
ទាសករនៃអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញចម្រុះជាតិសាសន៍ត្រូវបានឧក្រិដ្ឋជនបង្ខាំងទុកនៅបរិវេណអគារក្នុងរមណីយដ្ឋានអូរស្មាច់ នៃខេត្តឧត្តរមានជ័យរបស់លោក លី យ៉ុងផាត់ និងបង្ខំឱ្យពួកគេបម្រើការងារជាអ្នកឆបោកតាមអនឡាញដូចសព្វមួយដង ទោះបីយោធាថៃបន្តទម្លាក់គ្រាប់ផ្លោងឈ្លានពានចូលតំបន់នោះក្ដី។ អ្នករស់នៅតំបន់អូរស្មាច់អះអាងថា ជនបរទេសរងការបង្ខាំងក្នុងអគារទាំងនោះមានចំនួនរាប់ពាន់នាក់ ហើយត្រូវបានថៅកែចិន និងសន្តិសុខខ្មែរយាមកាមយ៉ាងតឹងរ៉ឹង ដើម្បីកុំឱ្យពួកគេនាំគ្នាសម្រុកចេញពីអគារ។
ជនបរទេសចម្រុះជាតិសាសន៍ដែលត្រូវបានបង្ខាំងទុកក្នុងអគារនៅតំបន់រមណីយដ្ឋានអូរស្មាច់មិនអាចភៀសសឹកចេញពីតំបន់សមរភូមិប្រយុទ្ធបាន ដោយសារតែក្រុមថៅកែជនជាតិចិន និងសន្តិសុខខ្មែរមួយចំនួនបានបង្កើនការយាមកាមពួកគេកាន់តែតឹងរ៉ឹង។ អ្នកស្រុកអូរស្មាច់ឱ្យដឹងថា មកដល់ពេលនេះតំបន់អូរស្មាច់មានសភាពស្ងប់ស្ងាត់ពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ខណៈយោធាថៃនៅតែបន្តទម្លាក់គ្រាប់បែកពីលើអាកាសចូលទឹកដីខេត្តឧត្តរមានជ័យ។
ជនភៀសសឹកពីតំបន់អូរស្មាច់ម្នាក់ដែលមានមិត្តភ័ក្ដិធ្វើការងារសំណង់នៅក្នុងតំបន់រមណីយដ្ឋានអូរស្មាច់ថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែធ្នូថា មេការជនជាតិចិនសុទ្ធតែមានកាំភ្លើងខ្លី និងដំបងឆក់ក្នុងដៃ ដើម្បីបង្កើនការយាមកាមជនបរទេសដែលជាប់ឃុំឃាំងក្នុងអគារ។ ចំណែក សន្តិសុខខ្មែរមួយចំនួនក៏សម្រេចចិត្តបន្តធ្វើការជាមួយចិន ដើម្បីយាមកាមបុគ្គលិកជនបរទេសមិនឱ្យរត់ចេញពីអគារ ដោយសារតែទទួលបានថ្លៃឈ្នួលពីថៅកែចិនខ្ពស់។ ពលរដ្ឋរូបនេះឱ្យដឹងទៀតថា តាមអគារឆបោកអនឡាញក្នុងតំបន់អូរស្មាច់បិទបាំងដោយរនាំងដែកក្រាស់ៗ និងហ៊ុមព័ទ្ធដោយបន្លាលួស។
អ្នកខ្លះ [ជនបរទេស] អត់ចេញទេនៅហ្នឹងឯង ដោយសារតែបើតាមសន្តិសុខនិយាយមេការពួកជនជាតិចិនមានមានកាំភ្លើង វាគំរាមពួក [ជនបរទេសក្នុងអគារ] ហ្នឹងអត់ឱ្យចេញ ពួកវាមានកាំភ្លើង។ សន្តិសុខខ្មែរយើងអត់បង្ខាំងទេ សន្តិសុខខ្លះក៏នៅហ្នឹង សន្តិសុខខ្លះដោយសារតែចិនឱ្យលុយច្រើនក៏នៅហ្នឹងទៅ អ្នកខ្លះដោយសារតែគ្រាប់ផ្លោងខ្លាំងក៏ចុះមកទៅ។ ជាពិសេសអ្នកម៉ៅការសំណង់នៅក្នុងហ្នឹងសុទ្ធតែជាមិត្តភ័ក្តខ្ញុំ ហើយគាត់ចុះមកគាត់ថា ចិននៅច្រើនណាស់ ដោយសារតែគេអត់ឱ្យចុះ ដោយសារតែពួកមេខ្លោងចិនហ្នឹងវាមានកាំភ្លើង
កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ជនបរទេសចម្រុះជាតិសាសន៍ជាច្រើនដែលជាប់ឃុំឃាំងក្នុងអគារ បាននាំគ្នាសម្រុកចេញពីអគារនៅតំបន់រមណីយដ្ឋានអូរស្មាច់ដោយអ្នកខ្លះមានទឹកមុខភ័យតក់ស្លុតដោយសារតែយោធាថៃទម្លាក់គ្រាប់ផ្លោង ប៉ុន្តែអ្នកខ្លះទៀតក៏បង្ហាញអារម្មណ៍រីករាយ និងធ្វើដំណើរថ្មើរជើងចេញពីតំបន់អូរស្មាច់។ ទោះជាយ៉ាងណា ជនបរទេសមួយចំនួនក៏ត្រូវបានក្រុមកងអង្គរក្សដៃឆៅថៅកែចិនព្យាយាមដេញតាមចាប់ និងវាយដំចាប់ពួកគេញាត់បញ្ជូនក្នុងឡានក្រុងវិញ ដើម្បីដឹកចេញទៅទីតាំងអគារអនឡាញនៅខេត្តផ្សេង។ យ៉ាងហោចណាស់មានជនជាតិវៀតណាមចំនួន ៤២នាក់បានសម្រុកចេញពីអគាររបស់លោក លី យ៉ុងផាត់ បានត្រឡប់ទៅដល់ទឹកកំណើតពួកគេវិញ។ ជនជាតិវៀតណាមទាំងនោះក៏បាននិយាយ រៀបរាប់ប្រាប់អាជ្ញាធររបស់ខ្លួនពាក់ព័ន្ធនឹងករណីដែលពួកគេបានជួបប្រទះដូចជារងទារុណកម្ម ឃុំឃាំងក្នុងអគារ និងបង្ខំឱ្យធ្វើការជាអ្នកឆបោកតាមអនឡាញដោយគ្មានប្រាក់ឈ្នួលនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។
ទាក់ទងរឿងនេះទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យលោក ម៉េត មាសភក្តី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២៤ ខែធ្នូ។
អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត លើកឡើងថា ជនបរទេសដែលឃុំឃាំងក្នុងអគារបានរងការរំលោភបំពាន និងរងអយុត្តិធម៌ទ្វេដង ហើយបច្ចុប្បន្នពួកគេក៏កំពុងមានហានិភ័យខ្ពស់ដល់អាយុជីវិតពីការទម្លាក់គ្រាប់ផ្លោងពីសំណាក់យោធាថៃដែលបន្តវាយប្រហារឈ្លានពានកម្ពុជា។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែមានវិធានការម៉ឺងម៉ាត់បិទទីតាំងអគារឆបោកអនឡាញ និងថា ជនបរទេសដែលរងការបង្ខាំងក្នុងអគារគួរតែត្រូវបានដោះលែង និងធានាពីសុវត្ថិភាពដោយអាជ្ញាធរ ក្នុងពេលដែលថៃមិនព្រមទទួលយកបទឈប់បាញ់។
រាជរដ្ឋាភិបាលត្រូវបិទ ឬបញ្ឈប់សកម្មភាពអនឡាញ និងកាស៊ីណូទាំងអស់ហ្នឹង ដើម្បីសុវត្ថិភាពដល់ពួកជនបរទេសទាំងនោះ ហើយត្រូវតែឱ្យពួកគេវិលត្រឡប់ទៅប្រទេសកំណើតពួកគេវិញ ហើយការណ៍ដែលមានការស្នើឱ្យមានការបិទល្បែងអនឡាញនៅក្នុងទីក្រុងនេះវាបញ្ជាក់នូវជំហរមួយបានន័យថា មានឆន្ទៈចូលរួមសហការ ដើម្បីបញ្ចប់ ឬបញ្ឈប់អំពើឆបោកតាមអនឡាញ (Scam Online) ហ្នឹង ហើយដើម្បីបង្អួតប្រាប់អន្តរជាតិឱ្យដឹងថា ប្រទេសយើងអត់មានល្បែងហ្នឹងទេ
យោធាថៃបានប្រកាសថា សង្គ្រាមនៅតាមព្រំដែនជាមួយកម្ពុជា គឺថៃចង់បោសសម្អាត និងកម្ទេចអគារឆបោកតាមអនឡាញនៅតាមខ្សែបន្ទាប់ព្រំដែនដែលបណ្ដាញឧក្រិដ្ឋកម្មបង្កឱ្យមានពលរដ្ឋរបស់ខ្លួនរងគ្រោះក្នុងអំពើឆបោកតាមអនឡាញ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលថា នេះគ្រាន់ជាលេសរបស់ថៃដែលមានមហិច្ឆតាចង់វាយប្រហារឈ្លានពានទឹកដីកម្ពុជាដោយសារថៃបានបាញ់ប្រហារសម្លាប់ប្រជាជនស៊ីវិល រួមទាំងទម្លាក់គ្រាប់បែកបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែរ វត្តអារាម សាលារៀន អគារស្ថាប័នរដ្ឋ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនទីតាំង។
ទោះជាយ៉ាងណាជនបរទេសចម្រុះជាតិសាសន៍ជាច្រើនដែលកំពុងស្នាក់នៅតាមអគារស្ថិតក្នុងក្រុងប៉ោយប៉ែតឯណោះវិញក៏កំពុងរស់នៅដោយភ័យខ្លាចយោធាថៃទម្លាក់គ្រាប់បែកចូលដល់កណ្ដាលទីក្រុង និងកន្លែងអគារពួកគេស្នាក់នៅ។ ជនជាតិចិន និងឥណ្ឌូណេស៊ីខ្លះក៏បានដោតទង់ជាតិរបស់ខ្លួននៅលើអគារ ដើម្បីបញ្ជាក់អំពីទីតាំងជនបរទេស និងជនស៊ីវិលកំពុងស្នាក់នៅក្នុងអគារនោះ៕










