ពលរដ្ឋ​ខេត្ត​កណ្តាល ចេញ​តវ៉ា​រក​យុត្តិធម៌​រឿង​រដ្ឋាភិបាល​ជួល​ដី​ឲ្យ​ឧកញ៉ា ឃុន សៀ

0
101
​ពលរដ្ឋរស់​នៅ​លើ​កោះ​មាស ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​សាលាស្រុក​កៀនស្វាយ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
​ពលរដ្ឋរស់​នៅ​លើ​កោះ​មាស ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​សាលាស្រុក​កៀនស្វាយ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ដែល​រស់​នៅ​លើ​កោះ​មាស ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ខាងមុខ​សាលាស្រុក​កៀនស្វាយ នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា​ ដើម្បី​ទាមទារ​សិទ្ធិ​រស់នៅ​និង​កាន់កាប់​ស្របច្បាប់​។ ការ​ទាមទារ​នេះ គឺ​ដោយសារ​ពួកគាត់ ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដីធ្លី បន្ទាប់ពី​រដ្ឋាភិបាល បាន​ជួល​ដី​តំបន់​កោះ​នេះ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ។

ស្របពេល​រដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន កំពុង​រងគ្រោះ​បាត់បង់​ផ្ទះសម្បែង​និង​ដីធ្លី​ទៅ ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​យោធា​ថៃ​នោះ ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ផ្ទៃ​ក្នុង​ប្រទេស​វិញ ពួកគាត់ កំពុង​រងគ្រោះ​ពី​ការ​ដណ្តើម​យក​ដីធ្លី​ពី​ក្រុម​អ្នក​មាន​អំណាច និង​ក្រុម​អ្នក​ជំនួញ​ធំៗ​ដែរ។

ជាក់ស្តែង ពលរដ្ឋ​ជិត​២០០(១៦០)​គ្រួសារ​រស់នៅ​លើ​កោះ​មាស​ដែល​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ និង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២ មករា បាន​ចេញ​តវ៉ា​ជាថ្មី​នៅ​ខាងមុខ​សាលាស្រុក​គៀនស្វាយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ។ ពលរដ្ឋ​នៅ​កោះ​មាស នាំគ្នា​លើក​រូបថត​លោក​ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ព្រមទាំង​ចាក់​សំឡេង​របស់​លោក ហ៊ុន សែន ដែល​និយាយ​អំពី​បញ្ហា​ដីធ្លី កន្លងមក​ដែរ។ ក្រៅ​ពី​នេះ អ្នក​តវ៉ា នាំគ្នា​លើក​បដា​ដែល​សរសេរ​ថា ពួកគាត់ ស្នើសុំ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី និង​បដិសេធ​ទទួល​យក​គោលនយោបាយ​ដោះស្រាយ​ជា​លុយ​ក្នុង​តម្លៃ​ពី​៥​ទៅ​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​កោះ​មាស លោក ឈឹម រី បាន​កាន់​ក្បាល​មេក្រូ​ស្រែក​ស្នើសុំ ឲ្យ​អ្នក​មាន​អំណាច និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​កំពុង​ធ្លាក់ខ្លួន​ក្រីក្រ។ លោក រៀបរាប់​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ​រកតែ​អាហារ​បី​ពេល ស្ទើរតែ​មិន​បាន​គ្រប់គ្រាន់​ផង ដូច្នេះ​រដ្ឋ​មិន​គួរ​ដណ្តើម​ដី​ពី​អ្នកក្រ​ទៅ​ចែក​ឲ្យ​អ្នកមាន​នោះ​ទេ។

ពលរដ្ឋ៖ «រឹបអូស​ដី​ពី​ប្រជាជន​ក្រីក្រ​យក​ឲ្យ​អ្នកមាន។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្តេច អស់លោក​ដែល​មាន​តួនាទី​បម្រើ​ប្រជាពលរដ្ឋ សូម​រក​យុត្តិធម៌​ឲ្យ​ប្រជាជន​យើង​ខ្ញុំ​ផង»។

ពលរដ្ឋ​រស់នៅ​កោះ​មាស​ម្នាក់ទៀត គឺ​លោក ជុំ សំអឿន និយាយ​ថា ការ​យក​ដីធ្លី​ពី ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ​ទៅ​ឲ្យ​ឧកញ៉ា​ម្នាក់ គឺជា​រឿង​អយុត្តិធម៌​បំផុត។ លោក​ថា អ្នកក្រ​មានតែ​ដី​បន្តិច​បន្តូច​ប៉ុណ្ណោះ​សម្រាប់​រស់ ហើយ​បើ​យក​ដី​ពី​អ្នកក្រ​ទៀត គឺ​មាន​ន័យថា អ្នកក្រ​នឹង​អស់​ជីវិត។ លោក ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី ដើម្បី​ឲ្យ​ពួកគាត់​អាស្រ័យ​ផល និង​មានលទ្ធភាព​ប្រើប្រាស់​ទៅតាម​សេចក្តី​ត្រូវ​ការ​ផ្ទាល់ខ្លួន​ផ្សេងៗ។

លោក ជុំ សំអឿន៖ «អស់លោក​យក​ដី​ស្រែ​ចំការ​របស់ខ្ញុំ​ទៅ មានន័យថា អស់លោក​សម្លាប់​ខ្ញុំ​ហើយ​។ ដូច្នេះ​ខ្ញុំ​អត់​ស្លាប់​ទេ បើ​ខ្ញុំ​ចេញទៅ​ស្លាប់ ខ្ញុំ​អត់​ចេញ​ទេ»។

ក្រោយ​ការ​តវ៉ា អាជ្ញាធរ​ស្រុក​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ជួប​ក្នុង​សាល​ប្រជុំ​ក្នុង សាលាស្រុក​កៀនស្វាយ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​អ្វី​នោះ​ទេ។

ការ​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ជា​បន្តបន្ទាប់​របស់​ពលរដ្ឋ​កោះ​មាស​នេះ បាន​កើត​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ បាន​ចេញ​ស​.​ជ​.​ណ ជួល​ដី​លើ​កោះ​មាស​ក្នុង​ទំហំ​ប្រមាណ​៣៥០ ហិកតារ រយៈពេល ៥០​ឆ្នាំ​ឱ្យ​ក្រុមហ៊ុន​ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់​ឧកញ៉ា ឃុន សៀ ហើយ​អាច​ជួល​បន្ត​ជាថ្មី​សម្រាប់​ការ​វិនិយោគ​លើ​កោះ​នោះ​។ រដ្ឋាភិបាល ណែនាំ​ឲ្យ​ក្រុមហ៊ុន ឃុន សៀ «​ត្រូវ​ដោះស្រាយ​គោលនយោបាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​លើ​ទីតាំង​កោះ​មាស ក្នុង​តម្លៃ​ចន្លោះ​ពី ៥ ទៅ ៨​ដុល្លារ ក្នុង​មួយ​ម៉ែត្រក្រឡា»។

ជុំវិញ​រឿង​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​តវ៉ា​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នេះ ព្រោះ​ពួកគាត់ មើល​ឃើញ​ថា ដីធ្លី​របស់​ពួកគាត់ មិន​មាន​សុវត្ថិភាព ហើយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ក៏​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ជូន​ពួកគាត់​ដែរ។

លោក យិន ម៉េងលី៖ «រដ្ឋាភិបាល​គប្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​មាន​សុវត្ថិភាព​ដីធ្លី ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ទំនុកចិត្ត​ថែមទៀត​ទៅលើ​រដ្ឋាភិបាល និង​មាន​ទំនុកចិត្ត​ទៅលើ​ការអភិវឌ្ឍន៍»។

ក្រុមហ៊ុន​របស់​ឧកញ៉ា​ឃុន សៀ រង​ការ​ចោទ​ថា មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​ជាច្រើន​ឆ្នាំ​មក​ហើយ​រឿង​ធ្វើ​ទុក្ខបុកម្នេញ​និង​ប្រើ​ហិង្សា ដើម្បី​បណ្ដេញ​ពលរដ្ឋ​យក​ដី​នៅ​តាម​ខេត្ត​និង​រាជធានី​ភ្នំពេញ​។​ក្រៅ​ពី​នេះ ក្រុមហ៊ុន​របស់​ឧកញ៉ា​ឃុន សៀ ក៏បាន​បូម​ខ្សាច់​ចាក់​លុប​ទន្លេមេគង្គ​នៅ​តំបន់​អរិយ​ក្សត្រ ជិត​១​រយ​ហិកតារ ដោយ​មិន​ខ្វល់ អំពី​ច្បាប់​ដែរ​។​ទោះ​យ៉ាង​ណា អ្នក​ឃ្លាំមើល យល់ថា ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ នៅតែ​អាច​បន្ត​ជំនួញ​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នេះ​ទៅ​បាន ព្រោះ​ឧកញ៉ា​រូប​នេះ តែង​ផ្តល់​លុយ​ជួយ​ដល់​បក្ស​កាន់អំណាច​និង​រដ្ឋាភិបាល​នៅពេល​លោក ហ៊ុន សែន ប្រកាស​រៃអង្គាស​ម្តងៗ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ