

កម្ពុជាស្នើភាគីថៃជាលើកទី២ ដើម្បីប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ហៅកាត់ចេប៊ីស៊ី (JBC) លើបញ្ហាដីខ្មែរដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។
លិខិតរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះផ្សាយដោយអះអាងថា កម្ពុជាតាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានស្នើជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់JBC នៅសប្តាហ៍ទី២ ឬសបា្តហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ សំណើសាជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានបដិសេធចូលប្រជុំជាមួយកម្ពុជា ក្រោមហេតុផលថា ទុកការងារនេះសម្រាប់រដ្ឋាភិបាលថ្មីរបស់គេ ក្រោយការបោះឆ្នោត នៅខែកុម្ភៈ ២០២៦។
ការបដិសេធរបស់ភាគីថៃ ត្រូវបានគេមើលឃើញថា ជាលេសអូសបន្លាយពេល ដើម្បីឱ្យយោធារបស់ខ្លួនឈូសឆាយផ្ទះសម្បែង និងព័ទ្ធយកទឹកដីខ្មែរ ដែលពួកគេទើបឈ្លានពានបានដោយខុសច្បាប់។
ទោះយ៉ាងណា ភាគីកម្ពុជាបញ្ជាក់ជំហរថា កម្ពុជាមិនទទួលស្គាល់ការកំណត់ខ្សែព្រំដែនថ្មីដែលថៃបានឈ្លានពានយ៉ាងកម្រោល និងអមនុស្សធម៌នេះទេ។
បច្ចុប្បន្នយោធាថៃបានកាន់កាប់ទឹកដីកម្ពុជា ១៤ទីតាំង ក្នុងខេត្តចំនួន ៤ មានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ តំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស៕









