

ករណីក្រុមទាហានថៃ កំពុងចូលឈូសឆាយ និងរាយបន្លាលួស ដើម្បីគ្រប់គ្រងភូមិឋានរបស់ពលរដ្ឋខ្មែរ និងវត្តអារាមខ្មែរ រួមទាំងប្រាសាទបុរាណជាច្រើនកន្លែងទាំងនៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ជាដើមនោះ មិនត្រូវបានផ្សព្វផ្សាយដោយស្ថាប័នសារព័ត៌មានធំៗនៅក្នុងប្រទេសកម្ពុជានោះទេ ។ អ្នកជំនាញផ្នែកសារព័ត៌មានយល់ឃើញថា សារព័ត៌មានទាំងអស់ គឺមានសិទ្ធិពេញលេញក្នុងការរាយការណ៍ព័ត៌មានពិត ទៅដល់សាធារណជនបានដឹង។
នៅក្នុងសង្គ្រាមរយៈពេល២១មួយថ្ងៃ សារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយ អំពីការឈ្លានពានទឹកដីពីសំណាក់យោធាថៃ។ ប៉ុន្តែក្រោយមានបទឈប់បាញ់ សារព័ត៌មានធំៗនៅកម្ពុជា មិនបានផ្សព្វផ្សាយ អំពីទាហានថៃព័ទ្ធបន្លាលួសយកទឹកដី វត្តអារាម ឈូសឆាយផ្ទះ និងប្រាសាទខ្មែរជាច្រើនទីតាំង នៅតាមបណ្ដោយព្រំដែននោះទេ។
ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានដូចជា ទូរទស្សន៍បាយ័ន (BTV) របស់កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ទូរទស្សន៍ ស៊ី.ធី.អ៊ិន (CTN) របស់ លោក គិត ម៉េង ទូរទស្សន៍ ភី.អ៊ិន.អ៊ិន (PNN) របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា (ទទក) ព្រមទាំងស្ថាប័នសារព័ត៌មានជាច្រើនទៀត។ ផ្ទុយទៅវិញ ស្ថាប័នទាំងនេះ នាំគ្នាផ្សព្វផ្សាយពីសារជូនពរគ្នាទៅវិញទៅមក និងអ្នកកាន់អំណាចចុះចែកអំណោយតែប៉ុណ្ណោះ។
ទូរទស្សន៍អាស៊ីសេរី ពុំទាន់អាចទាក់ទង ម្ចាស់ស្ថានីយទូរទស្សន៍បាយ័ន ទូរទស្សន៍ ស៊ី.ធី.អ៊ិន ទូរទស្សន៍ ភី.អ៊ិន.អ៊ិន និងតំណាងទូរទស្សន៍ជាតិកម្ពុជា ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១ ខែមករា។
ជុំវិញបញ្ហាយោធាថៃ កំពុងគ្រប់គ្រងទឹកដីខ្មែរនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា មិនបានលើកយកបង្ហាញ នៅក្នុងសន្និសីទកាសែត ឲ្យប្រជាពលរដ្ឋបានដឹងនោះទេ។ ដោយលោកអះអាងថា ក្រោយមានបទឈប់បាញ់ ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ធម្មតា។ លើសពីនោះលោកថា រាល់ការរាយបន្លាលួសកំណត់បន្ទាប់ព្រំដែនដោយយោធាថៃ កម្ពុជាមិនទទួលស្គាល់ឡើយ។
លោក ប៉ែន បូណា៖ «គោរពតាមគោលការណ៍អន្តរជាតិ គោរពតាមខ្សែបន្ទាត់ព្រំដែនមិនកែប្រែ គោរពអនុសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅ កម្ពុជាមិនទទួលស្គាល់ នូវការកែប្រែនូវព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១ ខែមករា។
ករណីយោធាថៃ កំពុងឈរជើងគ្រប់គ្រងលើទឹកដីខ្មែរនេះ គេសង្កេតឃើញថា មានតែប្រជាពលរដ្ឋដែលរងគ្រោះផ្ទាល់ និងអ្នកប្រើប្រាស់បណ្តេញសង្គមមួយចំនួន រួមទាំងមន្ត្រីគណបក្សប្រឆាំងប៉ុណ្ណោះ ដែលនាំគ្នាបង្ហោះវីដេអូ និងរូបភាពពីសកម្មភាពរបស់ទាហានថៃ កំពុងឈូសឆាយ និងរាយបន្លាយលួសព័ទ្ធយកទឹកដីខ្មែរជាច្រើនទីតាំង ដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ តំបន់អូរស្មាច់ ប្រាសាទតាមាន់ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ ច្រកអានសេះ និងតំបន់ភ្នំ នៅខេត្តព្រះវិហារ រួមទាំងតំបន់ថ្មដា និងអូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ ជាដើម។
ទាក់ទងនឹងបញ្ហានេះ ព្រះចៅអធិការវត្តជោគជ័យ ស្ថិតនៅឃុំអូរបីជាន់ ព្រះភិក្ខុ ឡុច សុធា ឲ្យដឹងថា ចាប់តាំងពីទាហានថៃព័ទ្ធបន្លាលួសទឹកដី និងវាយកម្ទេចចោលវត្តអារាម ផ្ទះសម្បែង របស់ប្រជាពលរដ្ឋក្រោយបទឈប់បាញ់មក មិនទាន់ឃើញសារព័ត៌មានធំៗនៅក្នុងស្រុកចុះយកព័ត៌មានផ្សព្វផ្សាយអំពីករណីនេះឡើយ។ លើសពីនោះ អាជ្ញាធរក៏បានហាមឃាត់ អ្នកកាសែត និងប្រជាពលរដ្ឋមិនឲ្យចូលទៅតំបន់យោធាថៃព័ទ្ធបន្លាលួសយកឡើយ ដោយលើហេតុផលការពារសុវត្ថិភាពពលរដ្ឋ។
ព្រះភិក្ខុ ឡុច សុធា៖ «ឈឺចាប់វាហួសពីការឈឺចាប់ ពីព្រោះយើងបាត់បង់វត្ត បាត់បង់ផ្ទះសម្បែង ដែលប្រជាពលរដ្ឋធ្លាប់រស់នៅ មានអារម្មណ៍ឈឺចាប់ដូចតែគ្នាម្នាក់ៗ សោកស្ដាយវត្តអារាមខំកសាងជាច្រើនឆ្នាំមក កសាងកុដិ កសាងសាលា បានចាក់ដី មិនងាយឯណា នៅសុខៗគេមកព័ទ្ធយក គេមកដេញយើងចេញ វាឈឺចាប់ កាលៈទេសៈអ៊ីចឹងហើយមិនដឹងដោះស្រាយយ៉ាងណាយើងមាននៅតែស្ងៀម ចាំមើលថ្នាក់ដឹងនាំគាត់ដោះស្រាយ»។
ក្រៅពីនេះ ពលរដ្ឋដែលរងគ្រោះបាត់បង់ដី និងផ្ទះសម្បែងខ្លះទៀត បង្ហាញការឈឺចាប់នៅលើបណ្ដាញសង្គម ខណៈពួកគាត់មិនអាចវិលទៅរស់នៅក្នុងផ្ទះវិញ ដោយសារយោធាថៃ វាយកម្ទេច និងកំពុងគ្រប់គ្រងនោះ បែរជាអាជ្ញាធរខ្មែរ តាមគំរាមកំហែងពួកគាត់មិនឲ្យនិយាយអំពីរឿងនេះឡើយ ក្រោមហេតុផលថា រដ្ឋាភិបាលកំពុងថ្នមស្ថានការណ៍។
ចំណែក ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (Camboja) លោក ណុប វី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១ ខែមករាថា នៅកម្ពុជាមិនមានច្បាប់ហាមឃាត់ ឬចាត់ទុកការរាយការណ៍របស់អ្នកសារព័ត៌មាន ជាបទលើសនោះទេ ហើយគ្រប់សារព័ត៌មានទាំងអស់ គឺមានសិទ្ធិពេញលេញក្នុងការរាយការណ៍ព័ត៌មានពិត ទៅដល់សាធារណជនបានដឹង។
លោក ណុប វី៖ «សេចក្ដីរាយការណ៍ បញ្ហាទាំងអស់នេះសុទ្ធតែអាចធ្វើសេចក្ដីរាយការណ៍បាន ក៏ដូចជានៅក្នុងករណីដែលការរាយការណ៍ ឬក៏សកម្មភាពណាមួយ ដែលមិនមានចែកអំពីបទល្មើសទេ ដូច្នេះអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅធ្វើសេចក្ដីរាយការណ៍ និងថតរូបភាពទាំងអស់នេះ ដើម្បីផ្សព្វផ្សាយជាសាធារណៈបាន»។
លោក ណុប វី លើកឡើងបន្ថែមថា រដ្ឋាភិបាលត្រូវតែបើចំហសិទ្ធិសេរីភាព និងជួយសម្របសម្រួលឲ្យសារព័ត៌មានជាតិ និងអន្តរជាតិចុះទៅតំបន់រងគ្រោះ ដើម្បីឲ្យទីភ្នាក់ងារធំៗទាំងនោះ ជួយផ្សព្វផ្សាយអំពីបញ្ហាប្រឈមរបស់ប្រទេសកម្ពុជា កំពុងជួបប្រទះ៕









