

យុវជនខ្មែរបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិក លោក មូន ពេជ្រ បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅល្ងាច ថ្ងៃទី២៣ ខែធ្នូ នេះថា ពេលនេះ ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC បានទទួលយកបណ្ដឹងរបស់ពលរដ្ឋខ្មែរ ជាផ្លូវការហើយ។
លោក មូន ពេជ្រ បញ្ជាក់ថា នេះមានន័យថា បណ្ដឹងនេះនឹងត្រូវ ICC យកទៅពិនិត្យ ដើម្បីពិចារណាដោយផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម។
លោក មូន ពេជ្រ ដែលតំណាងឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ ដែលកាលនោះមានពលរដ្ឋចូលរួមចំនួនជាង ៩ម៉ឺននាក់។
បណ្ដឹងនោះមានគោលដៅប្តឹងថ្នាក់ដឹកនាំនយោបាយថៃ និងក្រុមយោធា ដែលបានប្រព្រឹត្តិបទឧក្រិដ្ឋលើប្រជាជនខ្មែរ និងលើប្រទេសកម្ពុជា ករណីកងទ័ពថៃបើកការវាយប្រហារដោយអាវុធធន់ធ្ងន់គ្រប់បែបយ៉ាងចូលទឹកដីកម្ពុជា។
លោក មូន ពេជ្រ បានសេរសេរបញ្ជាក់ទៀតថា នៅពេលដែល ICC បានទទួលយកបណ្ដឹងនេះ ពលរដ្ឋខ្មែរនៅតែអាចក៏នៅតែអាចបន្តរាយការណ៍បន្ថែម ពីបទឧក្រិដ្ឋ ដែលពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ បានធ្វើមកលើមាតុភូមិនិងប្រជាជនខ្មែរ ព្រមទាំងភស្តុតាងផ្សេងទៀត ដើម្បីដាក់បន្ទុក តាមនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
គិតមកដល់ពេលនេះ ពលរដ្ឋដែលចូលរួមជាដើមបណ្ដឹងនេះកើនដល់ចំនួនជាង ១សែននាក់ (១០៨,៩៤៤ នាក់)។
លោក មូន ពេជ្រ ក៏បន្តណែនាំឱ្យពលរដ្ឋខ្មែរដែលចង់ចូលរួមដាក់បណ្ដឹងនេះ អាចចូលទៅបំពេញបែបបទតាមអនឡាញ តាមរយៈតំណភ្ជាប់ ដែលលោកបានដាក់នៅលើហ្វេសប៊ុករបស់លោក៕
នេះជាតំណភ្ជាប់៖ https://forms.gle/jA2XJsBWkRAuFyvZ9









