

ប្រទេសហ្វីលីពីន (The Philippines) ដែលនៅសល់តែប៉ុន្មានថ្ងៃខាងមុខនេះនឹងចូលខ្លួនធ្វើជាប្រធានប្តូរវេនអាស៊ាន បន្តពីប្រទេសម៉ាឡេស៊ីប្រកាសថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយជម្លោះរវាងកម្ពុជា-ថៃ។
សេចក្ដីជូនដឹងរបស់ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី២២ ធ្នូ ឱ្យដឹងថា ហ្វីលីពីន ត្រៀមខ្លួនធ្វើជាអ្នកសម្របសម្រួលបន្តពីប្រទេសម៉ាឡេស៊ី បើកម្ពុជាថៃយល់ព្រមទទួលយកយន្តការអាស៊ានដោះស្រាយជម្លោះ ដូចដែលម៉ាឡេស៊ីបានដើរតួយ៉ាងសំខាន់រហូតមានបទឈប់បាញ់នាពេលកន្លងទៅ។ ការប្រកាសជំហររបស់ហ្វីលីពីននេះ កើតឡើងនៅក្នុងថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានចូលរួមកិច្ចប្រជុំពិសេសស្ដីពីជម្លោះកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
កាលពីម្សិលមិញកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ពុំបានធ្វើឱ្យកម្ពុជានិងថៃ ព្រមព្រៀង និងទទួលយកបទឈប់បាញ់កាលពីខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពខែតុលាវិញទ។
សេចក្ដីថ្លែងការណ៍ស្ដីពីលទ្ធផលរបស់ប្រមុខការទូតអាស៊ាន បានត្រឹមសម្ដែងការព្រួយបារម្ភ លើភាពតានតឹង និងអរិភាព ដែលបណ្ដាលឱ្យជនស៊ីវិលស្លាប់ របួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទទូចឱ្យកម្ពុជា-ថៃ អត់ធ្មត់ជាអតិបរមា ដើម្បីចាត់វិធានការបន្ទាន់ ឆ្ពោះទៅរកការបញ្ឈប់រាល់អរិភាពជាមួយគ្នាគ្រប់ទម្រង់ទាំងអស់។
ចំណែករដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានបង្ហាញជំហរមិនចង់បានភាគីទី៣ មកសម្របសម្រួលនោះទេ។ លោកថ្លែងនៅកិច្ចប្រជុំ ដោយបញ្ជាក់ពីលក្ខខណ្ឌបីយ៉ាង ទាមទារឱ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុនឱ្យជាក់លាក់ និងចូលរួមសហការដើម្បីបោសសម្អាតមីននៅតាមព្រំដែន។ លក្ខខណ្ឌទាំង៣នេះ ភាគីថៃបានធ្លាប់លើកឡើងជាច្រើនសាមកហើយ ប្រៀបបានឱ្យកម្ពុជាទទួលកំហុស និងចុះចាញ់ ទាំងដែលគេមើលឃើញថា ថៃជាអ្នកបង្កការវាយប្រហារមុន ហើយកំពុងឈ្លានពានកម្ពុជាគ្រប់ទម្រង់ និងពុំស្ដាប់ការស្នើអន្តរាគមន៍ពីអន្តរជាតិ៕









