

អ្នកនយោបាយបក្សប្រឆាំង និងអ្នកឃ្លាំមើលថា ខ្មែរគ្រប់និន្នាការ ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋ ត្រៀមខ្លួនផ្សះផ្សាគ្នាឲ្យមានការបង្រួបបង្រួមសាមគ្គីជាតិជានិច្ច ប៉ុន្តែ រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ជាអ្នកបិទផ្លូវ និងបន្ដធ្វើបាបខ្មែរ ដូច្នេះរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់ជាតិ និងវិនាសកម្មរបស់ជាតិ។ កាលើកឡើងនេះ ជាការឆ្លើយតបនឹងលោក ហ៊ុន ម៉ាណែត ដែលអំពាវនាវឲ្យមានសាមគ្គីជាតិ តែរដ្ឋាភិបាលលោកនៅបន្តនយោបាយចាប់ខ្មែរដាក់ពន្ធនាគារ។
អ្នកនយោបាយបក្សប្រឆាំង និងអ្នកឃ្លាំមើលអះអាងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែបន្តនយោបាយបោកប្រាស់ ដែលសូត្រទ្រឹស្ដីសាមគ្គីជាតិ តែធ្វើបាបខ្មែរ។
ប្រធានស្ថាប័នរៀបចំដីធ្លី និង ជួយពលរដ្ឋក្រីក្រ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក សៅ រ៉ាស៊ី លើកឡើងថា ប្រជាជាតិខ្មែរធ្លាក់ដុនដាប និងត្រូវបរទេសជិតខាងមិនញញើតឈ្លានពានដូចសព្វថ្ងៃ គឺដោយសារតែរដ្ឋាភិបាលត្រកូលហ៊ុន សូត្រតែទ្រឹស្ដីរួបរួមជាតិដើម្បីបោកប្រាស់កងទ័ព និងប្រជាពលរដ្ឋ ។ ប៉ុន្តែ លោកថា ការពិតរដ្ឋាភិបាលត្រកូលហ៊ុនបំបែកបំបាក់ជាតិ ធ្វើឲ្យពលរដ្ឋក្រីក្រ សេដ្ឋកិច្ចជាតិអន់ថយ និង ធ្វើឲ្យកម្ពុជាគ្មានលទ្ធភាពពង្រឹងកងទ័ពជាតិ ដែលធ្វើឲ្យកម្ពុជាធ្លាក់ចុះខ្សោយ។
លោក សៅ រ៉ាស៊ី រិះគន់លោក ហ៊ុន ម៉ាណែត ថា គ្មានសាមគ្គីជាតិឯណា អាចកើតឡើងបាន ដោយការចាំតែកម្ចាត់ខ្មែរជាតិឯង ដូចរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងធ្វើនោះទេ។ លោកថា ពុំមានប្រទេសជាតិណា អាចពួតដៃគ្នាកសាងជាតិឲ្យរឹងមាំ ដោយការសូត្រទ្រឹស្ដីសាមគ្គីក្លែងក្លាយឡើយគឺទាល់តែអាចអង្គុយនិយាយគ្នាបាន អំពីដំណោះស្រាយបញ្ហាជាតិ ទាំងប្រជាពលរដ្ឋ អ្នកនយោបាយគ្រប់និន្នាការ និងកងទ័ព។
លោក សៅ រ៉ាស៊ី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែធ្នូថា ក្រោយការប្រយុទ្ធបង្ហូរឈាមការពារទឹកដី កងទ័ពត្រូវការជំនួយជាចាំបាច់ និង ជាអចិន្ត្រៃយ៍ ទាំងជីវភាពគ្រួសារ និងការពង្រឹងស្មារតី ហើយរឿងនេះទាមទារឲ្យរដ្ឋាភិបាលបង្ហាញកម្មវិធីនយោបាយជាក់ស្ដែង គឺពុំមែននិយាយលួងលោមចោលលើហ្វេសប៊ុកទេ។ លោកថាបើគ្រាន់តែនិយាយលួងលោមកងទ័ព តែបណ្ដែតបណ្ដោយឲ្យកងទ័ពរស់នៅរខេករខាកចាំតែស្លាប់ និងពិការពេលមានសង្គ្រាម ហើយបំប៉ន តែទាហាននៃបក្ខពួកអ្នកដឹកនាំ គឺជាការប្រមាថកងទ័ពរបស់ប្រទេសជាតិ។
លោកថា ពលរដ្ឋខ្មែរគ្រប់រូប សុទ្ធតែដឹងអំពីវិនាសកម្មនៃការបែកបាក់ជាតិ តែមកដល់ពេលនេះហើយ ហេតុអ្វីលោក ហ៊ុន ម៉ាណែត មិនបើកផ្លូវឲ្យមានការចរចាគ្នា នៃខ្មែរគ្រប់ភាគី ដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិ ? លោកថា លោក ហ៊ុន ម៉ាណែត និយាយពីសាមគ្គីជាតិ ប៉ុន្តែពលរដ្ឋខ្មែរដែល បានធ្វើសកម្មភាពក្នុង បុព្វហេតុការពារទឹកដី ធនធានសម្បត្តិជាតិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម កំពុងជាប់ពន្ធនាគារជិត ១០០នាក់ ក្រោមអំណាចរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន។
លោក សៅ រ៉ាស៊ី ៖ «បើលោក ហ៊ុន ម៉ាណែត មានគំនិតស្រឡាញ់ជាតិពិតប្រាកដ អូខេទី១ ដោះលែងអ្នកទោសនយោបាយសិនមក បង្ហាញឲ្យពិភពលោកឃើញថា ថាលោក ហ៊ុន ម៉ាណែត មានគំនិតដើម្បីរួបរួមជាតិ ដោះលែងអ្នកទោសនយោបាយ លោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី សកម្មជន បរិស្ថានអីដោះលែងមកសិនមក ហើយបានរៀបចំចរចារវាងខ្មែរ បើកចំហឲ្យលោក ប្រធានសម រង្ស៊ី ឲ្យចូលត្រឡប់ទៅវិញ ឲ្យដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ត្រឡប់ទៅវិញ។ អាហ្នឹង បានលោក ហ៊ុន ម៉ាណែត មាន ឆន្ទៈដើម្បីបង្រួបបង្រួមជាតិ ដើម្បីផលប្រយោជន៍ជាតិ»។
ការលើកឡើងនេះ ជាការឆ្លើយតបនឹងសំណេរសាមគ្គីជាតិរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ លោក ហ៊ុន ម៉ាណែត សរសេរនៅលើហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែធ្នូ ថា ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនខ្មែរនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យខ្មែរបំភ្លេចបានមួយវិនាទីណាឡើយថា«បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ លោកបន្ថែមថា ស្របតាមពាក្យចាស់ «ចង្កឹះមួយបាច់ គេកាច់មិនបាក់» ខ្មែរត្រូវយកការលំបាក នៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាង ជាតិឱ្យកាន់តែ រឹងមាំ និង កាន់តែប្រសើរឡើង។
ទោះជាយ៉ាងណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណាប្រាប់ឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គោរពស្មារតីនៃរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបអាចមានការសាមគ្គីបង្រួបបង្រួមជាតិបាន។ លោកថា ចំណុចសំខាន់ ចាប់ផ្ដើមពីការផ្ដល់សេរីភាពប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង បើកលំហសេរីភាពប្រព័ន្ធផ្សព្វផ្សាយសេរី គឺមិនមែនការបន្តកម្ចាត់ខ្មែរដទៃ ដើម្បីតែប្រយោជន៍គ្រួសារបក្ខពួកឡើយ។
លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ពុំមានការផ្សះផ្សាបង្រួបបង្រួមជាតិឯណាទៅផាត់ចោលខ្មែររួមជាតិក្រុមផ្សេង និង ធ្វើទុក្ខបុកម្នេញលើពួកគេ ដោយអំណាចនៃអ្នកដឹកនាំគំនុំ និង អាស្មិមានះ នោះទេ ។ លោកថា រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់ជាតិ និងវិនាសកម្មរបស់ជាតិ មិនអាចប្រកែកបានឡើយ។ លោកថា ខ្មែរគ្របនិន្នាការ ត្រៀមខ្លួនបង្រួបបង្រួមជាតិជានិច្ច ប៉ុន្តែ រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ចេះតែសូត្រទ្រឹស្ដីចោលហើយដើររវាងផ្លូវបង្រួបបង្រួមជាតិ។
លោក ស៊ឹង សែនករុណា៖ «បើស្ថានភាពប្រទេសថ្ងៃក្រោយ ធ្លាក់ក្នុងសភាពអាក្រក់ កាន់តែអាក្រក់ទៅ ប្រជាពលរដ្ឋត្រូវចាំថា អ្នកណាទទួលខុសត្រូវ ដោយសារអ្នកប្រឆាំងក្ដី ក្រុមប្រជាពលរដ្ឋឬក្រុមយុវជនទាំងអស់ គេទទូចឲ្យយើងរួបរួមគ្នា ការពារប្រទេសការពារប្រយោជន៍ជាតិ ការពារប្រយោជន៍ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈហ្នឹងហើយ យើងច្រានចោល។ អ៊ីចឹងត្រូវចង្អុលមុខ ត្រូវចាំថា អ្នកណា ដែលធ្វើឱ្យប្រទេសខ្ទេចខ្ទី អ្នកដែលធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខ ត្រូវដឹងឲ្យច្បាស់ក្នុងកាលៈទេសៈហ្នឹងហើយ»។
អ្នកឃ្លាំមើល លើកឡើងថា ការលើកឡើងអំពី«សាមគ្គីជាតិ» របស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ គឺដើម្បីទប់ស្កាត់ចរន្តរបស់ប្រជាពលរដ្ឋ និង កងទ័ព ដែល ទាមទារឲ្យរដ្ឋាភិបាលបង្ហាញឲ្យច្បាស់ ថាតើក្រោយការប្រយុទ្ធគ្នាបង្ហូរឈាមរបស់ យុទ្ធជនខ្មែរ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពិតជាបានឃុបឃិតជាមួយភាគីថៃកាត់ទឹកដីកម្ពុជាឲ្យថៃ ឬយ៉ាងណា ?
ពួកគាត់ ថា នយោបាយសាមគ្គីជាតិរបស់លោក ហ៊ុន ម៉ាណែត គឺជាទ្រឹស្ដី នយោបាយបំភ័ន្តមិនចេះអៀនខ្មាស បន្ទាប់ពីឪពុករបស់លោក គឺលោក ហ៊ុន សែន ទើបតែនិយាយថា លោកចាប់ដាក់គុកទាំងអស់ នូវអ្នកទាំងឡាយណា ដែលរិះគន់រូបលោក លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលត្រកូលហ៊ុននិងគណបក្សប្រជាជនកម្ពុជា៕









