​និង​ប្រាសាទបុរាណ​ជាច្រើន​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ប្ដឹង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​កោះ​ប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​បញ្ហា​ឈ្លានពាន​របស់​ថៃ។

លោក សេក សុជាតិ៖ «​ប្រទេស​សៀម​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​កាន់តែ​គឃ្លើន​។ បំផ្លាញ​មនុស្សជាតិ​យ៉ាង​ច្បាស់​ក្រឡែត ដែល​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​គួរតែ​ដាក់​វិធានការ​តឹងរ៉ឹង ហើយ​ធ្វើ​ការ​កោះហៅ​រដ្ឋាភិបាល​ថៃ​ទៅ​បំភ្លឺ ហើយ​ដោះស្រាយ​ជាមួយគ្នា ហើយ បង្ខំ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ ត្រូវតែ​បញ្ឈប់​ជាដាច់ខាត​ដែល​មក​បំពាន​ទៅលើ​ដែន​អធិបតេយ្យ និង​ពលរដ្ឋ​កម្ពុជា»។

ជុំវិញ​រឿង​នេះ នៅ​ថ្ងៃទី​១៨ ខែធ្នូ រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក ម៉ាគូ រ៉ូប៊ីអូ (Marco Rubio) បាន​ថ្លែងប្រាប់​ទៅ​កាន់​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) អំពី​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​បន្ត​អំពើ​ហិង្សា នៅ​តាម​ព្រំដែន​កម្ពុជា និង​បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​ថៃ​រូប​នេះ ចាត់វិធានការ​ជាក់ស្ដែង​ក្នុង​ការ កាត់បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន និង​ត្រូវ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ