

អ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរ ជួយផ្ដល់ព័ត៌មានដល់គ្រួសារ ក្នុងករណីកងទ័ពឈរជើងនៅជួរមុខ ពុំអាចទាក់ទងមកសាច់ញាតិបានអស់រយៈពេលជាច្រើនថ្ងៃមកហើយក្រោយពីសង្គ្រាមកម្ពុជា-ថៃ បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ ពួកគាត់ថា ការជូនដំណឹងនេះ គឺជារឿងល្អ ដើម្បីកុំឱ្យគ្រួសារ មានការព្រួយបារម្ភខ្លាំងពេក ខណៈដែលកងទ័ពជួរមុខមួយចំនួន ដែលគ្រួសារនៅពុំអាច ទាក់ទងបាននៅឡើយមកទល់ពេលនេះ។
បើទោះបីជាសង្គ្រាម ត្រូវបានផ្អាក ២ថ្ងៃមកហើយក្ដី កងទ័ពខ្មែរខ្លះ នៅតែពុំទាន់អាចទាក់ទងមកគ្រួសារបាននៅឡើយ ករណីនេះបណ្ដាលឱ្យពួកគាត់ព្រួយបារម្ភជាខ្លាំង។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកវិភាគ លោក ប៉ោ មករា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែធ្នូ ថា ក្នុងសង្គ្រាមកម្ពុជា-ថៃនេះ គេសង្កេតឃើញថា ព័ត៌មានមិនពិត និងក្លែងក្លាយជាច្រើនត្រូវបានគេយកមកចែកចាយលើបណ្ដាញសង្គម ខណៈកងទ័ពខ្មែរ ខ្លះ ពុំទាន់បានពលីនៅឡើយ ក៏ត្រូវបានគេយកមកចែកចាយថា បានស្លាប់ហើយ ករណីនេះបានបង្កផលប៉ះពាល់ផ្លូវចិត្តជាខ្លាំងដល់គ្រួសារ។ លោកថា សាច់ញាតិខ្លះ នៅតែពិបាកទាក់ទង ទាហាន ជួរមុខ បើទោះជាសង្គ្រាមកម្ពុជា-ថៃ បានស្ងប់ស្ងាត់ហើយក្ដី ខណៈគ្រួសារខ្លះ បានបង្ហោះស្វែងរក កងទ័ពដែលបាត់ខ្លួន នៅលើបណ្ដាញសង្គម ដោយសង្ឃឹមថា នឹងអាចទទួលបានដំណឹងខ្លះ។
លោកបន្តថា អាជ្ញាធរ ឬអង្គភាពពាក់ព័ន្ធ គួរតែជូនដំណឹងមកកាន់គ្រួសារឱ្យបានដឹងខ្លះ ពីស្ថានភាពនៃការរស់នៅរបស់កងទ័ពទាំងនោះ ដើម្បីកុំឱ្យគ្រួសារមានការព្រួយបារម្ភ ។ លោកថា សង្គ្រាមកម្ពុជា-ថៃនេះ ពុំមែនត្រឹមតែជា សង្គ្រាមឈ្លានពានទឹកដីរបស់យោធាថៃនោះទេ គឺជាសង្គ្រាមចិត្តសាស្ត្រ តាមរយៈផ្សព្វផ្សាយ ព័ត៌មាននានាផងដែរ ដូច្នេះ ត្រូវឱ្យអាជ្ញាធរជូនដំណឹងការពិតដល់សាធារណជន។
លោក ប៉ោ មករា៖ «ឱ្យពួកគាត់ជឿជាក់ថា តើសាច់ញាតិរបស់គាត់ដែលនៅជួរមុខ តើស្ថិតក្នុងស្ថានភាពបែបណា។ ចំណុចនេះយើងត្រូវធ្វើដើម្បីឱ្យផ្លូវចិត្តរបស់ពួកគាត់មានភាពរឹងមាំ និងឱ្យច្បាស់ជាមួយនឹងរដ្ឋាភិបាល។ អ៊ីចឹងខ្ញុំគិតថា ព័ត៌មានច្បាស់ ហើយព័ត៌មានកៀកចិត្តថ្លើមគ្នាទៅវិញទៅមក ជាចំណុចមួយក្នុងការទប់ការឈ្លានពានមួយរបស់ថៃដែរ។ បច្ចុប្បន្ននេះ មិនមែនសង្គ្រាមប្រយុទ្ធប្រឆាំង បាញ់គ្នាបែបបុរាណទេ ប៉ុន្តែវាជាសង្គ្រាមចិត្តសាស្ត្រផង»។
ការលើកឡើងនេះ ក្រោយពីកម្ពុជា និងថៃបានចុះហត្ថលេខា បទឈប់បាញ់រយៈពេល ៧២ម៉ោង ចាប់ពីថ្ងៃទី២៧ ខែធ្នូ ។ ទន្ទឹមគ្នានោះ រយៈពេលពីរថ្ងៃមកនេះ គេនៅពុំទាន់ឃើញក្រសួង និងអាជ្ញាធរកម្ពុជា ប្រកាសជាផ្លូវការនៅឡើយទេថាតើ កងទ័ពកម្ពុជាប៉ុន្មាននាក់បានពលី និងប៉ុន្មាននាក់ ដែលកំពុងតែ រងបួសធ្ងន់ និងស្រាល ដើម្បីឱ្យសាធារណជនបានដឹង ខណៈសាច់ញាតិ ខ្លះព្រួយបារម្ភ ព្រោះពុំអាចទាក់ទងកងទ័ពជាសាច់ញាតិបាននៅឡើយ។
ជាក់ស្ដែង អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ម្នាក់ឈ្មោះ ជីន សុខចម្រើន (Chin Sok Chamroeun) បានបង្ហោះសារនៅលើ គណនីហ្វេសប៊ុក នៅថ្ងៃទី២៩ ខែធ្នូ ដោយអំពាវនាវឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឱ្យជួយរកកងទ័ពជួរមុខ ដែលឈរជើងនៅលើភ្នំអានសេះ ឈ្មោះ ថុង សុផាន់ណូ ដែលបានបាត់ដំណឹង ចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ។ ករណីនេះធ្វើឱ្យគ្រួសារព្រួយបារម្ភជាខ្លាំង។
ចំណែក វីរកងទ័ព ម្នាក់ទៀត ឈ្មោះ យ៉េន ថា ដែលឈរជើងការពារនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយបានបាត់ដំណឹងចំនួន ៥ថ្ងៃមកហើយ ពុំទាន់ឃើញទាក់ទងទៅគ្រួសារនោះឡើយ ខណៈ គ្រួសារកំពុងតែព្រួយបារម្ភពីសុវត្ថិភាព។ រីឯ ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ សុខលី ផល (Sokly pal) ក៏បានបង្ហោះនៅថ្ងៃដដែលនេះថា ក្នុងនាម លោកជាឪពុក និងជាម្ដាយបង្កើត របស់កងទ័ព ឈ្មោះ ភី សុខនី ដែលឈរជើងការពារនៅភ្នំទ្រព្យ សូមសំណូមពរដល់ថ្នាក់ដឹកនាំ ឱ្យជួយស្វែងរកដំណឹង កូនដែលបានបាត់ដំណឹងតាំងពីថ្ងៃទី៧ ខែធ្នូ អំឡុងពេលកម្ពុជា-ថៃ ផ្ទុះសង្គ្រាមលើកទី២មកម្ល៉េះ។
ជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនទៀត បានបញ្ចេញមតិថា កងទ័ពដែលបាត់ខ្លួន ហើយសាច់ញាតិ នៅពុំទាន់អាចទាក់ទងបាននោះ មានច្រើននាក់ទៀត ប៉ុន្តែពួកគាត់មិនហ៊ាននិយាយ។ ពួកគាត់ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយផ្ដល់ដំណឹងមកគ្រួសារ បើទោះជាកងទ័ពទាំងនោះ នៅមានជីវិត ឬពលី ហើយក្ដី គឺត្រូវតែជូនដំណឹងជាជាងបិទបាំងព័ត៌មាន។
ជាមួយនឹងក្ដីព្រួយបារម្ភនេះ គេសង្កេតឃើញថា បណ្ដាញសារព័ត៌មានថៃខ្លះ បានផ្សព្វផ្សាយរូបភាព កងទ័ពខ្មែរដេកស្លាប់នៅតាមទីតាំងដែលពួកយោធាថៃ បានរំលោភយក ក្នុងអំឡុងពេលសង្គ្រាម២១ថ្ងៃមកនេះ។ ពួកគេលើកឡើងថា សាកសពទាហានខ្មែរទាំងនោះ បានដេកស្លាប់ ដោយពុំឃើញ ខាងភាគីកម្ពុជា មកយកនោះឡើយ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេនៅថ្ងៃទី២៩ ខែធ្នូ ដោយហៅទូរស័ព្ទចូល គ្មានអ្នកទទួល។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា កម្ពុជាអាចលាក់បាំងអំពីលេណដ្ឋានកងទ័ព ទីតាំងយោធា និងព័ត៌មានរសើបៗ អំពីកងទ័ព ដើម្បីរក្សាសុវត្ថិភាពបាន ប៉ុន្តែ អាជ្ញាធរ ក៏មិនគួរលាក់បាំងព័ត៌មានអំពីកងទ័ពស្លាប់ ឬរស់ប្រាប់ដល់សាច់ញាតិនោះដែរ ព្រោះថា ការធ្វើសង្គ្រាមតែងតែមានអ្នកស្លាប់ និងរបួសជារឿងធម្មតា។ លោកថា ពេលនេះរឿងដែលសំខាន់បំផុតសម្រាប់ជាតិនោះ គឺរដ្ឋាភិបាលត្រូវការប្រឹងប្រែងតស៊ូ ចរចា ជាមួយថៃ គ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើយ៉ាងណា ប្រកាន់ជំហររឹងមាំ និងច្បាស់លាស់ ក្នុងការទាមទារយកដែនអធិបតេយ្យកម្ពុជាមកវិញ ដោយសន្តិវិធី។
លោក ម៉ែន ណាត៖ «យើងត្រូវដឹងមូលហេតុដែលថៃធ្វើសង្គ្រាមនេះ គឺថាមិនចង់ទៅតុលាការ ឡាអេ ដោះស្រាយបញ្ហាព្រំដែនជាមួយខ្មែរ។ រឿងតែមួយនេះទេ ហើយថៃប្រឆាំងជំទាស់នឹង ផែនទីសន្ធិសញ្ញាបារាំងសៀម អ៊ីចឹងទៅបានថៃ បង្កលេសផ្សេងៗ ។ បង្កជម្លោះបង្កើតសង្គ្រាម ជាមួយយើង។ អ៊ីចឹង យើងភាគីខ្មែរកុំចាញ់កលល្បិចថៃ»។
លោក ម៉ែន ណាត បន្តករណីដែលកម្ពុជាមិនអាចដោះស្រាយដោយសន្តិវិធី ជាមួយនឹងយោធាថៃ កម្ពុជា ក៏ត្រូវតែត្រៀមខ្លួន ក្នុងការប្រយុទ្ធជាលើកទី៣ ដោយភាពឈ្លាសវៃ និងយុទ្ធសាស្ត្រ ច្បាស់លាស់។ ទន្ទឹមគ្នានោះ លោកថា ដើម្បីឱ្យកម្ពុជាអាច ធ្វើសង្គ្រាមជាមួយថៃបានយូរ និងមានប្រៀបលើការចរចាកាន់តែ មានធ្ងន់នោះ គឺ រដ្ឋាភិបាលកម្ពុជា ត្រូវតែបង្រួបបង្រួមជាតិ តាមរយៈការដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ តាមរយៈការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
បន្ថែមពីនោះ លោកថា កម្ពុជាត្រូវមានភាពម៉ឺងម៉ាត់ និងក្លាហានចំពោះមុខសាធារណជន បើខុសថាខុស បើត្រូវថា ត្រូវ ហើយបើមានគ្រួសារណា ពុំអាចទាក់ទងសាច់ញាតិ ដែលជាកងទ័ព ជួរមុខបាន ក្នុងដំណាក់កាលពេលនេះ ត្រូវតែឱ្យអ្នកពាក់ព័ន្ធជួយរក និងជូនដំណឹងមកគ្រួសារភ្លាមៗ ដោយមិនត្រូវបិទបាំងព័ត៌មាននោះទេ។ លោកថា ការបិទបាំងព័ត៌មាន និងការមិនអើពើ ជាមួយនឹងពលរដ្ឋខ្លួន ពុំមែនជាចំណុចល្អ របស់មេដឹកនាំនោះឡើយ ផ្ទុយទៅវិញ ធ្វើឱ្យពលរដ្ឋលែងជឿទុកចិត្តលើរដ្ឋាភិបាល ហើយប្រទេសជាតិ នឹងបន្តបែកបាក់ផ្ទៃក្នុង៕









